Register Already an agent ? Login

សម្ដេចតេជោ នឹងសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវការផ្លូវជាតិលេខ៥១ ប្រវែងជិត ៣៨គ.ម នៅថ្ងៃទី២៥ ខែមីនានេះ

ភ្នំពេញ៖ ផ្លូវជាតិលេខ៥១ ប្រវែងជិត ៣៨គីឡូម៉ែត្រ នឹងត្រូវបើកសម្ពោធដាក់ឱ្យប្រើប្រាស់នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២។ បើតាមការថ្លែងឱ្យដឹងពី សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងសម្ពោធដាក់ឱ្យប្រើប្រាស់មន្ទីរពេទ្យមិត្តភាព កម្ពុជា-ចិន ព្រះកុសុមៈ កាលពីថ្ងៃទី២១ មីនា ឆ្នាំ២០២២។

ផ្លូវជាតិលេខ៥១ ប្រវែងជិត ៣៨គីឡូម៉ែត្រ ចាប់ពីផ្លូវបំបែកឧដុង្គ (ផ្លូវជាតិលេខ៥) ដល់ថ្នល់ទទឹង (ផ្លូវជាតិលេខ៤) ដែលបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៧ ប្រគល់ទទួលជាបណ្ដោះអាសន្ននៅឆ្នាំ២០១៩ និងស្ថិតក្រោមការជួសជុលថែទាំរបស់ក្រុមហ៊ុនសាងសង់។ ផ្លូវជាតិនេះ សាងសង់ឡើងក្រោមហិរញ្ញប្បទានពីរដ្ឋាភិបាលចិនប្រមាណ ៤០លានដុល្លារ។

ផ្លូវជាតិលេខ៥១ នឹងក្លាយជាផ្លូវតភ្ជាប់សំខាន់ និងជាផ្លូវក្រវ៉ាត់ក្រុងភ្នំពេញផ្នែកខាងក្រៅ តភ្ជាប់ពីផ្លូវជាតិលេខ៥ ទៅផ្លូវជាតិលេខ៤ ឆ្ពោះទៅកាន់កំពង់ផែស្វយ័តក្រុងព្រះសីហនុ។ ផ្លូវនេះ នឹងជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ដោយកាត់បន្ថយចំណាយលើពេលវេលាដឹកជញ្ជូន និងពន្លឿនការដឹកជញ្ជូនភស្តុភារផងដែរ។

ផ្លូវជាតិលេខ៥១ មានចម្ងាយប្រមាណ ១៨គីឡូម៉ែត្រ ពីទីក្រុងភ្នំពេញ (គិតពីចោមចៅ ទៅផ្សារថ្នល់ទទឹង) បានក្លាយជាផ្លូវក្រវ៉ាត់ក្រុងដែលបណ្តុំដោយរោងចក្រ និងសហគ្រាសខ្នាតធំជាច្រើននាំគ្នាទៅវិនិយោគ។ បច្ចុប្បន្នកំពុងបង្ហាញពីសក្ដានុពលអភិវឌ្ឍ និងភាពទាក់ទាញយ៉ាងខ្លាំងជាមួយនឹងកត្តាប្រជាសាស្រ្ត ភូមិសាស្រ្ត រួមទាំងគម្រោងអភិវឌ្ឍន៍នានាជាច្រើន។ ដោយសារវិស័យឧស្សាហកម្មជម្រុញឱ្យតំបន់នេះប្រែក្លាយជា តំបន់សេដ្ឋកិច្ចពាណិជ្ជកម្ម អាស្រ័យលើការដឹកជញ្ជូន ដែលអំណោយផលដល់ប្រជាពលរដ្ឋក្នុងតំបន់ប្រកបមុខរបរ ជូញដូរជាដើម។

ផ្លូវជាតិលេខ៥១ ជាផ្លូវតំបន់ឧស្សាហកម្ម ដោយសារហេដ្ឋារចនាសម្ព័ន្ធផ្លូវ៥១ ជាផ្លូវក្រវ៉ាត់ក្រុងមានទំនាក់ទំនង ជាមួយផ្លូវជាតិលេខ៥តទៅផ្លូវជាតិលេខ៤ ធ្លុះទៅដល់ផ្លូវជាតិលេខ៣ ដែលនៅជិតកំពង់ផែរ ប្រសិនបើដាក់ទីតាំងធ្វើរោងចក្រ និងកន្លែងផលិតអ្វីផ្សេងៗ ងាយស្រួលចេញចូល និងដឹកទំនិញទៅផែរអន្តរជាតិ ដែលមាននៅកំពត់ ក្រុងព្រះសីហនុ និងខេត្តកោះកុង បានន័យថា តំបន់ផ្លូវ៥១ កៀកនឹងក្រុងផង ហើយងាយស្រួលក្នុងការដឹកជញ្ជូនវត្ថុធាតុដើម ផលិតផលសម្រេចចេញទៅផែរអន្តរជាតិផងដែរ។

ហេតុនេះទើបបណ្តាលឱ្យក្រុមហ៊ុនអភិវឌ្ឍលំនៅដ្ឋានជាច្រើន បានកំពុងវិនិយោគលំនៅដ្ឋាននៅតាមបណ្តោយផ្លូវជាតិដ៏សំខាន់និងមានសក្តានុពលនេះផងដែរ។ ទាំងនេះជាកត្តាសំខាន់ៗសម្រាប់អតិថិជនដែលចង់ស្វែងរកលំនៅឋាន រស់នៅសមប្រកបក្នុងទីប្រជុំជន បណ្តុំដោយសំណង់សហគ្រាសតូចធំនានា ក្បែរគម្រោង ជាពិសេសសាកសមសម្រាប់ការប្រកបអាជីវកម្ម បង្កើតមុខជំនួញ ដែលអាចរកនូវប្រាក់ចំណេញខ្ពស់ ចំពោះការទិញ-លក់ ឬដាក់ជួល ជាអគារការិយាល័យផ្សេងៗ ខណៈដែលតំបន់នេះ ជាតំបន់គោលដៅអភិវឌ្ឍបន្ថែមឱ្យក្លាយជាតំបន់រណបដែលទាក់ទាញបំផុត ។

ដោយ៖ មឿន ឌីណា (Moeun Dyna)