Register Already an agent ? Login

មជ្ឈមណ្ឌលជាតិព្យាបាលនិងស្តារនីតិសម្បទា នៅខេត្តព្រះសីហនុលើផ្ទៃដី ២០ហិកតា សម្ពោធជាផ្លូវការ

ព្រះសីហនុ៖ មជ្ឈមណ្ឌលជាតិព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ដែលសាងសង់នៅលើផ្ទៃដីទំហំ ២០ហិកតា ចំណាយទឹកប្រាក់ជាង ៧លានដុល្លារ​ ស្ថិតនៅភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការក្រោមអធិបតីភាព លោក កែ គឹមយ៉ាន ឧបនាយករដ្ឋមន្រ្តី និងប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២។

 មជ្ឈមណ្ឌលនេះ សាងសង់ដោយប្រើប្រាស់ថវិកាជាតិ និងថវិកាមូលនិធិជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថវិកាជំនួយពីសប្បុរសជន ថវិកាមូលនិធិសម្តេចក្រឡាហោម ជាពិសេសថវិកាជំនួយពីរាជរដ្ឋាភិបាលថៃ និងរដ្ឋាភិបាលវៀតណាម។ ការសាងសង់កាលពីឆ្នាំ២០១៧។

នៅក្នុងមជ្ឈមណ្ឌលនេះ មានអាគារសរុបចំនួន ២១អគារ មានហេដ្ឋារចនាសម្ព័ន្ធ ផ្លូវកៅស៊ូចំនួន ៨ខ្សែ ចំណតរថយន្ត ដាក់បង្គោលការពាររន្ទះ ធ្វើរបង រៀបចំប្រព័ន្ធលូ ប្រព័ន្ធទឹកកង្វក់ ការរៀបចំប្រព័ន្ធភ្លើងបំភ្លឺតាមដងផ្លូវ តារាងបាល់បោះ បាល់ទាត់ និងតារាងបាល់ទាត់។

លោក កែ គឹមយ៉ាន បានថ្លែងថា សូមឱ្យបងប្អូនដែលរងគ្រោះដោយសារគ្រឿងញៀនទាំងអស់ត្រូវខិតខំអភិវឌ្ឍន៍ខ្លួនធ្វើយ៉ាងណាឱ្យសារធាតុញៀនបានឆាប់សាបពីខ្លួន ដើម្បីកែខ្លួនឱ្យទៅជាពលរដ្ឋល្អគ្រួសារល្អ កូនល្អនៅក្នុងសង្គម។

លោក បានបន្តថា នៅក្នុងមជ្ឈមណ្ឌលបន្សាបគ្រឿងញៀន ដែលដាក់សម្ពោធនៅថ្ងៃនេះ ក៏មានមុខជំនាញជាច្រើនដើម្បីឱ្យប្អូនទាំងអស់ចាប់យកចំណេះជំនាញ នៅពេលដែលចេញពីមជ្ឈមណ្ឌលកែប្រែ ប្អូនៗដែលមានចំណេះជំនាញមានឱកាសស្វែងរកការងារ ជៀសផុតពីការជួបជុំមិត្តភក្កិចាស់ឈានទៅរកការជក់គ្រឿងញៀនបន្តទៀត៕

ដោយ៖ មឿន ឌីណា (Moeun Dyna)