Register Already an agent ? Login

កម្ពុជា-ជប៉ុន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជំនួយឥតសំណងជាង ២៤លានដុល្លារ ពង្រីកប្រព័ន្ធទឹកស្អាតនៅខេត្តស្វាយរៀង

ភ្នំពេញ៖ លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង លោកស្រី កាមេ ហារុកូ ប្រធានតំណាងទីភ្នាក់ងារសហប្រតិបតិ្តការអន្តរជាតិនៃប្រទេសជប៉ុន (JICA) ប្រចាំនៅកម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណង ដែលមានទឹកប្រាក់ចំនួន ២,៧៨៦លានយ៉េន (ប្រមាណ ២៤.១១លានដុល្លារ) សម្រាប់គម្រោងពង្រីកសមត្ថភាពប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត នៅខេត្តស្វាយរៀង។

គម្រោងនេះ មានគោលបំណងរក្សាឱ្យបាននូវស្ថិរភាពក្នុងការផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាតរហូតដល់ ៦,០០០ម៉ែត្រគូប ក្នុងមួយថ្ងៃ និងធ្វើឱ្យប្រសើរឡើងនូវការទទួលបានទឹកស្អាតក្នុងក្រុងស្វាយរៀង។ ការសាងសង់គម្រោងនេះ នឹងត្រូវប្រើរយៈពេលចំនួន ២៩ខែ ហើយគ្រោងបញ្ចប់នៅឆ្នាំ២០២៤។

បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ JICA ថា លោក អូន ព័ន្ធមុនីរ័ត្ន និងលោកស្រី កាមេ ហារុកូ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងខាងលើកាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ គឺជាឯកសារគតិយុត្តិមួយទៀត បន្ទាប់ពីលិខិតប្តូរសារបានចុះហត្ថលេខាកាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២២ រវាងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងស្ថានទូតជប៉ុនប្រចាំកម្ពុជា។

គម្រោងនេះ នឹងធ្វើឱ្យប្រសើឡើងនូវការទទួលបានទឹកស្អាតក្នុងក្រុងស្វាយរៀងតាមរយៈ ១-ការកសាងរោងចក្រប្រព្រឹត្តិកម្មទឹកស្អាត​សមត្ថភាពផ្គត់ផ្គង់ទឹកស្អាតប្រមាណ ៦ពាន់ម៉ែត្រគូបក្នុង១ថ្ងៃ។ ២-សាងសង់ប្រព័ន្ធបណ្ដាញស្ថានីយ៍បូមទឹកឆៅនិងអាងស្តុកទឹក និង៣-ពង្រីកប្រព័ន្ធចែកចាយទឹក។

ក្នុងនាមជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់មួយនៅក្នុងវិស័យផ្គត់ផ្គង់ទឹកស្អាត JICA តែងតែប្រកាន់ ភ្ជាប់នូវវិធីសាស្រ្តអភិវឌ្ឍដែលមានលក្ខណះគ្រប់ជ្រុងជ្រោយ ក្នុងការពង្រឹងភាពជាដៃគូជាយុទ្ធសាស្រ្ត រយៈពេលយូរជាមួយរាជរដ្ឋាភិបាលកម្ពុជា៕

ដោយ៖ មឿន ឌីណា (Moeun Dyna)