ព្រះសីហនុ៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៍ឱ្យដឹងថា សម្ដេចតេជោ ហ៊ុន សែន នឹងអញ្ជើញសម្ពោធហេដ្ឋារចនាសម្ព័ន្ធផ្លូវទាំង ៣៧ខ្សែ និងអាងប្រព្រឹត្តកម្មទឹកកខ្វក់ទី១ និងទី២ នៅដើមខែធ្នូ ឆ្នាំ២០២១ ខាងមុខ។ បើតាមរដ្ឋបាលខេត្តព្រះសីហនុ។
បើតាមរដ្ឋបាលខេត្តព្រះសីហនុបានបន្តថា កាលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ដឹកនាំមន្ត្រីជំនាញចុះពិនិត្យទីលានតេជោ (ពយតាមូង) ស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ក្នុងឱកាសចុះពិនិត្យទីលានតេជោ លោក គួច ចំរើន បានណែនាំដល់ក្រុមហ៊ុនស្ថាបនាទីលានតេជោ ត្រូវពន្លឿនការប្រមូលកាកសំណល់ និងលាងសម្អាតឱ្យបានស្អាត ព្រោះទីតាំងទីលានតេជោ រដ្ឋបាលខេត្តព្រះសីហនុ គ្រោងនឹងរៀបចំវេទិកាសម្ពោធហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ៣៧ខ្សែ និងអាងប្រព្រឹត្តកម្មទឹកកខ្វក់ទី១ និងទី២ នៅដើមខែធ្នូ ឆ្នាំ២០២១ ខាងមុខ។
នៅក្នុងថ្ងៃដដែលនោះ លោក អភិបាលខេត្ត ក៏បានអញ្ជើញទៅពិនិត្យការជួសជុលកែលម្អរង្វង់មូលតោពីរ ស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ ដើម្បីលើកស្ទួយសោភ័ណភាព ត្រៀមទទួលភ្ញៀវទេសចរជាតិ និងភ្ញៀវទេសចរបរទេសមកលេងកម្សាន្តនៅខេត្តព្រះសីហនុនាពេលខាងមុខផងដែរ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)