ភ្នំពេញ៖ រយៈពេល ២៣ឆ្នាំកន្លងមកនេះ កម្ពុជាបានកសាងផ្លូវជាតិ ផ្លូវខេត្ត និងផ្លូវជនបទ ក្រាលកៅស៊ូបានប្រវែង១៥.០០០គីឡូម៉ែត្រ បានសាងសង់ស្ពានចំនួន ២០កន្លែងឆ្លងកាត់ទន្លេមេគង្គ ទន្លេ បាសាក់ និងទន្លេសាប។ បើតាមការថ្លែងឱ្យដឹងពី លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង សាធារណការ និងដឹកជញ្ជូន បានបន្តថា បានលើកកម្ពស់ព្រលានយន្តហោះចំនួន៣ តាមស្តង់ដារអន្តរជាតិនៅរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ និងបន្តអភិវឌ្ឍព្រលានយន្តហោះអន្តរជាតិចំនួន ៣កន្លែង ដោយឈរលើគោលការណ៍កសាងប្រតិបត្តិផ្ទេរ (BOT) នៅភ្នំពេញ ខេត្តសៀមរាប និងខេត្តកោះកុង។
ការថ្លែងខាងលើរបស់ លោក ស៊ុន ចាន់ថុល បានផ្ដល់បទសម្ភាសដល់ទូរទស្សន៍ CNBC នាថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ ខណៈ ដឹកនាំកិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ាន ដែលលោកជាប្រធាននៃអង្គកិច្ចប្រជុំនេះ។
បើតាមកិច្ចសម្ភាសនោះ លោក រដ្ឋមន្រ្តីបានមានប្រសាសន៍បន្តថា ជាងនេះទៅទៀត ផ្លូវល្បឿនលឿនមួយខ្សែតម្លៃជាង ២ពាន់លានដុល្លារ ជិតនឹងបញ្ចប់ការភ្ជាប់ពីទីក្រុងភ្នំពេញទៅកាន់កំពង់ផែសមុទ្រទឹកជ្រៅ ខេត្តព្រះសីហនុ ដោយផ្អែកលើគោលការណ៍ BOT ការផ្តល់ហិរញ្ញប្បទានដល់ហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជាបានមកពីដៃគូអភិវឌ្ឍន៍ជាច្រើន រួមមាន៖ ប្រទេសចិន ជប៉ុន កូរ៉េ ធនាគារពិភពលោក ធនាគារអភិវឌ្ឍន៍អាស៊ី ថៃ វៀតណាម និងប្រភពថវិកាជាតិផងដែរ។
លោក បានបញ្ជាក់ «ដូច្នេះកម្ពុជាមិនពឹងផ្អែកលើប្រទេសចិនសម្រាប់ការផ្តល់ហិរញ្ញប្បទាន ១០០% ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួនឡើយ»។
នៅក្នុងកិច្ចសម្ភាសដដែល លោក ស៊ុន ចាន់ថុល បានជំរុញឱ្យក្រុមហ៊ុននានានៅ អាមេរិកពិចារណាចូលរួមក្នុងដំណើរការ ដេញថ្លៃ ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា។ លោក រដ្ឋមន្ត្រី បានកត់សម្គាល់ថា៖ «ដំណើរការ ដេញថ្លៃគោរពតាមនីតិវិធីរបស់ធនាគារពិភពលោក និងទីភ្នាក់ងារJICA ស្របតាមស្តង់ដារអន្តរជាតិ»។ លោក ក៏បានលើកទឹកចិត្តដល់វិស័យឯកជនឱ្យចូលរួមក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធ ប្រកបដោយគុណភាពនៅកម្ពុជា ដោយផ្អែកលើគោលការណ៍ PPP និង BOT។
រដ្ឋមន្រ្តីសាធារណការ និងដឹកញ្ជូនកម្ពុជា បានបញ្ជាក់នៅក្នុងកិច្ចសម្ភាសជាមួយទូរទស្សន៍ CNBC ថា «រដ្ឋាភិបាលនឹងធ្វើការរួមគ្នាជាមួយវិស័យឯកជន លើគោលការណ៍ភាពជាដៃគូរដ្ឋនិងឯកជន (PPP) ដើម្បីធានាដល់ការដំឡើងស្ថានីយ៍សាកថ្មឱ្យបានគ្រប់គ្រាន់ និងធានាថាការបោះចោលអាគុយចាស់ត្រូវបានធ្វើឡើងត្រឹមត្រូវ»។
លោក បានមានប្រសាសន៍បន្តទៀតថា បច្ចុប្បន្ន ក្រសួងកំពុងធ្វើការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីកាត់បន្ថយអត្រាពន្ធសម្រាប់រថយន្តអគ្គិសនីឱ្យបាន ៥០%។
បន្ទាប់មក លោក រដ្ឋមន្ត្រី បានផ្តោតការពិភាក្សាជាសំខាន់លើការវិនិយោគផ្ទាល់ពីបរទេស (FDI) និងកំណើននៃការអភិវឌ្ឍរបស់កម្ពុជា ដោយគូសបញ្ជាក់ថា៖ ជាទូទៅFDI ជាមធ្យមមានប្រហែលបីពាន់ លានដុល្លារក្នុងមួយឆ្នាំនៅក្នុងគម្រោងផ្សេងៗ។
ទាក់ទងនឹងគោលនយោបាយវិនិយោគ លោក ស៊ុន ចាន់ថុល បានមានប្រសាសន៍រម្លឹកឡើងវិញថា កម្ពុជា ជាប្រទេសតូច មានប្រព័ន្ធសេដ្ឋកិច្ចបើកចំហប្រកបដោយរបបវិនិយោគសេរីនៅតំបន់អាស៊ី ក្នុងនោះរាជរដ្ឋាភិបាលដើរតួនាទីជាអ្នកសម្របសម្រួលសម្រាប់វិស័យឯកជន មិនមែនអ្នកគ្រប់គ្រងវិស័យឯកជននោះទេ។ ជោគជ័យរបស់វិស័យឯកជនគឺជាជោគជ័យរបស់ប្រទេស៕
ដោយ៖ មឿន ឌីណា (Moeun Dyna)