ភ្នំពេញ៖ គម្រោងតំបន់សេដ្ឋកិច្ចពិសេស ISI របស់ក្រុមហ៊ុន Golden Port SEZ Development Co., Ltd. លើផ្ទៃដីទំហំ២០៦ហិកតា ដែលមានទីតាំងស្ថិតនៅខេត្តព្រះសីហនុ បណ្តាក់ទុនវិនិយោគរហូតដល់ទៅជាង៥០លានដុល្លារ បានសម្ពោធ។
ក្នុងពិធីសម្ពោធគម្រោងតំបន់សេដ្ឋកិច្ចពិសេស ISI ក្រោមអធិបតីភាពលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងដោយមានការចូលរួមពីលោក សុក ស៊ីផាន់ណា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស, លោក ឆែម គាតរិទ្ធី ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌, គណៈគ្រប់គ្រងក្រុមហ៊ុន ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិជាច្រើនរូប នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥។
លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជាបានអញ្ជើញជាកិត្តិយសថ្លែងសុន្ទរកថាក្នុងពិធីខាងលើ បានសម្តែងនូវសេចក្តីសោមន្សរីករាយ និងអបអរសាទរចំពោះគណៈគ្រប់គ្រងក្រុមហ៊ុន Golden Port SEZ ក្នុងការរៀបចំពិធីសម្ពោធគម្រោងតំបន់សេដ្ឋកិច្ចពិសេស ISI លើផ្ទៃដីទំហំ ២០៦ហិកតា ដែលមានទីតាំងស្ថិតនៅខេត្តព្រះសីហនុ។
បើតាមពិធីនេះ ត្រូវបានរៀបចំឡើងនៅអគារ ISI ស្ថិតនៅរាជធានីភ្នំពេញ លោក ជា វុទ្ធី បានវាយតម្លៃខ្ពស់ និងអរគុណចំពោះក្រុមហ៊ុនដែលបានបណ្តាក់ទុនវិនិយោគរហូតដល់ទៅជាង ៥០លានដុល្លារ ដើម្បីអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស សំដៅចូលរួមចំណែកទាក់ទាញការវិនិយោគមកកម្ពុជា ក៏ដូចចូលរួមបង្កើតការងារជូនប្រជាពលរដ្ឋកម្ពុជា។
ថ្លែងក្នុងឱកាសនៃពិធីសម្ពោធនេះ អគ្គលេខាធិការ បានជម្រាបជូនពីសក្តានុពលរបស់ខេត្តព្រះសីហនុដែលខេត្តនេះជាទីតាំងយុទ្ធសាស្ត្រសម្រាប់ជំរុញកំណើនសេដ្ឋកិច្ចជាតិ។ លោក បានលើកឡើងពីកម្មវិធីអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស ដែលត្រូវបានដាក់ឱ្យដំណើរការក្នុងអំឡុងដើមឆ្នាំ២០០៦ ក្រោមគំនិតផ្តួចផ្តើមប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា។
លោក បាបបន្តថា មកទល់បច្ចុប្បន្នកម្មវិធីនេះ បានចូលរួមធ្វើពិពិធកម្មសេដ្ឋកិច្ចកម្ពុជា លើកកម្ពស់ឧត្តមភាពប្រកួតប្រជែងរបស់កម្ពុជានៅក្នុងតំបន់និងសកល បង្កើនផលិតភាព ហើយនិងការពង្រីកទីផ្សារនាំចេញរបស់កម្ពុជា ព្រមទាំងបានចូលរួមប្រែក្លាយឧស្សាហកម្មកម្ពុជាពីឧស្សាហកម្មអតិពលកម្ម ទៅជាឧស្សាហកម្មដែលមានបច្ចេកវិទ្យានិងផ្អែកលើជំនាញ និងមានតម្លៃបន្ថែមខ្ពស់។
ជាមួយគ្នានេះ លោក ក៏បានគូសរំលេចពីកំណើននៃការវិនិយោគដ៏គំហុគក្នុងឆ្នាំ២០២៤ ដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងថ្មី និងគម្រោងពង្រីកផលិតកម្មទាំងក្នុងនិងក្រៅតំបន់សេដ្ឋកិច្ចពិសេសចំនួន ៤១៤គម្រោង ក្នុងទុនវិនិយោគសរុបចំនួនប្រមាណ ៦,៩ពាន់លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៣២ម៉ឺនកន្លែង។
លោក បានបន្តថា ក្នុងចំណោមគម្រោងទាំង ៤១៤នេះ គឺមានគម្រោងវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសរហូតដល់ទៅ ១០គម្រោង ក្នុងទុនវិនិយោគសរុបប្រមាណ ៨៥០លានដុល្លារ និងអាចបង្កើតការងារបានប្រមាណ ៤ពាន់កន្លែង។ វិស័យឧស្សាហកម្មនៅតែជាវិស័យឈានមុខដែលបានស្រូបទាញការវិនិយោគច្រើន ដែលក្នុងឆ្នាំ២០២៤ វិស័យឧស្សាហកម្មបានចូលរួមចំណែកដល់ទៅប្រមាណ ៦៩%នៃទុនវិនិយោគសរុប។
រំហូរវិនិយោគចូលមកកម្ពុជាក្នុងឆ្នាំ២០២៤ ដែលមានកំណើនដ៏ខ្លាំងក្លានេះគឺជាសក្ខីកម្មនៃការដឹកនាំលើគន្លងមាគ៌ាដ៏ត្រឹមត្រូវប្រកបដោយគតិបណ្ឌិត និងមានចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចធិបតី នាយករដ្ឋមន្ត្រីកម្ពុជា ដែលពោរពេញដោយភាពបុរេសកម្ម ភាពបត់បែន និងមាននវានុវត្តន៍ខ្ពស់ ស្របទៅនឹងបម្រែបម្រួលរចនាសម្ព័ន្ធសេដ្ឋកិច្ចតំបន់ និងសកល។ ជាការបន្ថែម លោក ជា វុទ្ធី។
លោក ជា វុទ្ធី បានមានសុទិដ្ឋិនិយមខ្ពស់ថា រំហូរវិនិយោគចូលមកកម្ពុជានឹងបន្តកើនឡើងថែមទៀត ដោយផ្អែកលើនិន្នាការនៃការផ្លាស់ប្តូរមូលដ្ឋានផលិតកម្មរបស់ក្រុមហ៊ុនវិនិយោគធំៗមកកាន់តំបន់អាស៊ាន និងការបន្តដាក់ចេញនូវគោលនយោបាយគាំទ្រនានារបស់រាជរដ្ឋាភិបាលក្នុងការធ្វើឱ្យបរិយាកាសវិនិយោគនៅកម្ពុជាឱ្យកាន់តែមានភាពទាក់ទាញ ជាមួយនឹងកិច្ចខិតខំកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្តសម្រាប់សម្រួលដល់ការដឹកជញ្ជូនសំដៅកាត់បន្ថយទាំងការចំណាយថវិកា និងពេលវេលា៕
ដោយ៖ មឿន ឌីណា (Moeun Dyna)