ភ្នំពេញ៖ នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ានលើកទី២៧ (ATM) ជាមួយក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-សហរដ្ឋអាមេរិក (US-ABC) តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា បានថ្លែងបញ្ជាក់ថា «កម្ពុជាត្រូវការថវិកាប្រមាណ ៤៨ពាន់លានដុល្លារ ដើម្បីអនុវត្តគម្រោងចំនួន ៣៣០គម្រោង ដែលត្រូវបានកំណត់នៅក្នុងផែនការមេប្រព័ន្ធដឹកជញ្ជូនពហុមធ្យោបាយ និងការតភ្ជាប់ក្នុងរយៈពេល ១០ឆ្នាំខាងមុខ»។
កិច្ចប្រជុំខាងលើដែលធ្វើឡើងកាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ ដឹកនាំដោយ លោក ស៊ុន ចាន់ថុល បានថ្លែងបន្តថា តាមការប៉ាន់ប្រមាណបង្ហាញថា អាស៊ានត្រូវការថវិកាប្រមាណ ២១០ពាន់លានដុល្លារ ក្នុងមួយឆ្នាំ រហូតដល់ឆ្នាំ២០៣០សម្រាប់ការវិនិយោគលើហេដ្ឋារចនា សម្ព័ន្ធប្រកបដោយគុណភាព ដើម្បីបង្កើនប្រសិទ្ធភាពនៃការដឹកជញ្ជូនតំបន់ ភស្តុភារកម្ម និងខ្សែសង្វាក់ ផ្គត់ផ្គង់។
ថ្លែងក្នុងសន្ទរកថាបើក លោក ស៊ុន ចាន់ថុល បានគូសបញ្ជាក់ពីបញ្ហាប្រឈមដ៏ធំបំផុត ដែលបង្កើតឡើងដោយជំងឺរាតត្បាតកូវីដ-១៩ មិនត្រឹមតែសម្រាប់តំបន់អាស៊ាន និងសហរដ្ឋអាមេរិកប៉ុណ្ណោះទេ ប៉ុន្តែ ម្រាប់តំបន់ផ្សេងទៀតជុំវិញពិភពលោកផងដែរ។
បើតាម រដ្ឋមន្ត្រីសាធារណការ និងដឹកជញ្ជូនកម្ពុជា បានកត់សម្គាល់ថា តាមរយៈ វិធានការឆ្លើយតបប្រកបដោយប្រសិទ្ធភាព ពិភពលោកបានដើរលើគន្លងផ្លូវឆ្ពោះទៅរកការងើបឡើងវិញនៃ សេដ្ឋកិច្ចសង្គម ហើយបច្ចុប្បន្នរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ានកំពុងធ្វើការឆ្ពោះទៅរកការស្តារឡើងវិញ ក្រោយវិបត្តិកូវីដ-១៩ ដើម្បីធានាការតភ្ជាប់ប្រកបដោយនិរន្តរភាព និងភាពធន់។
ជាមួយគ្នានោះផងដែរ លោក ស៊ុន ចាន់ថុល បានជម្រាបជូនអង្គប្រជុំអំពីលទ្ធផលសំខាន់ៗនៃកិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ានលើកទី២៧ និងបញ្ហាអាទិភាពសំខាន់ៗ រួមមានដូចខាងក្រោមគឺ៖
-ការបញ្ចប់ពិធីសារដើម្បី អនុវត្តកញ្ចប់សន្យាទី១២ ស្តីពីសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាសក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ាន។
-ស្តីពីសេវាកម្ម ការបញ្ចប់ការចរចាកិច្ចព្រមព្រៀងដឹកជញ្ជូនផ្លូវអាកាសគ្រប់ជ្រុងជ្រោយអាស៊ាន-សហភាព អឺរ៉ុប ការដាក់ឱ្យដំណើរការការអនុវត្តពិធីសារទី៧។
-ស្តីពីប្រព័ន្ធដឹកជញ្ជូនឆ្លងកាត់គយអាស៊ាននៃកិច្ចព្រម ព្រៀងក្របខណ្ឌអាស៊ានស្តីពីកិច្ចសម្រួលដឹកជញ្ជូនទំនិញឆ្លងកាត់ និងការអនុម័តសេចក្តីប្រកាសភ្នំពេញ។
-ស្តីពីការដឹកជញ្ជូនក្នុងទីក្រុងប្រកបដោយនិរន្តរភាព ដែលជួយពង្រឹងបន្ថែមដល់ការរួមបញ្ចូលគ្នានៃការដឹក ជញ្ជូនក្នុងទីក្រុងប្រកបដោយនិរន្តរភាព និងការធ្វើផែនការប្រើប្រាស់ដីក្នុងតំបន់អាស៊ាន។
សូមបញ្ជាក់ថា លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា ជាប្រធានកិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ាន បានដឹកនាំកិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ានលើកទី២៧ ជាមួយក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-សហរដ្ឋអាមេរិក (US-ABC) តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ ដោយមានការអញ្ជើញចូលរួមពី ឯកអគ្គរដ្ឋទូត Michael W. Michalak អនុប្រធានជាន់ខ្ពស់ និងជានាយកគ្រប់គ្រងប្រចាំតំបន់នៃក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-សហរដ្ឋអាមេរិក (US-ABC) លោក លោកស្រី រដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ាន អគ្គលេខាធិការ អាស៊ាន សមាជិកUS-ABC និងគណៈប្រតិភូអមដំណើរ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)