លោក ច្រឹក សុខនីម៖ វិស័យអចលនទ្រព្យនឹងស្ទុះខ្លាំង វិនិយោគិនបរទេសអាចកើន៣០-៤០% ក្រោយចូលឆ្នាំចិន
ភ្នំពេញ៖ វិស័យអចលនទ្រព្យនៅកម្ពុជា នឹងមានសន្ទុះខ្លាំងឡើងវិញនៅឆ្នាំ២០២២ ពិសេសក្រោយពិធីចូលឆ្នាំប្រពៃណីចិន ដោយលំហូរវិនិយោគិនបរទេសអាចនឹងមានដល់ ៣០ ទៅ៤០ភាគរយ។ បើតាមការព្យាកររបស់ លោក លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA)។
នៅសន្និសីទសារព័ត៌មានស្តីពីការរៀបចំសមាជិកលើកទី២៣ នៃសមាគមអ្នកវាយតម្លៃអចលនវត្ថុអាស៊ាន (AVA) កាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២១ លោក ច្រឹក សុខនីម បានថ្លែងបន្តថា ការងើបឡើងវិញនេះ គឺដោយសារតែរដ្ឋាភិបាលសម្រេចបើកប្រទេសឡើងវិញ ខណៈករណីឆ្លងក៏ធ្លាក់ចុះជាបណ្ដើរៗហើយ ដែលនឹងធ្វើឱ្យចរន្តសេដ្ឋកិច្ចដើរឡើងវិញ ដូច្នេះអ្នកវិនិយោគបរទេសក៏នឹងចាប់ផ្ដើមចូលមកវិញដែរ។
លោក បានលើកឡើងថា ក្រោយចូលឆ្នាំចិន វិនិយោគិនអចលនទ្រព្យភាគច្រើនគឺមកពីប្រទេសចិន ភាគច្រើនពួកគេនឹងវិនិយោគក្រោយឆ្នាំថ្មី។ តាមការវិភាគ វិនិយោគិនបរទេសអាចនឹងមានដល់ ៣០% ទៅ ៤០%។ លោកបន្តថា នៅពេលសេដ្ឋកិច្ចប្រទេសរីកចម្រើនខ្លាំង ការទិញ-លក់ និងជួលទីតាំងក៏មានច្រើនទៅតាមនោះដែរ ហេតុនេះកម្ពុជាចាំបាច់ត្រូវតែមានអ្នកជំនាញ/ស្ថាប័នវាយតម្លៃមួយដែលមានលក្ខណៈឯករាជ្យ វិជ្ជាជីវៈ និងមានការទទួលស្គាល់ជាអន្តរជាតិ។
លោក បានលើកឡើងបន្តថា តាមរយៈសមាជ AVA នាពេលខាងមុខខ្ញុំសង្ឃឹមថា កម្ពុជានឹងអាចដកស្រង់បទពិសោធ និងបច្ចេកទេសនៃការតម្លៃអចលនទ្រព្យពីសំណាក់អ្នកជំនាញនៅតាមប្រទេសនីមួយៗ ដើម្បីធ្វើឱ្យការវាយតម្លៃអចលនទ្រព្យឱ្យមានប្រសិទ្ធភាពខ្ពស់នឹងទទួលបានការគាំទ្រពីស្ថាប័នរដ្ឋាភិបាល ឯកជន អ្នកវិនិយោគ និងវិស័យធនាគារជាដើម។
លោក សុខនីម បានលើកឡើងបន្តទៀតថា បច្ចុប្បន្នមានអ្នកវិនិយោគចម្រុះសាសន៍ជាច្រើនកំពុងសម្លឹងរកឱកាសវិនិយោគនៅកម្ពុជា។ លោកបញ្ជាក់ថា៖ «ការចូលមករបស់អ្នកវិនិយោគ និងភ្ញៀវទេសចរនឹងធ្វើឱ្យវិស័យអចលនទ្រព្យកម្រើកឡើងវិញ។ ខ្ញុំគិតថា ទីផ្សារនេះនឹងចាប់ផ្តើមងើបឡើងវិញ បន្ទាប់ពីពិធីបុណ្យចូលឆ្នាំចិន»។
លោកបន្ថែមទៀតថា ដោយសារនៅពេលខាងមុខកម្ពុជានឹងត្រូវធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំ AVA ដែលមានការចូលរួមពីអ្នកជំនាញផ្នែកវាយតម្លៃជាច្រើនរូបនោះ ហេតុនេះកម្ពុជាសង្ឃឹមថានឹងទទួលបានអត្ថប្រយោជន៍ជាច្រើនសម្រាប់យកមកអភិវឌ្ឍជំនាញមួយនេះ។
គួបញ្ជាក់ថា AVA ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៨១ ដោយមានសមាជិកស្ថាបនិក ៥ប្រទេស រួមមាន ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន ថៃ និងសិង្ហបុរី។ បច្ចុប្បន្ន AVA មានសមាជិក ៨ ប្រទេស ដោយលើកលែងប្រទេសឡាវ និងមីយ៉ាន់ម៉ា។
លោកស្រី Susan Widjojo អគ្គលេខាធិការនៃសមាគមអចលនវត្ថុអាស៊ានបានថ្លែងថា បើទោះបីស្ថានភាពទីផ្សារអចលនទ្រព្យនៅតាមប្រទេសនីមួយៗមានលក្ខណៈមិនដូចគ្នា ប៉ុន្តែ AVA ពិតជាមានគោលបំណងចង់ធ្វើឱ្យការវាយតម្លៃរបស់សមាជិកប្រទេសទាំង ៨ មានស្តង់ដារួមដូចគ្នា។ ការផ្តល់សេវាកម្មដែលមានលក្ខណៈស្តង់ដារួម គឺពិតជាមានសារៈសំខាន់ក្នុងការបង្កើននូវទំនុកចិត្តពីសំណាក់អ្នកពាក់ព័ន្ធទាំងអស់។
គួបញ្ជាក់ថា AVA ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៨១ ដោយមានសមាជិកស្ថាបនិក ៥ប្រទេស រួមមាន ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន ថៃ និងសិង្ហបុរី។ បច្ចុប្បន្ន AVA មានសមាជិក ៨ ប្រទេស ដោយលើកលែងប្រទេសឡាវ និងមីយ៉ាន់ម៉ា។
ប្រទេសកម្ពុជានឹងត្រូវធ្វើជាប្រធានប្តូរវេននៃសមាគមអ្នកវាយតម្លៃអចលនវត្ថុអាស៊ាន និងជាម្ចាស់ផ្ទះរៀបចំសមាជលើកទី ២៣ នៅថ្ងៃទី ២៤-២៥ ខែវិច្ឆិកា ឆ្នាំ ២០២១ ក្រោមប្រធានបទ «ការវាយតម្លៃអចលនវត្ថុក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ ១៩»៕
ដោយ៖ មឿន ឌីណា (Moeun Dyna)