កណ្ដាល៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវជាតិលេខ២១ ប្រវែងជិត ៦៤គីឡូម៉ែត្រ តភ្ជាប់ពីរង្វង់មូលក្រុងតាខ្មៅ រហូតដល់ច្រកទ្វារអន្តរជាតិកម្ពុជា-វៀតណាម (ជ្រៃធំ-ឡុងប៊ិញ) ក្នុងខេត្តកណ្តាល នាព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២។
នៅក្នុងពិធីខាងលើ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងឱ្យដឹងថា ផ្លូវជាតិលេខ២១ សាងសង់ដោយក្រុមហ៊ុនហានស្សីន វិស្វកម្ម និងសំណង់ (HANSHIN Engineering & Construction Co., Ltd) និងត្រួតពិនិត្យលក្ខណៈបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសដាសាន់ (DASAN Consultants Co., Ltd)។
លោក រដ្ឋមន្រ្តីបានថ្លែងបន្តថា ផ្លូវនេះ បានចំណាយថវិកាសាងសង់សរុបជិត ៦១លានដុល្លារ ដែលជាឥណទានសម្បទានពីរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ រួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់ ការបោសសម្អាតគ្រាប់មីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងពន្ធអាករផ្សេងៗ។
លោក Park Heung-kyeong អគ្គរដ្ឋទូតកូរ៉េប្រចាំនៅកម្ពុជា បានថ្លែងអបអសាទរចំពោះ សមិទ្ធផលផ្លូវជាតិលេខ២១ ដែលកើតចេញពីចំណងមិត្តភាព កម្ពុជា-កូរ៉េ។ លោក បានលើកឡើងថា តាមរយៈផ្លូវនេះបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយសម្រួលការដឹកជញ្ជូនគ្រប់ប្រភេទ ជាពិសេសការដឹកទំនិញ និងកសិផលសម្រាប់ការដោះដូរពាណិជ្ជកម្មរ ព្រមទាំងបានជំរុញ និងប្រែក្លាយតំបន់នៅតាមព្រំដែន ឱ្យក្លាយជាតំបន់អភិវឌ្ឍន៍ និងរីកចម្រើន។
សម្ដេច ប្រមុខរាជរដ្ឋាភិបាល បានថ្លែងរម្លឹកថា «ខ្ញុំនៅចងចាំពីស្ថានភាពដ៏លំបាកនៃផ្លូវជាតិលេខ២១ កាលពីអតីតកាល ហើយក្រៅតែកង្វល់ពីស្ថានភាពលំបាកនៃផ្លូវជាតិលេខ២១ កង្វល់ពីការបាក់ច្រាំងនៅតាមបណ្តោយនេះផងដែរ។ តែឥឡូវនេះ បានដោះស្រាយក្តីកង្វល់នេះអស់ហើយ តាមរយៈការសាងសង់ថ្មី និងធ្វើឱ្យប្រសើរឡើងនូវផ្លូវជាតិលេខ២១នេះ»។
សម្តេចតេជោ នាយករដ្ឋមន្ត្រី បានថ្លែងថា ផ្លូវជាតិលេខ២១នេះ គ្រោងសម្ពោធតាំងពីអំឡុងខែមីនាឆ្នាំ២០២១មកម្លេះ ក៏ប៉ុន្តែដោយសារការរាតត្បាតជំងឺកូវីដ-១៩ ទើបត្រូវពន្យាររហូតមកដល់ពេលនេះទើបសម្ពោធ។ សម្តេចតេជោ បានបញ្ជាក់៖«ថា ផ្លូវជាតិលេខ២១ នេះជាផ្លូវដែលបានបម្រើយ៉ាងសំខាន់សម្រាប់ការទំនាក់ទំនង និងការដោះដូរទំនិញរវាងកម្ពុជា និងវៀតណាម»។
នាឱកាសនោះ សម្តេចតេជោ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រដ្ឋាភិបាល និងប្រជាពលរដ្ឋកូរ៉េ សម្រាប់ការផ្តល់ប្រាក់កម្ចី ក្នុងការសាងសង់ផ្លូវជាតិលេខ២១នេះ។ សមិទ្ធផលដែលកម្ពុជាទទួលបាននាពេលនេះ ជាលទ្ធផលនៃកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងកម្ពុជានិងកូរ៉េខាងត្បូង។
គូសបញ្ជាក់ថា ផ្លូវជាតិលេខ២១ ជាខ្សែផ្លូវយុទ្ធសាស្រ្តតភ្ជាប់រាជធានីភ្នំពេញ ជាមួយបណ្តាញផ្លូវគមនាគមន៍មួយចំនួនដូចជា៖ ផ្លូវជាតិលេខ២ (ត្រង់រង្វង់មូលក្រុងតាខ្មៅ) ផ្លូវក្រវាត់ក្រុងទី២ ផ្លូវក្រវាត់ក្រុងទី៣ ផ្លូវជាតិលេខ២១A និងផ្លូវជាតិលេខ ២១B ដោយឆ្លងកាត់ក្រុង-ស្រុកចំនួន៣ រួមមានក្រុងតាខ្មៅ ស្រុកស្អាង និងស្រុកកោះធំ ឆ្ពោះទៅច្រកព្រំដែនកម្ពុជា-វៀតណាម (ជ្រៃធំ-ឡុងប៊ិញ)។
ខ្សែផ្លូវទាំងនេះ បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយសម្រួលការដឹកជញ្ជូនគ្រប់ប្រភេទ ជាពិសេសទំនិញ និងកសិផលសម្រាប់ការដោះដូរពាណិជ្ជកម្មរវាងកម្ពុជា-វៀតណាម ព្រមទាំងបានជំរុញ និងប្រែក្លាយតំបន់នៅតាមព្រំដែន ឱ្យក្លាយជាតំបន់អភិវឌ្ឍន៍ និងរីកចម្រើន។
សូមរម្លឹកថា កំណាត់ផ្លូវជាតិលេខ២១ បានបើកការដ្ឋានសាងសង់ជួសជុលនិងពង្រីក កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៦ និងបញ្ចប់ការសាងសង់នៅខែតុលា ឆ្នាំ២០១៧ ក្រោមកម្ចីឥណទានប្រមាណ ៦០លានដុល្លារ ពីរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ និងថវិការបស់រាជរដ្ឋាភិបាលកម្ពុជា៕
ដោយ៖ មឿន ឌីណា (Moeun Dyna)