Register Already an agent ? Login

កម្ពុជា មានផ្ទៃដីអភិរក្សទំហំជាង ៧លានហិកតា និងលក់ឥណទានកាបូនបានទឹកប្រាក់ជាង ១១លានដុល្លារ

ភ្នំពេញ៖ កម្ពុជា បច្ចុប្បន្នមានផ្ទៃដីអភិរក្សទំហំ ៧.៣លានហិកតា ឬស្មើប្រមាណ ៤១%នៃប្រទេសកម្ពុជា។ ដោយសារកត្តាសុខសន្តិភាព និងការការពារនិងអភិរក្សមានភាពប្រសើរឡើងចំពោះតំបន់ការពារធម្មជាតិ កម្ពុជាបានលក់ឥណទានកាបូន ទៅក្រុមហ៊ុនអន្តរជាតិធំៗចាប់ពីឆ្នាំ២០១៦ មកដល់ឆ្នាំ២០២០ បានទឹកប្រាក់ចំនួន ១១.៦លានដុល្លារ។ បើតាមក្រសួងបរិស្ថាន ដែលបានអបអរសាទរទិវាព្រៃឈើពិភពលោក ២១មីនា។

រាជរដ្ឋាភិបាលកម្ពុជា និងដៃគូបាននិងកំពុងស្វះស្វែងរកទីផ្សារថ្មីៗបន្ថែមទៀតដើម្បីលក់ឥណទានកាបូនដែលកម្ពុជាមាន យកថវិកាមកបង្កើននិងពង្រឹងការងារការពារនិងអភិរក្សធនធានធម្មជាតិដែលមាន។ នេះគឺជាមោទកភាព មួយសម្រាប់ព្រះរាជាណាចក្រកម្ពុជាដែលជោគជ័យក្នុងការលក់ឥណទានកាបូនក្នុងទីផ្សារស្ម័គ្រចិត្តនៅលើពិភពលោក។

ថវិកាដែលបានពីការលក់ឥណទានកាបូននេះត្រូវបានប្រើប្រាស់សម្រាប់ការអភិរក្សធនធានធម្មជាតិ និងចូលរួមអភិវឌ្ឍសហគមន៍នៅមូលដ្ឋានក្នុងនោះរួមមានសហគមន៍តំបន់ការពារធម្មជាតិ ដែលបានចូលរួមក្នុងការការពារនិងអភិរក្សធនធានធម្មជាតិ។

ការលក់ឥណទានកាបូនចំនួន ២គម្រោង ទី១នៅដែនជម្រកសត្វព្រៃកែវសីម៉ា ក្នុងខេត្តមណ្ឌលគិរី និងទី២ គម្រោងរ៉េដបូកក្រវ៉ាញខាងត្បូង (ឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង និងដែនជម្រកសត្វព្រៃតាតៃ) ហើយបច្ចុប្បន្ននេះ ក្រសួងបរិស្ថាននិងដៃគូបាននិងកំពុងរៀបចំនីតិវិធីលក់ឥណទានកាបូននៅដែនជម្រកសត្វព្រៃព្រៃឡង់ភូមិសាស្ត្រខេត្តស្ទឹងត្រែងថែមទៀត។

ក្រុមហ៊ុនធំៗ ដែលសម្រេចទិញឥណទានកាបូនដោយឈរលើមូលដ្ឋានការវាយតម្លៃពីទីភ្នាក់ងារឯករាជ្យ ដែលបញ្ជាក់ថាកម្ពុជាមានសមត្ថភាពការពារធនធានធម្មជាតិនៅក្នុងតំបន់ដែលលក់ឥណទានកាបូននោះបានល្អប្រសើរស្របតាមលក្ខខណ្ឌកំណត់។ ក្រុមហ៊ុនដែលបានទិញឥណទាន ការបូនក្នុងទីផ្សារស្ម័គ្រចិត្តមានក្រុមហ៊ុន Disney ក្រុមហ៊ុន Shell និងក្រុមហ៊ុន Gucci។

បច្ចុប្បន្ន មានតែប្រទេសកម្ពុជានិងប្រទេសឥណ្ឌូនេស៊ីប៉ុណ្ណោះក្នុងចំណោមប្រទេសអាស៊ាន ដែលបានលក់ឥណទានកាបូនក្នុងទីផ្សារកាបូនស្ម័គ្រចិត្តនេះ។

គូសបញ្ជាក់ថា មុននឹងទិញឥណទានកាបូននេះមានការវាយតម្លៃច្បាស់លាស់ពីអ្នកជំនាញលើសមត្ថភាពនៃការផលិតកាបូន និងយន្តការផ្សេងៗដែលរាជរដ្ឋាភិបាលកម្ពុជាអនុវត្តដើម្បីធានាការពារនិងគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពលើតំបន់ការពារធម្មជាតិដែលសម្បូណ៌ដោយព្រៃឈើ សត្វព្រៃនិងជីវៈចម្រុះផ្សេងទៀត។

ការសម្រេចទិញឥណទានកាបូនពីកម្ពុជារបស់ក្រុមហ៊ុននានា គឺបានបង្ហាញថាកម្ពុជាមានសមត្ថភាពគ្រប់គ្រាន់ក្នុងការការពារបាននូវធន ធានធម្មជាតិនៅក្នុងតំបន់នោះ ហើយធនធានធម្មជាតិត្រូវបានអភិរក្សប្រកបដោយប្រសិទ្ធភាព៕

ដោយ៖ មឿន ឌីណា (Moeun Dyna)