ភ្នំពេញ៖ បន្ទាប់ពីសម្ដេចតេជោ នាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសបើកប្រទេសឡើងវិញនៅដើមខែវិច្ឆិកានេះ ចាប់ពីថ្ងៃទី០៦-០៧ ខែវិច្ឆិកា ឆ្នាំ២០២១ កម្ពុជា ទទួលបានភ្ញៀវសរុប ១៧៤,៥៤៣នាក់ ក្នុងនោះភ្ញៀវទេសចរជាតិ ១៦៩,៥៣២នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ៥,០១១នាក់។ បើតាមការថ្លែងឱ្យដឹងពី លោក ថោងខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍។
លោក ថោង ខុន បានបញ្ជាក់ គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖ *ខេត្តព្រះសីហនុ ទទួលបានភ្ញៀវ ៣៧,៦៤១នាក់, *រាជធានីភ្នំពេញ ទទួលបានភ្ញៀវ ៣៥,២១០នាក់, *ខេត្តកំពត ទទួលបានភ្ញៀវ ១៦,៥០១នាក់, *ខេត្តសៀមរាប ទទួលបានភ្ញៀវ ១៥,១០០នាក់, *ខេត្តពោធិ៍សាត់ទទួលបានភ្ញៀវ ១០,៤៤៧នាក់។
ជាការកត់សម្គាល់របស់ លោក ថោង ខុន ទោះបីពុំមានថ្ងៃឈប់សម្រាកជាបុណ្យជាតិ ប៉ុន្តែចរន្តភ្ញៀវទេសចរផ្ទៃក្នុងនៅតែមានភាពសកម្មនៅរៀងរាល់ចុងសប្តាហ៍។
លោក បានបន្តថា រមណីយដ្ឋានទេសចរណ៍ និងគោលដៅទេសចរណ៍ទូទាំងប្រទេស បានបើកដំណើរការទទួលភ្ញៀវទេសចរ ខណៈដែលមូលដ្ឋានអាជីវកម្មទេសចរណ៍ដែលបានផ្អាកសកម្មភាពកន្លងមក ក៏បានរៀបចំដើម្បីទទួលភ្ញៀវទេសចរ ក៏ដូចជាត្រៀមខ្លួនទទួលភ្ញៀវទេសចរនាពេលថ្ងៃឈប់សម្រាកព្រះរាជពិធីបុណ្យអុំទូកខាងមុខផងដែរ។
ចំពោះការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានសង្កេតឃើញថា ទាំងម្ចាស់មូលដ្ឋានអាជីវកម្ម និងភ្ញៀវទេសចរមានការយល់ដឹងកាន់តែប្រសើរ និងបានចូលរួមអនុវត្តវិធានការនានាកាន់តែសកម្ម ពិសេសវិធានការ «៣កុំ និង ៣ការពារ» ស្របពេលដែលរដ្ឋបាលរាជធានី-ខេត្ត មន្ទីរទេសចរណ៍បានបន្តជំរុញការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្តង់ដារអប្បបរមា (SOP) ឱ្យបានគ្រប់មូលដ្ឋានអាជីវកម្ម៕
ដោយ៖ មឿន ឌីណា (Moeun Dyna)