Register Already an agent ? Login

សម្ដេចតេជោ នឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្ឡុវការផ្លូវជាតិលេខ២១ ប្រវែងសរុបជាង ៦៣គ.ម នៅថ្ងៃទី២៣ ខែមីនានេះ

កណ្ដាល៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ​ផ្លូវជាតិលេខ២១ ក្រុងតាខ្មៅដល់ជ្រៃធំ (ព្រំដែន កម្ពុជា-វៀតណាម) នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២។ បើតាមការជូនដំណឹងរបស់ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្ដាល។

កំណាត់ផ្លូវជាតិលេខ២១ បានបើកការដ្ឋានសាងសង់ជួសជុលនិងពង្រីក កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៦ និងបញ្ចប់ការសាងសង់នៅខែតុលា ឆ្នាំ២០១៧ ក្រោមកម្ចីឥណទានប្រមាណ ៦០លានដុល្លារ ពីរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ និងថវិការបស់រាជរដ្ឋាភិបាលកម្ពុជា។

ក្រៅពីកសាង និងជួសជុលកំណាត់ផ្លូវជាតិលេខ២១នេះ រាជរដ្ឋាភិបាលកម្ពុជា ក៏បានសាងសង់ស្ពានជ្រៃធំប្រវែង ៤២៧ម៉ែត្រ ក្នុងស្រុកកោះធំ ខេត្តកណ្តាល ក្រោមហរិញ្ញប្បទានរបស់ប្រទេសចិន។

ផ្លូវជាតិលេខ២១ ដែលមានប្រវែងសរុប ៦៣.៦គីឡូម៉ែត្រ ពីក្រុងតាខ្មៅដល់ជ្រៃធំ (ព្រំដែន កម្ពុជា-វៀតណាម) សាងសង់ដោយក្រុមហ៊ុនកូរ៉េ Hanshin E&C Co., Ltd. និងត្រួតពិនិត្យបច្ចេកទេស ដោយក្រុមហ៊ុនអន្តរជាតិកូរ៉េ DASAN Consultants Co., Ltd។

តាមសេចក្ដីជូនដំណឹង របស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្ដាល នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ បានបន្តថា នឹងបិទចរាចរណ៍រថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទទៅលើកំណាត់ផ្លូវជាតិលេខ២១ ចាប់ពីស្តុបកាកបាទក្រហមខេត្តកណ្តាល ផ្លូវលេខ២១បេ​ (១១៥) ដល់ផ្លូវបំបែក២១អា ស្ថិតនៅក្រុងតាខ្មៅ ខេត្តកណ្តាល ។ ដោយឡែក ចំពោះរថយន្តគ្រួសារ (ទេសចរណ៍) និងទោចក្រយានយន្តអាចធ្វើចរាចរបានជាធម្មតា៕

ដោយ៖ មឿន ឌីណា (Moeun Dyna)