ភ្នំពេញ៖ នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ាន និងសាធារណរដ្ឋកូរ៉េលើកទី១២ លោក ស៊ុន ចាន់ថុល បានថ្លែងឱ្យដឹង អំពីគម្រោង និងសកម្មភាពផ្សេងៗដែលកំពុងអនុវត្តនៅកម្ពុជា និងគម្រោងដែលនឹងត្រូវអនុវត្តក្រោមកិច្ចសហប្រតិបត្តិការដឹកជញ្ជូនផងដែរ។ លោក បានបញ្ជាក់ថា គម្រោងទាំងនោះ រួមមាន៖ គម្រោងចំនួន ៤០ក្រោមផែនទីបង្ហាញផ្លូវកិច្ចសហប្រតិបត្តិការដឹកជញ្ជូនអាស៊ាន-កូរ៉េឆ្នាំ២០២១-២០២៥ និងគម្រោងចំនួនពីរដែលបានអនុវត្តក្រោមផែនទីបង្ហាញផ្លូវកិច្ចសហប្រតិបត្តិការដឹកជញ្ជូន អាស៊ាន-កូរ៉េខាងត្បូង២០១៨-២០២០។
កិច្ចប្រជុំខាងលើដឹកនាំដោយ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា ជាប្រធានកិច្ចប្រជុំ និងសមភាគី លោក HWANG, SEONG KYU អនុរដ្ឋមន្ត្រីក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូនរដ្ឋកូរ៉េខាងត្បូង ធ្វើជាសហប្រធានកិច្ចប្រជុំ ដែលធ្វើឡើងនាថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១។
ថ្លែងក្នុងសុន្ទរកថាបើក លោក ស៊ុន ចាន់ថុល បានគូសបញ្ជាក់ពីការគាំទ្រយ៉ាងទូលំទូលាយរបស់ កូរ៉េខាងត្បូង ចំពោះអាស៊ានក្នុងពេលដ៏លំបាកដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩ ដែលក្នុងនោះកូរ៉េបានចូលរួមវិភាគទានដល់មូលនិធិឆ្លើយតបនឹងជំងឺកូវីដ-១៩ របស់អាស៊ានក៏ដូចជាកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍ ការផលិតនិងការចែកចាយឱសថ និងវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ផងដែរ។
លោក រដ្ឋមន្រ្តី បានថ្លែងដោយសម្គាល់ថា កូរ៉េខាងត្បូងបានដើរតួនាទីយ៉ាងសកម្មនៅក្នុងផែនការ យុទ្ធសាស្ត្រដឹកជញ្ជូនអាស៊ាន (ATSP) តាមរយៈការអនុវត្តគម្រោងនិងសកម្មភាពជាច្រើន ក្រោមផែនទីបង្ហាញផ្លូវកិច្ចសហប្រតិបត្តិការដឹកជញ្ជូនអាស៊ាន-កូរ៉េ ក្នុងនោះរួមមាន៖ ការអភិវឌ្ឍធនធានមនុស្ស ការសិក្សាលទ្ធភាពអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងកម្មវិធីគ្រប់គ្រងនិងបច្ចេកវិទ្យាឆ្នាំ២០២១។
មន្រ្តីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសាធារណរដ្ឋកូរ៉េ ដែលបានផ្តល់ការ គាំទ្រប្រកបដោយសប្បុរសរបស់ខ្លួនដល់ការកសាងមជ្ឈមណ្ឌលបណ្តុះបណ្តាលចរាចរណ៍ផ្លូវអាកាសកម្ពុជា និងការធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ៤៨ ដែលជាផ្លូវហាយវេអាស៊ានលេខ១២៣ ក៏ដូចជាការចូលរួមចំណែកក្នុងការធ្វើឱ្យប្រសើរឡើងគម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗផ្សេងទៀតនៅកម្ពុជា។
ថ្លែងក្នុងសុន្ទរកថាបិទ លោក ស៊ុន ចាន់ថុល បានកត់សម្គាល់អំពីការឯកភាពលើផែនទីបង្ហាញផ្លូវកិច្ច សហប្រតិបត្តិការដឹកជញ្ជូនអាស៊ាន-កូរ៉េឆ្នាំ២០២១-២០២៥ និងការធ្វើបច្ចុប្បន្នភាពលទ្ធផលនៃការចរចា កិច្ចព្រមព្រៀងសេវាកម្មផ្លូវអាកាសអាស៊ាន-កូរ៉េ ដែលនឹងត្រូវអនុវត្តក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ។
លោក រដ្ឋមន្ត្រីមានជំនឿជាក់ថា៖ «ផែនទីបង្ហាញផ្លូវនេះនឹងត្រូវបានអនុវត្តដោយជោគជ័យ និងទាន់ពេលវេលា តាមរយៈការប្តេជ្ញាចិត្តយ៉ាងមុតមាំ និងការខិតខំប្រឹងប្រែងរួមគ្នា»៕
ដោយ៖ មឿន ឌីណា (Moeun Dyna)