Register Already an agent ? Login

សម្ដេចតេជោ៖ គម្រោងធ្វើស្ពានមិត្តភាពកម្ពុជា-កូរ៉េ ចេញពីផ្សាររាត្រី ទៅកាន់អរិយក្សត្រ ដោយប្រើដែកខ្សែកាបខ្ពស់ឥតសរសេរ

ភ្នំពេញ៖ គម្រោងសាងសង់ស្ពានកម្ពុជា-កូរ៉េ ចេញពីតំបន់ផ្សាររាត្រី ត្រង់សួនច្បារផ្សារចាស់ ឆ្លងកាត់ទន្លេសាប ក្នុងខណ្ឌដូនពេញ ឆ្ពោះទៅកាន់តំបន់ជ្រោយចង្វារ រួចទើបភ្ជាប់ពីតំបន់ជ្រោយចង្វារ ទៅកាន់តំបន់អរិយក្សត្រ ដែលត្រូវមានស្ពានចំនួនពីរ។ បើតាមការថ្លែងឱ្យដឹងពី សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋាមន្រ្តីនៃកម្ពុជា បានបញ្ជាក់ថា យើងធ្វើស្ពាននេះ ដោយប្រើដែកខ្សែកាបខ្ពស់ឥតសរសេរ ដើម្បីសម្រួលចរាចរណ៍តាមផ្លូវទឹក។

នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវជាតិលេខ២១ ប្រវែងជិត ៦៤គីឡូម៉ែត្រ តភ្ជាប់ពីរង្វង់មូលក្រុងតាខ្មៅ រហូតដល់ច្រកទ្វារអន្តរជាតិកម្ពុជា-វៀតណាម (ជ្រៃធំ-ឡុងប៊ិញ) ក្នុងខេត្តកណ្តាល នាព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ ប្រមុខរាជរដ្ឋាភិបាល បានថ្លែងបន្តថា គម្រោងនៃការសាងសង់ស្ពានមិត្តភាពនេះមានពីរជម្រើស។

សម្ដេចតេជោ បានបន្តទៀតថា ជម្រើសទី១ សាងសង់ចាប់ពីជ្រោយចង្វារ ឆ្លងកាត់ទន្លេរមេគង្គ ទៅកាន់ស្វាយជ្រុំ បើយកជម្រើសនេះ គឺបង្កើតឱ្យមានការកកស្ទះចរាចរណ៍នៅជ្រោយចង្វារ។ ជម្រើសទី២ សាងសង់ចាប់ពីផ្សាររាត្រី សួនច្បារផ្សារចាស់ ឆ្លងកាត់ទន្លេសាប ភ្ជាប់ទៅជ្រោយចង្វារ ទើបបន្តពីជ្រោយចង្វារទៅកាន់ស្វាយជ្រុំ ដែលមានស្ពានចំនួនពីរ។

សម្ដេចតេជោ បានជ្រើសយកជម្រើសទី២ អាចជួយដោះស្រាយបញ្ហាកកស្ទះចរាចរណ៍នៅស្ពានជ្រោយចង្វារបានផងដែរ។

សម្ដេចតេជោ នាយករដ្ឋមន្រ្តី បានថ្លែងបបញ្ជាក់ថា «ស្ពានមិត្តភាពកម្ពុជា-កូរ៉េនេះ នឹងក្លាយជាស្ពានទំនើបដោយប្រើខ្សែកាប ដើម្បីសម្រួលដល់នាវាចរតាមទន្លេទាំង២ គឺទន្លេសាប និងទន្លេមេគង្គ ហើយនៅពេលស្ពាននេះសាងសង់រួច នឹងអាចទាក់ទាញបានទេសចរណ៍ទាំងក្នុងស្រុក និងបរទេស»។

នៅក្នុងពិធីខាងលើ សម្ដេចតេជោ បានថ្លែងបន្តទៀតថា ខ្ញុំបានប្រាប់ប្រធានាធិបតី ម៉ូនជេអ៊ីន បើស្ពានប្រភេទនេះ កើនឡើងនៅទឹកដីកម្ពុជា វានឹងកា្លយជារបស់មួយ ដែលទាក់ទាញទេសចរណ៍ទាំងក្នុងស្រុក និងក្រៅស្រុក ព្រោះជាស្ពានទំនើប ដោយឆ្លងទន្លេឥតសរសេរ។ សម្ដេច បានបន្ថែម នេះហើយជាផលប្រយោជន៍ នៃការដាក់ចំណងទាក់ទងការទូតរបស់កម្ពុជា និងសាធារណរដ្ឋកូរ៉េ ហើយរូបខ្ញុំត្រូវតែពុះពារធ្វើឱ្យខាងតែបាន។

សម្តេចតេជោ បានថ្លែងបន្ថែមទៀតថា កន្លងមកខ្ញុំបានពិភាក្សាជាមួយអតីតនាយករដ្ឋមន្ត្រីកូរ៉េខាងត្បូងរួចរាល់ហើយ ក្នុងកំឡុងពេលទស្សនកិច្ចរបស់ខ្ញុំ សូមឱ្យគាំទ្រនូវគម្រោងដែលខ្ញុំបានសម្រេច។ សម្ដេច បានបន្ថែមទៀតថា អតីតនាយករដ្ឋមន្ត្រីកូរ៉េខាងត្បូងបានសម្រេច សន្យាថានឹងពិនិត្យគាំទ្រនូវគម្រោងនោះ។ ខ្ញុំសង្ឃឹមថា នាយករដ្ឋមន្ត្រីថ្មីនឹងបន្តការគាំទ្រចំពោះគម្រោងនេះ។

សម្តេចបញ្ជាក់ថា សំណង់ស្ពាននេះប្រើប្រាស់ដែកខ្សែកាបខ្ពស់ ឥតមានសសរទេ ដោយសារស្ពានផ្នែកខាងទន្លេសាបអាចមានការប្រើប្រាស់សម្រាប់ពិធីបុណ្យអុំទូក។ ចំណែកស្ពានម្ខាងទៀតនៃទន្លេមេគង្គ ក៏ត្រូវការចរាចរណ៍ផ្លូវទឹកផងដែរ។ សម្តេចតេ ជោបន្ថែមថា ស្ពានខ្សែកាបនេះមិនត្រឹមតែសម្រាប់ចរាចរណ៍ប៉ុណ្ណោះទេ តែក៏អាចទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិមកទស្សនាកម្សាន្តបានផងដែរ។ នេះជាផលប្រយោជន៍បានពីទំនាក់ទំនងការទូតល្អរវាងប្រទេសកម្ពុជានិងប្រទេសកូរ៉េខាងត្បូង ហើយសម្តេចមានមោទនភាពក្នុងនាមជាស្ថាបនិកនៃការបង្កើតទំនាក់ទំនងការទូតឡើងវិញរវាងកម្ពុជានិងសាធារណរដ្ឋកូរ៉េ។

លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ធ្លាប់បានឱ្យដឹងថា ស្ពានមិត្តភាពកម្ពុជា-កូរ៉េខាងត្បូង គ្រោងនឹងចាប់ផ្តើមសាងសង់នៅឆ្នាំ២០២៣ខាងមុខនេះ។

សូមបញ្ជាក់ថា បន្ទាប់ពីមានការវិភាគលំអិត និងសិក្សាលើកត្តាចម្បងសំខាន់ៗ លើការសាងសង់ស្ពាននៅទីតាំងខាងលើ រួមមាន៖ ស្ថានភាពចរាចរណ៍ប្រចាំថ្ងៃ ភូមិសាស្រ្តអំណោយផលគ្រប់ជ្រុងជ្រោយ ទាំងទិដ្ឋភាពបច្ចេកទេស-ហិរញ្ញវត្ថុ និងផលប៉ះពាល់សង្គម និងសេដ្ឋកិច្ច បរិស្ថាន ព្រមទាំងការគិតគូរផងដែរ នូវការទាក់ទាញវិស័យទេសចរណ៍ ជាពិសេសកត្តាសោភ័ណភាព និងការលើកនូវសម្រស់រាជធានីភ្នំពេញ។

ក្រុមហ៊ុនកុងសុលតង់ បានផ្តល់នូវអនុសាសន៍ជារួមថា ការសាងសង់មិត្តភាពកម្ពុជា-កូរ៉េខាងត្បូង ពីចំណុចផ្សាររាត្រី ភ្ជាប់អរិយក្សត្រ គឺជាជម្រើសសមស្រប និងល្អជាងជម្រើសផ្សេង៕

ដោយ៖ មឿន ឌីណា (Moeun Dyna)