ភ្នំពេញ៖ អចលនទ្រព្យ ដែលជាប់ពន្ធសំដៅលើអចលនទ្រព្យជា ដី (ដែលមាន ឬគ្មានអគារ) លំនៅដ្ឋាន អគារ ឬសំណង់ផ្សេងៗដែលនៅលើដីរួមមាន សណ្ឋាគារ ផ្ទះល្វែង ការិយាល័យ ខុនដូ រោងចក្រ ឃ្លាំងទំនិញ អគារឧស្សាហកម្ម និងចំណតរថយន្ត។
ប្រភេទអចលនទ្រព្យដូចដែលបានរៀបរាប់នេះ មានតម្លៃលើសពី ១០០លានរៀល (២៥ ០០០ដុល្លារ)។ អចលនទ្រព្យទាំងនេះ ត្រូវបានចាត់ទុកជាអចលនទ្រព្យជាប់កាត្វកិច្ចបង់ពន្ធ។ យោងទៅតាមច្បាប់ស្ដីពីពន្ធចលនទ្រព្យកម្ពុជា ឆ្នាំ២០១០ មាត្រា១៣ ដោយមូលដ្ឋានគិតពន្ធ មានដូចខាងក្រោម៖
១-ពន្ធលើអចលនទ្រព្យត្រូវបានកំណត់តាមអត្រា០,១%នៃមូលដ្ឋានគិតពន្ធ។ ២-មូលដ្ឋានគិតពន្ធគឺជាតម្លៃ៨០%តម្លៃអចលនទ្រព្យ ហើយដែលអនុញ្ញាតឱ្យកាត់បន្ថយនូវទឹកប្រាក់ចំនួន ១០០,០០០,០០០រៀល។
៣-តម្លៃអចលនទ្រព្យត្រូវកំណត់ ដោយគណៈកម្មការវាយតម្លៃអចលនទ្រព្យ ទៅតាមអាយុកាលសំណង់និងប្រភេទ នៃសំណង់ដោយយោងតាមតម្លៃទីផ្សារ។
ចំណពោះ ប្រាក់ពន្ធលើអចលនទ្រព្យត្រូវបង់ ត្រូវបានគណនាដោយរូបមន្តគឺ៖ ប្រាក់ពន្ធលើអចលនទ្រព្យត្រូវបង់ = [(តម្លៃអចលនទ្រព្យ x ៨០%) – ១០០,០០០,០០០៛] x ០,១%។
សម្រាប់ ករណីពិសេស ចំពោះការលើកលែងពន្ធ មានដូចជា អចលនទ្រព្យដែលជាកម្មសិទ្ធិរបស់ស្ថាប័នរដ្ឋ បេសកកម្មការទូត អគ្គកុងស៊ុលបរទេស អង្គការអន្តរជាតិ ទីភ្នាក់ងារសហប្រតិបត្តិការបចេ្ចកទេសបរទេស ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត អចលនទ្រព្យដែលសាងសង់លើដីធ្លីកសិកម្ម ដែលបម្រើផ្ទាល់ និងជាអចិន្ត្រៃយ៍ដល់សកម្មភាពកសិកម្មអចលនទ្រព្យរងគ្រោះដោយករណីប្រធានសក្តិ ផ្ទះ អគារ និងសំណង់ដែលកំពុងត្រូវបានសាងសង់តិចជាង ៨០% និងមិនទាន់បានប្រើប្រាស់ និងអចលនទ្រព្យស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស៕
ប្រភព៖ propertyarea.asia
ដោយ៖ មឿន ឌីណា (Moeun Dyna)