ភ្នំពេញ៖ រយៈពេល ២ខែដើមឆ្នាំ២០២២ អគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូលបាន ២០៧៤,៦៦ប៊ីលានរៀល (ប្រមាណ ៥១២,២៦លានដុល្លារ) ស្មើនឹង ១៨,១៧% តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញ។ ចំនួនចំណូលនេះ បើធៀបរយៈពេលដូចគ្នានៅឆ្នាំ២០២១ ឃើញថា កើនឡើងចំនួន ៣៨៣,៦៩ប៊ីលានរៀល (ប្រមាណ ៩៤,៧៤លានដុល្លារ) ស្មើនឹង ២២,៦៩%។ បើតាមកិច្ចប្រជុំសរុបលទ្ធផលប្រមូលចំណូលប្រចាំខែកុម្ភៈ ឆ្នាំ២០២២ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២។
នៅក្នុងកិច្ចប្រជុំខាងលើបានឱ្យដឹងថា ក្នុងខែកម្ភៈ អគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូលតាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញបានចំនួន ៩០៧,០៣ប៊ីលានរៀល (ប្រមាណ ២២៣,៩៦លានដុល្លារ) ស្មើនឹង៧,៩៤% នៃផែនការច្បាប់ ហិរញ្ញវត្ថុសម្រាប់គ្រប់គ្រងឆ្នាំ២០២២។
បើតាមកិច្ចប្រជុំនេះបានបញ្ជាក់ថា ក្នុងខែកុម្ភៈ ឆ្នាំ២០២២ ចំណូលប្រភេទពន្ធសំខាន់ៗ ៥ប្រភេទរួមមាន៖
ទី១-ពន្ធលើប្រាក់ចំណូលមានចំនួន ១៩០,១៥ប៊ីលានរៀល (កើនឡើង ២៣,៦១ប៊ីលានរៀលស្មើនឹង ១៤,១៨%)
ទី២-អាករលើតម្លៃបន្ថែមមានចំនួន ២៥២,៧៨ប៊ីលានរៀល (កើន១៣,២៣ប៊ីលានរៀលស្មើនឹង ៥,៥២%)
ទី៣-អាករពិសេសមានចំនួន ១០៥,៦៧ប៊ីលានរៀល (កើនឡើង ១៥,៥០ប៊ីលានរៀល ស្មើនឹង១៧១៩%)
ទី៤-ពន្ធលើប្រាក់បៀវត្សមានចំនួន ៩៨,៤២ប៊ីលានរៀល (កើនឡើង១៨,៥១ប៊ីលានរៀល ស្មើនឹង២៣,១៧%)
ទី៥-ពន្ធប្រថាប់ត្រាលើការផ្ទេរសិទ្ធិអចលនទ្រព្យចំនួន ៦៣,២៣ប៊ីលានរៀល (កើនឡើង ៩,១៨ប៊ីលាលរៀល ស្មើនឹង១៦,៩៨%) ។
លោក គង់ វិបុល អគ្គនាយកដ្ឋានពន្ធដារ បានថ្លែងថា កន្លងមានសហគ្រាសមួយចំនួនតូចមិនបានចុះនបញ្ជីឱ្យបានត្រឹមត្រូវ និងរហូតបង្កើតជាផែនការគេចវះបន្ធ (Tax Evasion Scheme) រៀបចំកិច្ចសន្យា និងវិក្កយបត្រក្លែងក្លាយកាត់បន្ថយការបង់ពន្ធ អាចនឹងក្លាយជាគោលដៅនៃការស៊ើបអង្កេតចំពោះបទល្មើសព្រហ្មទណ្ឌ និងករណីធ្ងន់ធ្ងរអាចឈានដល់បទល្មើសសម្រាតប្រាក់។
សម្រាប់ឆ្នាំ២០២២ អគ្គនាយកដ្ឋានពន្ធដារ បានកំណត់ផែនការប្រមូលពន្ធឱ្យបានចំនួន ១១៤១៩,១៣ប៊ីលានរៀល (ប្រមាណ ២៨១៩,៥៤លានដុល្លារ)៕
ដោយ៖ មឿន ឌីណា (Moeun Dyna)