កំពង់ស្ពឺ៖ លោក ELDEEN HUSAINI HOHD HASHIM ឯកអគ្គរដ្ឋទូតប្រទេសម៉ាឡេស៊ីប្រចាំនៅប្រទេសកម្ពុជា បានសន្យានឹង លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឹថា នឹងកៀគរវិនិយោគិន មកវិនិយោគលើវិស័យទេសចរណ៍ វិស័យពាណិជ្ជកម្ម វិស័យអចលនទ្រព្យ វិស័យកសិកម្ម វិស័យឧស្សាហកម្ម វិស័យអគ្គិសនីដើរដោយថាមពលព្រះអាទិត្យមកវិនិយោគនៅទឹកដីខេត្តកំពង់ស្ពឺនាពេលខាងមុខ។
ការសន្យា របស់ លោក ELDEEN HUSAINI HOHD HASHIM ដែលបានអញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់ពីសក្តានុពលរបស់ខេត្តកំពង់ស្ពឺកាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ តាមការចង្អុលបង្ហាញរបស់ សម្ដេចតេជោ ហ៊ុន សែន នាពេលកន្លងមក។
ឯកអគ្គរដ្ឋទូតប្រទេសម៉ាឡេស៊ី បានបញ្ជាក់ឱ្យដឹងថា អ្នកវិនិយោគលើវិស័យសំខាន់រួមមាន៖ វិស័យទេសចរណ៍ វិស័យពាណិជ្ជកម្ម វិស័យអចលនទ្រព្យ វិស័យកសិកម្ម វិស័យឧស្សាហកម្ម វិស័យអគ្គិសនីដើរដោយថាមពលព្រះអាទិត្យមកវិនិយោគ នៅទឹកដីខេត្តកំពង់ស្ពឺនាពេលខាងមុខ។
លោក បានមានប្រសាសន៍បន្តថា រំពឹងថានៅពេលដែលអ្នកវិនិយោគរបស់ម៉ាឡេស៊ីមានចំណាប់អារម្មណ៍ហើយមកបណ្ដាក់ទុននៅក្នុងខេត្តកំពង់ស្ពឺ ពេលនោះប្រជាពលរដ្ឋខេត្តកំពង់ស្ពឺ មានប្រាក់ចំណូលបន្ថែមទៀត តាមរយៈឱកាសការងារដែលអ្នកវិនិយោគរបស់ម៉ាឡេស៊ីមកបណ្ដាក់ទុន។
លោក វ៉ី សំណាង អភិបាលខេត្ត បានថ្លែងអំណរគុណ ចំពោះលោកឯកអគ្គរដ្ឋទូតប្រទេសម៉ាឡេស៊ី ដែលមានចំណាប់អារម្មណ៍ មកទស្សនកិច្ចនៅខេត្តកំពង់ស្ពឺ និងបានជួយជំរុញឱ្យអ្នកវិនិយោគ មកបណ្តាក់ទុកនៅខេត្តនាពេលខាងមុខ ដែលនឹងជួយលើកស្ទួយដល់សេដ្ឋកិច្ចខេត្ត ក៏ដូចជាលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែរីកចម្រើនថែមទៀត។
គួររម្លឹកថា ក្នុងជំនួបពិភាក្សារវាងសម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងលោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី Ismail Sabri Yaakob កាលពីថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ២០២២ ភាគីទាំង២ បានពិភាក្សាគ្នាអំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីរួមមាន វិស័យពាណិជ្ជកម្ម និងការវិនិយោគ សេដ្ឋកិច្ច-សង្គម ការពារជាតិ សន្តិសុខ និងការស្តារសង្គម-សេដ្ឋកិច្ចឡើងវិញ។
ក្នុងជំនួបនោះនាយករដ្ឋមន្ត្រីនៃប្រទេសទាំង២ ក៏បានលើកទឹកចិត្តដល់ធុរជន និងអ្នកវិនិយោគឱ្យស្វែងរកកាលានុវត្តភាពបន្ថែមទៀតអំពីឱកាសអាជីវកម្ម និងវិនិយោគក្នុងប្រទេសទាំង២ ដោយប្រទេសទាំង២ មានកិច្ចព្រមព្រៀងស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា និងបង្ការការគេចពន្ធទាក់ទងការយកពន្ធលើប្រាក់ចំណូលរវាងប្រទេសទាំង២ ដែលបានចូលជាធរមានកាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២១ និងច្បាប់វិនិយោគថ្មីរបស់កម្ពុជាដែលនឹងផ្តល់នូវក្របខ័ណ្ឌច្បាប់បើកចំហមានតម្លាភាព អាចព្យាករបាន និងមានប្រសិទ្ធភាពជាងមុនសម្រាប់ការវិនិយោគ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)