ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា បានអញ្ជើញជាអធិបតីភាពសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសុមៈ(ពេទ្យលោកសង្ឃ) នាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ ដែលជាមន្ទីរពេទ្យបំពាក់បរិក្ខារវេជ្ជសាស្ត្របម្រើការព្យាបាលដ៏ទំនើប ដែលបានសាងសង់រួចរាល់ជាស្ថាពរ។
មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ ត្រូវបានបើកការដ្ឋានសាងសង់នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨ ដោយប្រើពេលសាងសង់រយៈ ៣៩ខែ ចំណាយថវិកាជាង ៨០លានដុល្លារ ជាជំនួយឥតសំណងរបស់រដ្ឋាភិបាលចិន។
អគារមន្ទីរពេទ្យថ្មីនេះ ត្រូវបានសាងសង់លើទំហំដីជាង ១៣ពាន់ម៉ែត្រក្រឡា មានកម្ពស់ ១១ជាន់ ជាមួយប្រវែង ៥៣ម៉ែត្រ។ ចែកចេញជាផ្នែកពិគ្រោះជំងឺក្រៅ ផ្នែកសង្គ្រោះបន្ទាន់ ផ្នែកបច្ចេកវិទ្យាវេជ្ជសាស្ត្រ ផ្នែកជំងឺទូទៅ ជំងឺវះកាត់ ផ្នែកសម្ភព រោគស្ត្រី ព្រមទាំងសេវាជំនួយផ្សេងៗទៀត។
មន្ទីរពេទ្យនេះ មានគ្រែសម្រាប់ព្យាបាលអ្នកជំងឺរហូតដល់ទៅ ៤០០គ្រែ។ មន្ទីរពេទ្យថ្មីនេះ ជាមន្ទីរពេទ្យដ៏ធំមួយក្នុងប្រទេសកម្ពុជា ដែលអាចផ្តល់សេវាថែទាំជូនប្រជាជននៅទូទាំងប្រទេស ដែលមានអាការៈជំងឺធ្ងន់ៗ ហើយក៏ជាកន្លែងបណ្តុះបណ្តាលធនធានមនុស្សមួយដ៏សំខាន់ផងដែរ។ នៅលើដំបូលអគារមានចំណតឧត្ថម្ភាគចក្រចុះចតទម្ងន់ពី ៣តោន ទៅ ៥តោនថែមទៀតផង។
លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានឱ្យដឹងថា មន្ទីរពេទ្យថ្មីនេះ ជាមន្ទីរពេទ្យដ៏ធំមួយក្នុងប្រទេសកម្ពុជា ហើយមានកិច្ចសហប្រតិបត្តិការជាមួយចិន។ វាអាចផ្តល់សេវាថែទាំជូនប្រជាជននៅទូទាំងប្រទេស ដែលមានអាការៈជំងឺធ្ងន់ៗ ហើយក៏ជាកន្លែងបណ្តុះបណ្តាលធនធានមនុស្សមួយដ៏សំខាន់ ព្រោះជាកន្លែងបណ្តុះបណ្តាលតាំងពីដើមមក។
លោក តាន់ សុគន្ធ ប្រធានមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ បានឱ្យដឹងថា មន្ទីរពេទ្យនេះ មានបន្ទប់វះកាត់ចំនួន៩ ហើយមានសមត្ថភាពវះកាត់ឆ្អឹង ប្តូរក្បាលឆ្អឹង ប្តូរតម្រង់នោម វះកាត់បេះដូង វះកាត់សួត និងអាចដូរអវៈយវៈ ដូចជាតម្រោងនោម និងថ្លើមជាដើម។
លោក បានបន្តថា មន្ទីរពេទ្យនេះត្រូវបានរៀបចំឡើងដោយស្របតាមនិយាមអន្តរជាតិ ពោលមន្ទីរពេទ្យទំនើបៗនៅលើពិភពលោកបំពាក់ឧបករណ៍វេជ្ជសាស្ត្រអ្វី ក៏ក្នុងមន្ទីរពេទ្យនេះមានដូចគ្នា។ សម្រាប់លោករដ្ឋមន្ត្រី មន្ទីរពេទ្យនេះមានសមត្ថភាពព្យាបាលមិនចាញ់មន្ទីរពេទ្យក្រៅប្រទេសនោះឡើយ។ លោក តាន់ សុគន្ធ បានអះអាងថា ជាមួយនឹងវត្តឧបករណ៍វេជ្ជសាស្ត្រទំនើបដែលបំពាក់ក្នុងមន្ទីរពេទ្យនេះ នឹងធ្វើឱ្យការព្យាបាលនៅក្នុងមន្ទីរពេទ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។
គូសបញ្ជាក់ថា មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ ជាមន្ទីរពេទ្យដ៏ធំមួយទៀត បន្ទាប់ពីមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ ដែលបានសាងសង់ឡើងក្រោមជំនួយឥតសំណង់របស់រដ្ឋាភិបាល និងប្រជាជនចិន៕
ដោយ៖ មឿន ឌីណា (Moeun Dyna)