Register Already an agent ? Login

វឌ្ឍនភាព សាងសង់មន្ទីរពេទ្យតេជោសែន កោះធំ តម្លៃ ១០លានដុល្លារ សម្រេចបានជិត ២៣%ហើយ

កណ្ដាល់៖ មន្ទីរពេទ្យតេជោសែន កោះធំ ដែលជាមន្ទីរពេទ្យធំ និងទំនើបជាងបណ្តាមន្ទីរពេទ្យស្រុកទាំងអស់នៅក្នុងប្រទេស ដោយគិតមកទល់បច្ចុប្បន្ន សម្រេចវឌ្ឍនភាពសាងសង់បានប្រមាណ ២២.៩៦ភាគរយ ហើយ។ បើតាមការថ្លែងរបស់ លោក ស៊ុន ចាន់ ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកនជញ្ជូន។

ការថ្លែងខាងលើរបស់ លោក ស៊ុន ចាន់ ថុល នៅក្នុង​ពិធីបុណ្យ​បញ្ចុះ​ខណ្ឌសីមា​ព្រះវិហារ​ថ្មី​នៃ​វត្តពុទ្ធពរ​ត្រៃនិគម ស្ថិតនៅក្នុង​ឃុំ​កោះធំ ស្រុក​កោះធំ ខេត្តកណ្តាល​កាលពី​ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២​ បានបន្តឱ្យដឹងថា គម្រោង​នេះ​ចំណាយការសង់​ ១០លានដុល្លារ រយៈពេលសាងសង់​ចំនួន​ ១២​ខែ​ដោយ​គិត​ចាប់ផ្តើម​ពី​ខែមករា​ឆ្នាំ២០២២ ​គ្រោង​បញ្ចប់ការសាង់​នៅ​ខែធ្នូ ឆ្នាំ​២០២២ ​ខាងមុខនេះ​។

នៅក្នុងពិធីខាងលើ លោក ស៊ុន ចាន់ថុល បានថ្លែងបានបញ្ជាក់ថា មន្ទីរពេទ្យនេះអាចផ្តល់សេវាសាធារណជូនដល់ បងប្អូនប្រជាពលរដ្ឋប្រមាណ ៦០ម៉ឺននាក់ មកពីស្រុកកោះធំ ស្រុកស្អាង ស្រុកលើកដែក នៃខេត្តកណ្តាល និងស្រុកព្រៃកប្បាស នៃខេត្តតាកែវ ដោយសហការជាមួយមន្ទីរពេទ្យកាល់ម៉ែត។

គូសបញ្ជាក់ គម្រោង​សាងសង់​នេះ​ត្រូវបាន​រៀបចំ​ឡើង​ក្រោម​គំនិត​ផ្តួចផ្តើម​របស់ លោក​រដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​ជាក់ស្តែង និង​សមស្រប​តាម​កម្មវិធី​នយោបាយ​របស់​រាជរដ្ឋាភិបាល និង​ចក្ខុវិស័យ​សម្រាប់​អភិវឌ្ឍ​ជាតិ​របស់​ប្រមុខ​រដ្ឋាភិបាល សម្ដចេ នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ដែល​បាន​គិតគូរ យកចិត្តទុកដាក់​លើ​សុខទុក្ខ សុខភាព និង​សុខុមាលភាព​របស់​ប្រជាពលរដ្ឋ​។

គម្រោង​សាងសង់​មន្ទីរពេទ្យ​នេះ​រួមមាន៖ ការសាងសង់​អគារ​ថ្មី​ចំនួន​ ៣ខ្នង មាន​ដូចជា អគារ​មន្ទីរពេទ្យ​ចំនួន ១​ខ្នង មាន​ ៣​ជាន់ ដែល​ជាន់​ផ្ទាល់​ដី​មាន​ទំហំ ៣៥១៤.៨ម៉ែត្រការ៉េ​, អគារ​ខាងឆ្វេង​ចំនួន ១ខ្នង មាន​ ២ជាន់ ​ជាន់​ផ្ទាល់​ដី​មាន​ទំហំ ៥០០​ម៉ែត្រការ៉េ និង​ជាន់​ទី​១ ​មាន​ទំហំ ៥០០ម៉ែត្រការ៉េ និង​អគារ​ខាងស្តាំ​ចំនួន​ ១​ខ្នងមាន ​២​ជាន់​។

អគារ​ទាំង៣ ខាងលើ​មាន​ទំហំ​សរុប​ស្មើនឹង ១២,៥៤៤​ម៉ែត្រការ៉េ ​ដែល​អាច​ផ្ទុក​គ្រែ​អ្នកជំងឺ​បាន​ចំនួន ១៥០គ្រែ បំពាក់​ដោយ​ម៉ាស៊ីនត្រជាក់ សម្ភារ​បរិក្ខារ​ពេទ្យ និង​ឧបករណ៍​បច្ចេកទេស​ទំនើបៗ​បម្រើ​ឱ្យ​ការព្យាបាល​៕

ដោយ៖ មឿន ឌីណា (Moeun Dyna)