ភ្នំពេញ៖ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងកូរ៉េខាងត្បូង រយៈពេល ២ខែដើមឆ្នាំ២០២២២ សម្រេចបាន ១៩៥លានដុល្លារ កើនជាង ២២ភាគរយ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។ បើតាមទិន្នន័យសមាគមពាណិជ្ជកម្មអន្តរជាតិ បានបញ្ជាក់ថា ការនាំចូលពីកូរ៉េបានកើនឡើងជិត ៤០ភាគរយ។
ចាប់ពីខែមករា ដល់ខែកុម្ភៈ ឆ្នាំ២០២២ ការនាំចេញនាំចូលទំនិញរវាងកម្ពុជា-កូរ៉េ មានទឹកប្រាក់សរុប ១៩៥.១២លានដុល្លារ កើនចំនួន ១៥៨.៩៤លានដុល្លារ រយៈពេលដូចគ្នាក្នុងឆ្នាំ ២០២១ ឬស្មើនឹងកំណើន ២២.៧៦ភាគរយ។ ក្នុងនោះការនាំទំនិញពីប្រទេសកូរ៉េ មកកម្ពុជាមានទឹកប្រាក់ ១៣០.៥៧លានដុល្លារ កើន ៣៩.១ភាគរយ ពីចំនួន ៩៣.៩០លានដុល្លារ និងការនាំទំនិញពីកម្ពុជាទៅទីផ្សារកូរ៉េ មានទឹកប្រាក់ ៦៤.៥៥លានដុល្លារ ធ្លាក់ចុះ -០.៨ភាគរយ ពីចំនួន ៦៥.០៥លានដុល្លារ។ បើតាមទិន្នន័យរបស់សមាគមពាណិជ្ជកម្មអន្តរជាតិ។
ប្រទេសកម្ពុជានិងកូរ៉េ ក្រៅពីមានកិច្ចសហប្រតិបត្តិការល្អផ្នែកនយោបាយនិងពាណិជ្ជកម្ម កម្ពុជាក៏មានពលករខ្លួនជាច្រើននាក់កំពុងបម្រើការនៅប្រទេសកូរ៉េផងដែរ។ ទំនាក់ទំនងទាំងនេះបានធ្វើឱ្យកំណើននៃការផ្លាស់ប្តូរទំនិញរវាងប្រទេសទាំងពីរកើនឡើងជាលំដាប់ ពិសេសចាប់ពីឆ្នាំ២០២២។ បើតាមការលើកឡើងរបស់ លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា។
លោក លឹម ហេង បានលើកឡើងបន្តថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី មានន័យការចរាចរទំនិញរវាងប្រទេសជាដៃគូនឹងមានភាពងាយស្រួលជាងមុន ហើយក៏អាចមានលក្ខខណ្ឌនៃការលើកលែងពន្ធមួយចំនួនដែរ ដូច្នេះកម្ពុជាដែលជាប្រទេសមានកម្លាំងពលកម្មសម្បូរបែប នឹងអាចទទួលបានអត្ថប្រយោជន៍ច្រើនពីកិច្ចព្រមព្រៀងនេះ។
ទំនិញសំខាន់ៗ ដែលកម្ពុជានាំទៅទីផ្សារកូរ៉េមានដូចជា សម្លៀកបំពាក់ ស្បែកជើង ផលិតផលធ្វើដំណើរ ភេសជ្ជៈ គ្រឿងបន្លាស់អេឡិចត្រូនិក កៅស៊ូ ថ្នាំពេទ្យ និងផលិតផលកសិកម្ម។ ចំណែកផលិតផលដែលកម្ពុជានាំចូលមកវិញរួមមាន យានយន្ត គ្រឿងអេឡិចត្រូនិក សម្ភារផ្ទះបាយ ភេសជ្ជៈ ថ្នាំពេទ្យ និងផលិតផលប្លាស្ទិក ជាដើម។ បើតាមការលើកឡើងរបស់បន្ថែមរបស់ អនុនប្រធានពាណិជ្ជកម្មកម្ពុជាដដែល។
ការផ្លាស់ប្តូរពាណិជ្ជកម្ម កម្ពុជា-កូរ៉េ បានបន្តកើនឡើងជាលំដាប់បើទោះបីស្ថានភាពសេដ្ឋកិច្ចពិភពលោកនៅមិនទាន់មានភាពល្អប្រសើរដូចមុនពេលមានវិបត្តិជំងឺកូវីដ-១៩ និងវិស័យដឹកជញ្ជូននៅមានបញ្ហាប្រឈមមួយចំនួនក៏ដោយ។ សម្រាប់រយៈពេលទៅមុខ ទំហំទឹកប្រាក់នៃការផ្លាស់ប្តូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរនឹងមានកម្រិតខ្ពស់បន្ថែមទៀត។ បើតាមការលើកឡើងរបស់ លោក ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា
លោក ហុង វណ្ណៈ បានលើកឡើងបន្តថា ក្រៅពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ដែលប្រទេសកម្ពុជានិងកូរ៉េ ជាសមាជិកបានចូលជាធរមានកាលពីដើមឆ្នាំ២០២២ កម្ពុជា-កូរ៉េ ក៏មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីជាមួយគ្នាដែលរំពឹងចូលជាធរមានក្នុងឆ្នាំ២០២២ នេះផងដែរ។
សូមរម្លឹកថា នៅក្នុងឆ្នាំ២០២១ ការផ្លាស់ប្តូរពាណិជ្ជកម្មរវាងភាគីទាំងពី កម្ពុជា-កូរ៉េ មានទឹកប្រាក់សរុប ៩៥៦.១៣លានដុល្លារ កើនឡើង ៨ភាគរយ បើធៀបនឹងឆ្នាំ២០២០ ដែលមាន ៨៨៥.៣២លានដុល្លារ៕
ប្រភព៖ ភ្នំពេញប៉ុស្តិ៍
ដោយ៖ មឿន ឌីណា (Moeun Dyna)