Register Already an agent ? Login

រដ្ឋបាលខេត្តរតនគិរី គ្រោងដាក់ភ្លើងបំភ្លឺផ្លូវសាធារណៈ ដោយប្រើប្រព័ន្ធបច្ចេកវិទ្យាឆ្លាតវ៉ៃ ដែលជប៉ុនដំឡើង

រតនគិរីៈ ខេត្តរតនគិរី គ្រោងបំពាក់ភ្លើងបំភ្លឺផ្លូវសាធារណៈ ដោយប្រើប្រព័ន្ធបច្ចេកវិទ្យាឆ្លាតវ៉ៃ នៅក្នុងភូមិសាស្ត្រខេត្តដំឡើងដោយ ក្រុមហ៊ុនជប៉ុន មីនេបៀ ដែលជាក្រុមហ៊ុនផ្គត់ផ្គង់ភ្លើងបំភ្លឺផ្លូវឆ្លាតវ៉ៃប្រភេទ LED។ បើតាមមន្ទីរព័ត៌មានខេត្តរនគិរី បានបន្តឱ្យដឹងថា ក្រុមហ៊ុន បានសិក្សាទីតាំងភូមិសាស្រ្តរួចរាល់ហើយ នៅឡើយតែពិនិត្យពិភាក្សាគ្នាលើគម្រោងនេះ។

មន្ទីរព័ត៌មានខេត្តរតនគិរីបានបន្តថា នៅក្នុងកិច្ចប្រជុំពិភាក្សាការងារជាមួយ លោក អា អូគី ប្រធាននាយកដ្ឋានផ្នែកលក់តំណាងក្រុមហ៊ុន ជប៉ុន មីនេបៀ លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានបង្ហាញការគាំទ្រពាក់ព័ន្ធនឹងគម្រោងបំពាក់ភ្លើងបំភ្លឺផ្លូវសាធារណៈ ដោយប្រព័ន្ធបច្ចេកវិទ្យាឆ្លាតវ៉ៃ នៅក្នុងខេត្តរតនគិរី។

កិច្ចប្រជុំខាងលើដែលធ្វើឡើងកាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ លោក ញ៉ែម សំអឿន បានជំរុញលើការងារបំពាក់ភ្លើងបំភ្លឺផ្លូវសាធារណៈ ឱ្យបានគ្រប់គ្រាន់លើផ្លូវនានាក្នុងភូមិសាស្ត្រខេត្តរតនគិរី។ បើតាមមន្ទីរព័ត៌មានដដែល។

មន្ទីរព័ត៌មានខេត្តរតនគិរីបានបន្តទៀតថា នាឱកាសនោះ លោក អា អូគី បានសម្ដែងនូវការអរគុណ ចំពោះ លោក អភិបាលខេត្ត ដែលបានអនុញ្ញាតឱ្យលោក និងសហការី ចូលជួបសម្ដែងការគួរសម ព្រមទាំងបានជម្រាបជូនអំពីគម្រោងដែលក្រុមហ៊ុនបានសិក្សាពីទីតាំងភូមិសាស្រ្ត ដែលរដ្ឋបាលខេត្តបានចង្អុលបង្ហាញ ក្នុងការបំពាក់ភ្លើងបំភ្លឺ ដែលគ្រោងនឹងធ្វើការវិនិយោគ លើវិស័យផ្គត់ផ្គង់ភ្លើងបំភ្លឺផ្លូវសាធារណៈឆ្លាតវ៉ៃនៅលើទឹកដី ខេត្តរតនគិរី។

ភាគីក្រុមហ៊ុន បានធ្វើបទបង្ហាញពាក់ព័ន្ធនឹងគម្រោងបំពាក់ភ្លើងបំភ្លឺផ្លូវសាធារណៈដោយប្រព័ន្ធបច្ចេកវិទ្យាឆ្លាតវ៉ៃជូនឯកឧត្តមអភិបាលខេត្តផងដែរ។

បើតាមប្រភពដដែលបានបន្ថែមថា លោក ញ៉ែម សំអឿន បានថ្លែងនូវការអរគុណចំពោះតំណាងក្រុមហ៊ុនជប៉ុន មីនេបៀ ដែលមានបំណងធ្វើការវិនិយោគភ្លើងបំភ្លឺផ្លូវសាធារណៈនៅពេលនេះ។ លោក មានប្រសាសន៍ថា រដ្ឋបាលខេត្តសង្ឃឹមថា ក្រុមហ៊ុននឹងបន្ធូរបន្ថយនូវតម្លៃសមស្របទៅនឹងបរិបទ នាពេលបច្ចុប្បន្ន ដើម្បីរដ្ឋបាលខេត្តរកកញ្ចប់ថវិកាសម្រេចលើគម្រោងមួយនេះឈានទៅដាក់ឱ្យដំណើរការ។

លោក អភិបាលខេត្ត បានបញ្ជាក់ថា ក្នុងនាមរដ្ឋបាលខេត្តរតនគិរី សូមគាំទ្រសហការ ផ្តល់ឱកាសឱ្យក្រុមហ៊ុនវិនិយោគលើវិស័យផ្គត់ផ្គង់ ភ្លើងបំភ្លឺផ្លូវសារធារណៈនៅក្នុងខេត្តរតនគិរី ដែលនឹងរៀបចំឡើងនាពេលខាងមុខ ក្រោយពិនិត្យសិក្សា និងឯកភាពគ្នាលើគម្រោងមួយនេះរួចរាល់៕

ដោយ៖ មឿន ឌីណា (Moeun Dyna)