ព្រៃវែង៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២ បានអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ «ភូមិកុមារ SOS» សាងសង់លើផ្ទៃដីសរុបជាង ១ម៉ឺនម៉ែត្រក្រឡា ជាអំណោយរបស់សម្តេចក្រឡាហោម ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស្ថិតនៅភូមិលេខ១ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង។
ភូមិកុមារ SOS ព្រៃវែង ចាប់ផ្តើមដំណើរការសាងសង់នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៨ និងបានបញ្ចប់ការសាងសង់នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២០ ដោយចំណាយថវិកាសរុប ១,៥៣១,២៤៨ដុល្លារ
នៅក្នុងពិធីខាងលើ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ភាពជាដៃគូរវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការអន្តរជាតិ SOS ដើម្បីជាទីពឹង និងក្តីសង្ឃឹមរបស់កុមារកម្ពុជា។ សម្ដេចជោ បានរម្លឹកថា កម្ពុជាបានធ្វើការងារច្រើនទាក់ទងទៅនឹងបញ្ហាកុមារ។
សម្តេចតេជោ បានមានប្រសាសន៍ទៀតថា នៅលើពិភពលោកមានកុមាររងគ្រោះជាច្រើនដោយហេតុការណ៍ផ្សេងៗ ដូចជាកម្ពុជាជាដើម ដោយសារតែរបបប្រល័យពូជសាសន៍ ប៉ុលពត កម្ពុជាក៏បានបន្សល់នូវកុមារកំព្រាជាច្រើនផងដែរ។ តែក្រោយពីសង្គ្រាមបានបញ្ចប់ កម្ពុជាពិតជាមានមោទនភាពចំពោះកិច្ចប្រឹងប្រែងក្នុងការជួយដល់កុមារកម្ពុជាជាបន្តបន្ទាប់ ដោយមិនទុកកុមាររងគ្រោះជាបន្តទៀតឡើយ។ ជាក់ស្តែងកុមារកំព្រានៅតាមភូមិកុមារ SOS មានកុមារជាច្រើន បានក្លាយទៅជាអ្នកមានជោគវាសនាល្អ មានចំណេះដឹង កើតចេញពីការចិញ្ចឹមបីបាច់ និងការផ្តល់នូវការអប់រំនៅទីនេះ។
សម្តេចតេជោ នាយករដ្ឋមន្ត្រី សង្ឃឹមថា អង្គការ SOS នឹងបន្តកិច្ចខិតខំជាមួយកម្ពុជាជាបន្តទៀត ក្នុងការជួយដល់កុមារកំព្រា និងកុមារដែលខ្វះការថែទាំនោះ។
ប្រមុខរាជរដ្ឋាភិបាលបានថ្លែងថា កុមារដែលចិញ្ចឹមបីបាច់ដោយអង្គការកុមារ SOS ប្រមាណ ៤នាក់បានក្លាយទៅជាវេជ្ជបណ្ឌិត ៦នាក់ក្លាយជាវិស្វករ ៧នាក់បានក្លាយជាអ្នកបម្រើការនៅធនាគារ ៣នាក់ក្លាយជាស្ថាបត្យករ ២នាក់បានក្លាយជាអ្នករចនា និងជាច្រើននាក់ទៀតបានក្លាយជាអ្នកបម្រើការងារក្នុងវិស័យអាជីវកម្ម សេវាបម្រើអតិថិជន និងបម្រើការងារក្នុងជួររាជរដ្ឋាភិបាលផងដែរ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)