កំពតៈ តម្លៃដីធ្លីនៅក្នុងខេត្តកំពតបន្តឡើងថ្លៃ ខណៈដែលរាជរដ្ឋាភិបាល បានប្រកាសបើកប្រទេសឡើងវិញ កាលពីដើមខែវិច្ឆិកានេះ ជាពិសេសការវិនិយោគលើវិស័យទេសចរណ៍ និងលំនៅដ្ឋាន។
តម្លៃដីធ្លីនៅតែបន្តកើនឡើង ពីមួយខែទៅមួយខែកើនឡើងរហូត មិនចាំបាច់ទាល់តែមានការប្រកាសបើកប្រទេសនោះទេ។ ជាពិសេស ការបើកប្រទេសឡើងវិញកាន់តែធ្វើឱ្យតម្លៃដីធ្លីក្នុងខេត្តកំពត កាន់តែមានប្រជាប្រិយភាពកើនឡើង និងអាចទាក់ទាញវិនិយោគិនក្នុងស្រុកនិងអន្តរជាតិកាន់តែច្រើនថែមទៀត។ បើតាមការលើកឡើងរបស់ លោក Cooler Tan អគ្គនាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ Youngsia Real Estate បានប្រាប់។
កាលពីមុនតម្លៃឡើងតិចៗទេ ឥឡូវនេះក្រោយបើកប្រទេសហើយ ខ្ញុំជឿថាតម្លៃនឹងកើនឡើងកាន់តែឡើង ហើយកាន់តែលឿនជាងមុនទៀត។ បើតាមការលើកឡើងបន្តរបស់ លោក Cooler Tan បានបន្តឱ្យដឹងថា តម្លៃដីធ្លីក្នុងក្រុងជាប់ផ្លូវជាតិ មានតម្លៃចាប់ពី៨០ ដល់ ១០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។ សម្រាប់ដីជាប់ផ្លូវលំតូចៗ មានតម្លៃពី២០ ដល់ ៦០ដុល្លារក្នុងមួយម៉ែត្រការ៉េ។
លោក អគ្គនាយកដដែល បានបន្ថែមថា សម្រាប់អ្នកវិនិយោគទិញដីទុកចំណេញ លោកបានណែនាំ៣ តំបន់ដែលមានសក្តានុពលសម្រាប់ថ្ងៃអនាគត ដូចជា តំបន់ជាយក្រុងដែលមានផែនការអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល ដូចជា កំពង់ផែទេសចរណ៍។ លោក បញ្ជាក់ «តំបន់នេះនឹងក្លាយជាតំបន់មានសក្តានុពលទេសចរណ៍ខ្លាំង នៅថ្ងៃអនាគត»។
លោក បានលើកឡើងបន្តទៀតថា នៅតំបន់ផ្លូវជាតិលេខ៣ ពីផ្សារកំពតមកភ្នំពេញវិញ ដោយជ្រើសរើសតំបន់ចាប់ពី១៥ គីឡូម៉ែត្រពីផ្សារកំពត និងតំបន់ តំបន់ផ្លូវជាតិលេខ៣ ចាប់ពីផ្សារកំពតទៅកាន់ភ្នំបូកគោចាប់ពី ២០គីឡូម៉ែត្រ ពីផ្សារកំពត។
បើតាម អគ្គនាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ Youngsia Real Estate បានលើកឡើងបន្តទៀតថា សម្រាប់វិនិយោគិន ដែលមកវិនិយោគនៅក្នុងខេត្តកំពត ភាគច្រើនជាវិនិយោគិនក្នុងស្រុកដែលមកវិនិយោគលើវិស័យទេសចរណ៍ ផ្ទះសំណាក់ បឹងកាឡូ រីសត ជាដើម។ ចំណែកវិនិយោគិនបរទេស ភាគច្រើនចូលមកវិនិយោគ ដោយទិញដីទុកចំណេញតែប៉ុណ្ណោះ។ លោកថា កំពតត្រូវការរយៈពេលពី៣ ទៅ ៥ ឆ្នាំ ក្នុងការអភិវឌ្ឍខ្លាំង ហើយវិនិយោគិនបរទេសនឹងធ្វើការអភិវឌ្ឍលើដីដែលគាត់បានទិញ។
លោកសុខ គែន អគ្គនាយកនិងជាស្ថាបនិកនៃក្រុមហ៊ុនអចលនទ្រព្យ Kompot Street Real Estate Co.,Ltd បានលើកឡើងថា ចរន្តនៃការលក់ទិញហូរហែរ ទោះបីមិនទាន់មានការបើកប្រទេស និងស្ថិតក្នុងស្ថានភាពកូវីដ-១៩ក៏ដោយ។ លោក ក៏បានកត់សម្គាល់ឃើញថា បើទោះបីជាចរន្តនៃការលក់ទិញដីធ្លី ក្នុងកំពតមិនមានសន្ទុះខ្លាំងក៏ដោយ ក៏នៅតែមានចរន្តថេរដែរ។
អ្នកវិនិយោគភាគច្រើន នឹងទទួលបានមកពីភ្ញៀវក្នុងស្រុក ជាពិសេសមកពីភ្នំពេញ ឬមកពីខេត្តព្រះសីហនុជាដើម។ បើតាមការលើកឡើងបន្តទៀតរបស់ លោក សុខ គែន ថា សម្រាប់វិនិយោគបរទេស ជារឿងធម្មតាទេដែលរាជរដ្ឋាភិបាលប្រកាសបើកប្រទេស និងអនុញ្ញាតិឱ្យវិនិយោគិនបរទេសចូលមក ជាពិសេសក្នុងខេត្តកំពត ដែលកន្លងមកភាគច្រើនបានទទួលការវិនិយោគពីវិនិយោគិនប៉ែកអ៊ឺរ៉ុប លើកវិស័យទេសចរណ៍ រីសត អូតែល កម្សាន្តជាដើម”។
បើតាម លោក សុខ គែន បានលើកឡើងពីតម្លៃដីធ្លីក្នុងក្រុងកំពតថា ដីដែលនៅជំនៀជើងភ្នំបូកគោ មានតម្លៃចន្លោះ២៥ ដុល្លារ ក្នុងមួយម៉ែត្រការ៉េ។ សម្រាប់ដីនៅក្បែរមាត់ព្រែកឬជាប់ក្រុង ម្ដុំបរិវេណស្ពានថ្មីព្រែកកំពត និងដីក្នុងកាំរង្វង់កន្លះគីឡូម៉ែត្រជុំវិញក្រុងមានតម្លៃប្រមាណ ៩០០ដុល្លារ ក្នុងមួយម៉ែត្រការ៉េ។ ដោយឡែក សម្រាប់ដីធ្វើកសិកម្មវិញ យើងអាចរកទិញបានក្នុងតម្លៃសមរម្យប្រមាណ ២ដុល្លារ ក្នុងមួយម៉ែត្រការ៉េ ក្នុងរយៈចម្ងាយ២៥ ទៅ ៣០គីឡូម៉ែត្រពីក្រុងកំពតទៅកាន់ស្រុកទឹកឈូ។
លោក ក៏បានលើកឡើងបន្តថា ចំណែកដីនៅតាមផ្លូវជាតិសំខាន់ៗ ដូចជា ផ្លូវជាតិលេខ៣ ក្នុងកាំរង្វង់ ៣គីឡូម៉ែត្រ ពីក្រុងកំពត គេក៏សង្កេតឃើញមានការឡើងច្រើនដែរ ជាពិសេសសម្រាប់ការអភិវឌ្ឍគម្រោងលំនៅដ្ឋាន ចាប់ពីផ្សារកំពតមកកាន់ផ្លូវជាតិ តម្លៃចន្លោះពី ១៨០ ទៅ ២០០ដុល្លារក្នុងមួយគីឡូម៉ែត្រការ៉េ៕
ប្រភព៖ propertyarea.asia
ដោយ៖ មឿន ឌីណា (Moeun Dyna)