ភ្នំពេញ៖ អង្គការសុខភាពពិភពលោក (WHO) មានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះវីរុស COVID-19 បំប្លែងខ្លួនថ្មី B.1.1.529 នៅខ្នែង Spike Protein ទី32 ខុសគ្នាយ៉ាងខ្លាំងពីវីរុសទម្រង់ដើម ដែលវ៉ាក់សាំងត្រូវបានអភិវឌ្ឍឡើង ដើម្បីប្រយុទ្ធប្រឆាំងនឹងវា ហើយវាឆ្លងលឿនខ្លាំងទ្វេដងជាងទម្រង់ដែលតាទៅទៀត។ បើតាមនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង (CDC)។
នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានបន្តថា ប្រភពរកឃើញដំបូងនៅប្រទេសបុតស្វាណា (Botswana) និងចម្លងទៅប្រទេសអាហ្វ្រិកខាងត្បូង ព្រមទាំងប្រទេសមួយចំនួនទៀតដូចជា ណាមីបៀ (Namibia) ហ្ស៊ីមបាបវ៉េ (Zimbabwe) ឡេសូថូ (Lesotho) និងអេស្វាទីនី (Eswatini)ដែលជាប្រទេសស្ថិតនៅទ្វីបអាហ្រ្វិក។
មេរោគបំប្លែងខ្លួនថ្មី B.1.1.529 នៅខ្នែង Spike Protein ទី32នេះ បានរកឃើញចំនួនពីរករណីនៅក្រុងហុងកុងដែលធ្វើដំណើរត្រលប់ពីប្រទេសអាហ្វ្រិកខាងត្បូង។ បើតាមការបញ្ជាក់របស់ CDC៕
ដោយ៖ មឿន ឌីណា (Morun Dyna)