Register Already an agent ? Login

អគារទីស្ដីការក្រសួងមហាផ្ទៃថ្មី លើដីទំហំ ៥.៦ហិកតា កម្ពស់ ៤៣ម៉ែត្រ ស្ថាបត្យកម្មក្លាសិករចនាបថខ្មែរ លំនាំតាមប្រសាទអង្គរ

ភ្នំពេញ៖ អគារទីស្ដីការក្រសួងមហាផ្ទៃថ្មី មានទីតាំងនៅអគារចាស់ដែលមានផ្ទៃដីសរុបទំហំ ៥.៦ហិកតា ផ្ទៃក្រឡាសាងសង់សរុបនៃអគារ មានទំហំ ១០៥.៥៤៥ម៉ែត្រការ៉េ កម្ពស់អាគារ ៤៣.៥ម៉ែត្រ។ ប្លង់ស្ថាបត្យកម្មអគារនេះ ជាប្រភេទស្ថាបត្យកម្មក្លាសិករចនាបថខ្មែរ ដំបូលប្រក់ក្បឿងស្រកាលិញ មានបុស្សបុក៥ លំនាំតាមប្រសាទអង្គរ និងបានគិតគូរយ៉ាងហ្មត់ចត់អំពីពន្លឺ និងខ្យល់ធម្មជាតិចេញចូល។ បើតាមទំព័រហ្វេសប៊ុកសម្ដេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

អគារថ្មីនេះ មានទំហំ ១៥៣ម៉ែត្រ គុណ៨៣ម៉ែត្រ កម្ពស់ ៩ជាន់ មិនរាប់បញ្ចូលជាន់ផ្ទាល់ដី និងជាន់សម្រាប់ចំណតរថយន្តក្នុងអគារដែលអាចចតរថយន្តសរុបបានចំនួន ៣៣០គ្រឿង។ បើតាមទំព័រហ្វេសសម្ដេច ស ខេង បានបន្តទៀតថា ផ្នែកខាងមុខនៃផ្ទៃអគារបែរទៅទិសខាងកើត និងបែរចំទន្លេចតុមុខ ស្ថិតនៅតាមបណ្ដោយមហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

អគារទីស្ដីការថ្មីនេះ មានមុខងារប្រើប្រាស់ជារដ្ឋបាលប្រមូលផ្ដុំថ្នាក់ដឹកនាំក្រសួង ថ្នាក់ដឹកនាំអគ្គនាយកដ្ឋាន អង្គភាពឋានៈស្មើចំនួន១២ គណៈកម្មាធិការជាតិចំនួន៥ គណៈកម្មការក្រសួងមហាផ្ទៃចំនួន៦ លេខាធិការដ្ឋាន គ.ជ.អ.ប និងនាយកដ្ឋានជំនាញចំនួន៤២។ អគារនេះអាចផ្ទុកមនុស្សបានរហូតដល់ ៨៥០០នាក់។

បើតាម​ទំព័រហ្វេសប៊ុកសម្ដេច ឱ្យដឹងថា នាថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ បានអញ្ជើញជាអធិបតីពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់អគារទីស្ដីការថ្មីក្រសួងមហាផ្ទៃ។

សូមរម្លឹកក្នុងពិធីបើកសម្ពោធអគារទីស្តីការក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ កាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ឱ្យដឹងថា អគារទីស្តីការក្រសួងមហាផ្ទៃថ្មី ចំណាយថវិកាសាងសង់ប្រមាណ ៦០លានដុល្លារ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)