ភ្នំពេញ៖ គម្រោងស្ថាបនាផ្លូវផ្បឿនលឿន ទៅខេត្តស្វាយរៀង (ក្រុងបាវិត) ប្រវែងប្រមាណ ១៣០គីឡូម៉ែត្រ បានបញ្ចប់ការសិក្សាហើយ គ្រោងចំណាយទឹកប្រាក់ ២៥០០លានដុល្លារ។ គម្រោងនេះ បានដាក់ឆ្លងរាជរដ្ឋាភិបាលកម្ពុជាហើយ នៅឡើយនឹងត្រូវបញ្ជូនសំណើទៅរដ្ឋាភិបាលចិន សិក្សាពីលទ្ធភាពហិញ្ញប្បទានសាងសង់ផ្លូវនេះប៉ុណ្ណោះ។
គម្រោងសាងសង់ផ្លូវល្បឿនលឿន ដ៏មានសារសំខាន់នេះបានបញ្ចប់ ជាមួយផែនការចំណាយដូចបង្ហាញខាងលើ ដែលផ្លូវនេះមានប្រវែងប្រមាណ ១៣០គីឡូម៉ែត្រ ប៉ុន្តែការចំណាយខ្ពស់ដោយសារផ្លូវនេះ នឹងត្រូវសាងសង់ស្ពានច្រើន ហើយមានប្រវែងវែង។ បើតាមការលើកឡើងរបស់ថ្នាក់ដឹកនាំរបស់ ក្រុមហ៊ុន China Railway ប្រចាំកម្ពុជា។
បើតាមប្រភពខាងលើបានលើកឡើងបន្តថា គម្រោងស្ថាបនាផ្លូវល្បឿនលឿននេះ បានដាក់ឆ្លងរាជរដ្ឋាកម្ពុជារួចហើយ នឹងត្រូវបានបញ្ចួលសំណើរទៅកាន់រដ្ឋាភិបាលចិន ដើម្បីសិក្សាពីលទ្ឋភាពហិរញ្ញប្បទាន ដើម្បីសាងសង់ផ្លូវនេះឬយ៉ាងណា។
ផ្លូវល្បឿនលឿនភ្នំពេញ ខេត្តស្វាយរៀង (ក្រុងបាវិត) អាចនឹងត្រូវការសិក្សារយៈពេលវែងផងដែរ ទៅលើកម្រិតនៃផលចំណេញ ផ្នែកសេដ្ឋកិច្ចរបស់ផ្លូវនេះ បច្ចុប្បន្ន ផ្លូវជាតិលេខ១ ក៏បានដើរតួនាទីសំខាន់ផងដែរ ដើម្បីតភ្ជាប់រវាងប្រទេសកម្ពុជា និងប្រទេសវៀតណាម ពិសេសផែនការអភិវឌ្ឈខាងត្បូងរបស់អាស៊ាន។ បើតាមការលើកឡើងរបស់ប្រភពដដែល។
លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍បង្ហើបថា គម្រោងសាងសង់ផ្លូវនេះនឹងសិក្សាបញ្ចប់នៅចុងឆ្នាំ២០២១ ដើម្បីដាក់ឆ្លងរដ្ឋាភិបាលពិចារណាថា តើផ្លូវនេះមានសារៈសំខាន់កម្រិតណា និងមានផលវិជ្ជមានកម្រិតណា ដល់សេដ្ឋកិច្ចកម្ពុជា៕
ប្រភព៖ propertyarea.asia
ដោយ៖ មឿន ឌីណា (Moeun Dyna)