សៀមរាប៖ វឌ្ឍនភាព គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ៣៨ខ្សែ មានប្រវែងសរុប ១០៦.៤២៤គីឡូម៉ែត្រ នៅក្រុងសៀមរាប ខេត្តសៀមរាប សម្រេចបាន ៨៩.៣៩% នៃទំហំការងារសរុប នឹងបញ្ចប់ការងារសាងសង់នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១នេះ។ បើតាមរបាយការណ៍វឌ្ឍនភាពការងាររបស់អគ្គនាយកដ្ឋានបច្ចេកទេស។
ហេដ្ឋារចនាផ្លូវនៅក្នុងសៀមរាប ចំណាយថវិកាជាតិសរុបប្រមាណ ១៤៩,២១៦,៥៩៥ដុល្លារ ដោយក្នុងនោះចំនួន ៩លានដុល្លារ ចំណាយលើការងារចាំបាច់ក្នុងការរៀបចំ ស្ថាបនាប្រព័ន្ធបង្ហូរទឹកភ្លៀង និងទឹកកខ្វក់ ឋិតក្រៅគម្រោងសាងសង់ខ្សែផ្លូវទាំង៣៨នេះ ចំណាយពេលសាងសង់ចំនួន ១៣ខែ គ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២១។ បើតាមរបាយការណ៍ដដែល។
ការសាងសង់ត្រូវបានបែងចែកជាបួនប្រភេទរួមមាន៖ ១-ផ្លូវជួសជុលដោយអ៊ុតបេតុងកៅស៊ូ (AC) បន្ថែមពីលើកម្រាស់ ៥សង់ទីម៉ែត្រ ប្រវែងសរុប ៣១.៧៧០គីឡូម៉ែត្រ។ ២-ផ្លូវស្ថាបនាដោយក្រាលបេតុង សរសៃដែក កម្រាស់២០សង់ទីម៉ែត្រ រួចអ៊ុតក្រាលបេតុងកៅស៊ូ(AC)ពីលើ កម្រាស់ ៥ ទៅ ៧ សង់ទីម៉ែត្រ ប្រវែងសរុប ៧,៨៦៤ គីឡូម៉ែត្រ។
៣-ផ្លូវជួសជុលដោយក្រាលថ្មម៉ិច រួចអ៊ុតបេតុងកៅស៊ូ (AC) ពីលើកម្រាស់៥ ទៅ ៧សង់ទីម៉ែត្រ ប្រវែងសរុប ១៣.៧៣៨ គីឡូម៉ែត្រ។ ៤-ផ្លូវស្ថាបនាដោយក្រាលបេតុង សរសៃដែកកម្រាស់២០ ទៅ ២៥សង់ទីម៉ែត្រ ប្រវែងសរុប ៥០.៨៦២គីឡូម៉ែត្រ និងការរៀបចំចិញ្ចើមផ្លូវ EN-០៣ ប្រវែង ២.១៩០គីឡូម៉ែត្រផងដែរ។
ដោយឡែក ការងារសាងសង់ប្រព័ន្ធបណ្ដាញបង្ហូរទឹកមានប្រវែងសរុប ២៤៨.៧២៤គីឡូម៉ែត្រ ការងារសាងសង់ប្រព័ន្ធបណ្ដាញលូទឹកភ្លៀងប្រវែងសរុប ១៤៧.០០៥គីឡូម៉ែត្រ និងការងារសាងសង់ប្រព័ន្ធបណ្ដាញលូទឹកកខ្វក់មានប្រវែង១០១.៧១៩គីឡូម៉ែត្រ និងការងារដំឡើងបរិក្ខារផ្លូវថ្នល់រួមមាន ការងារបំពាក់កាមេរ៉ាសុវត្ថិភាព ដំឡើងបង្គោលភ្លើងបំភ្លឺផ្លូវ ការងារបំពាក់បរិក្ខារចរាចរណ៍ ការងារដំឡើងភ្លើង សញ្ញាចរាចរណ៍ ការងារដាំដើមឈើលើខ្សែផ្លូវដែលស្ថិតក្នុងគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវទាំង ៣៨ខ្សែ។
ការស្ដារ-កែលម្អដងស្ទឹងសៀមរាបទាំងសងខាង ចាប់ពីស្ពានរ៉ោករ៉ាកដល់អាងក្រពើប្រវែងសរុប ៩,០៥០ម៉ែត្រ គិតត្រឹមថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១ រួមមានសម្របសម្រួលដោះស្រាយសំណង់អាសន្នចេញពីដងស្ទឹងសម្រេចបាន ១០០% ការយកសំណង់-លក់ដូរចេញពីដងស្ទឹង ការងារភក់ពីបាតស្ទឹង ការងារទប់ដីមិនឱ្យបាក់ច្រោះតាមដងស្ទឹង។ បើតាមសេចក្ដីប្រកាសព័ត៌មានទីស្ដីការគណៈរដ្ឋមន្រ្តីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១។
បើតាមសេចក្ដីប្រកាសព័ត៌មាននេះបានបន្តថា ជាមួយគ្នានេះ ការងារបង្វែរលូទឹកកខ្វក់ ការងារគាស់-ដាំកូនឈើឡើងវិញ ការងារក្រាលថ្មក្រានីត ការងាររៀបចំតារាងកីឡាប៉េតង់ ការងារចាក់បេតុងចំណតរថយន្តទេសចរណ៍ RV ការងារដាំស្មៅជប៉ុន ការងាររៀបចំខឿនអង្គុយកម្សាន្ត ការងារដាំរុក្ខជាតិប្របមាត់ស្ទឹង និងការងាររៀបចំភ្លើងបំភ្លឺសាធារណៈតាមដងស្ទឹងសម្រេចបាន ៦៦%។
នៅក្នុងសេចក្ដីប្រកាសព័ត៌មានបានបញ្ជាក់ថា គម្រោងនេះនឹងចូលរួមសម្រួលចរាចរណ៍ លើកកម្ពស់សោភណ្ឌភាពទីក្រុង ទាក់ទាញទេសចរនិងវិនិយោគិន និងជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព ធានាជំរុញអភិវឌ្ឍក្រុងសៀមរាបដែលជាតំបន់បេតិកភណ្ឌ វប្បធម៌ ប្រវត្តិសាស្រ្ត និងទេសចរណ៍ពិភពលោក ឱ្យក្លាយជាតំបន់ស្នូលនៃប៉ូលអភិវឌ្ឍន៍ជាតិ។
គម្រោងនេះមានគោលដៅប្រែក្លាយក្រុង សៀមរាប ខេត្តសៀមរាបឱ្យក្លាយជាទីក្រុងដ៏ទំនើបពោរពេញដោយសោភណ្ឌភាព បរិស្ថានល្អសម្រាប់ការ រស់នៅឱ្យសក្ដិសមជាទីក្រុងទេសចរណ៍ វប្បធម៌ និងប្រវត្តិសាស្ត្រ អាចទាក់ទាញភ្ញៀវទេសចរណ៍បានកាន់តែច្រើនសំដៅលើកស្ទួយសេដ្ឋកិច្ចជាតិឱ្យកាន់តែមានការរីកចម្រើន ព្រមទាំងធ្វើឱ្យប្រសើរឡើងដល់ការតភ្ជាប់ពីទីប្រជុំជនក្រុងសៀមរាបទៅកាន់តំបន់ដាច់ស្រយាលផងដែរ។
ផ្លូវទាំង ៣៨ខ្សែនេះ បានសម្ពោធបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន គ្រោងនឹងបញ្ចប់ការងារសាងសង់នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១នេះ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)