Register Already an agent ? Login

អភិបាលខេត្តបាត់ដំបង បើកការដ្ឋានជួសជុលផ្លូវក្រាលកៅស៊ូមួយខ្សែប្រវែងជាង ៣ពាន់មែត្រ នៅស្រុកបាណន់

ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង លោក ព្រួញ រិទ្ធថា បានលើកឡើងថា បន្ទាប់ពីការងារជួសជុលនេះរួច កំណាត់ផ្លូវមួយនេះជាចំណងដ៏ពិសិដ្ឋដែលឆ្លើយតបទៅនឹងសំណូមពររបស់ប្រជាពលរដ្ឋ ក្នុងការបម្រើឱ្យចរាចរណ៍ដឹកជញ្ជូនកសិផល និងការផ្លាស់ប្ដូរសេដ្ឋកិច្ចលើគ្រប់វិស័យឱ្យកាន់តែរីកចម្រើន សំដៅដល់ការរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍសសង្គមឈានទៅរកកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេស។

នៅក្នុងពិធីខាងលើ លោក ព្រួញ រិទ្ធថា បានសំណូមពរដល់ប្រជាពលរដ្ឋដែលរស់នៅតាមដងផ្លូវនេះ ជួយធ្វើការលះបង់ និងចូលរួមរុះរើរបង កាប់ដើមឈើ ឬកាប់ឆ្កាព្រៃដែលនៅជាប់នឹងចំណីផ្លូវ ដើម្បីបង្កលក្ខណៈឱ្យស្ថានភាពផ្លូវថ្នល់ កាន់តែមានភាពធំទូលាយ និងងាយស្រួលដល់ក្រុមការងារក្នុងការបំពេញភារកិច្ច។

 លោក សុខ លូ អភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ថា នេះគឺជាសមិទ្ធផលមួយ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋក្នុងការឆ្លងកាត់ ដឹកជញ្ជូនពីភូមិសាស្រ្ដស្រុកសង្កែ មកស្រុកបាណន់ ដោយប្រើរយៈពេលខ្លីជាងមុន។

លោក បានមានប្រសាសន៍បន្តថា នៅពេលខាងមុខ រដ្ឋបាលខេត្ត រដ្ឋបាលក្រុង ស្រុក នឹងរៀបចំវេទិកាសាធារណៈនៅតាមភូមិ ឃុំដែលប្រជាពលរដ្ឋរស់នៅ ហើយប្រជាពលរដ្ឋត្រូវតែមានភាពក្លាហានក្នុងការនិយាយ សំណូមពរ និងលើកជាបញ្ហាប្រឈមនានាដែលបានកើតឡើងនៅក្នុងសហគមន៍ដែលខ្លួនរស់នៅ ក្នុងន័យដើម្បីបង្កើនការដោះស្រាយជាមួយប្រជាពលរដ្ឋ ឬកែលម្អស្ថាបនាក្រោយពេលដែលទទួលបាននូវមតិរិះគន់ស្ថាបនាពីប្រជាពលរដ្ឋ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)