កំពត៖ ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនៅខេត្តកំពត បានចាប់ផ្តើមអនុវត្តតាំងពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០០៣ សម្រេចបានចំនួន ៣៥៨ភូមិ ស្មើនឹង ៧៣,៣៦% នៃចំនួនភូមិសរុប ៤៨៨ ភូមិ ប្រមូលទិន្នន័យសរុបបានចំនួន ៦០៧,៣៩២ក្បាលដី ស្មើនឹង ៧៥.៩២% នៃក្បាលដី ប៉ាន់ស្មានសរុប ៨០០,០០០ក្បាលដី ចែកបណ្ណដល់ដៃប្រជាពលរដ្ឋក្នុងខេត្តបានចំនួន ៥៣៧,៣៩៥បណ្ណ ស្មើនឹង ៦៧.១៧% នៃក្បាលដឺប៉ាន់ស្មានសរុប ៨០០,០០០ក្បាលដី សរុបផ្ទៃដីទំហំ ១៥២,៨២២ហិកតា។ បើតាមរបាយការណ៍របស់រដ្ឋបាលខេត្តកំពត។
រដ្ឋបាលខេត្តកំពតបានបន្តថា លោក ម៉ៅ ធនិន អភិបាលខេត្តកំពត និងលោក ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញជាអធិបតី ក្នុងពិធីផ្សព្វផ្សាយសេចក្តីប្រកាសកំណត់តំបន់វិនិច្ឆ័យ សម្រាប់ការចុះបញ្ជីដែលមានលក្ខណៈជាប្រព័ន្ធនៅភូមិបន្ទាយមាស ឃុំបន្ទាយមាសខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១។
ការចុះបញ្ជីដីជាប្រព័ន្ធនៅស្រុកបន្ទាយមាស ចាប់ផ្តើមដំណើរការពីឆ្នាំ២០០៩ គិតមកដល់បច្ចុប្បន្នមានរយៈពេល ១២ឆ្នាំហើយ។ ស្រុកបន្ទាយមាស មានឃុំចំនួន១៥ ភូមិចំនួន៨៨ និងបានចុះបញ្ជីរួចចំនួន ៦១ភូមិ (៦៩,៣% នៃ៨៨ភូមិ) ភូមិបន្ទាយមាស ជាភូមិទី៦២ ដែលបានកំណត់ប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យ សម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ហើយមានក្បាលដីប៉ាន់ស្មានចំនួនប្រមាណ ១,១០០ក្បាលដី។ បើតាមរដ្ឋបាលខេត្តដដែល៕
ដោយ៖ មឿន ឌីណា (Morun Dyna)