Register Already an agent ? Login

រយៈពេល ១០ឆ្នាំ USAID បានជួយកសិករកម្ពុជា ចំនួនជាង ២៣ម៉ឺននាក់ ឱ្យចាកផុតពីភាពអត់ឃ្លាន និងភាពក្រីក្រ

ភ្នំពេញ៖ នៅក្នុងរយៈពេល ១០ឆ្នាំកន្លងទៅ ទីភ្នាក់ងារជំនួយអាមេរិក (USAID) បានជួយកសិករកម្ពុជា ចំនួនជាង ២៣០ ០០០នាក់ និងគ្រួសាររបស់គេ ឱ្យចាកផុតពីភាពអត់ឃ្លាន និងភាពក្រីក្រ។ តាមរយៈកម្មវិធីកសិកម្ម និងកម្មវិធីបរិស្ថាន​របស់យើង សហគមន៍​មូលដ្ឋានបានលើកកម្ពស់មុខជំនួញ ជីវភាពរស់នៅ និងបង្កើនប្រាក់ចំណូលនៃគ្រួសាររបស់គេ។ ជាលទ្ធផល សហគមន៍​ជនបទ​ទាំង​នេះទទួលបានចំណូលបន្ថែមចំនួន ៩០លានដុល្លារ​ សម្រាប់សេដ្ឋកិច្ចកម្ពុជា។ បើតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ USAID Cambodia។

ទីភ្នាក់ងារជំនួយអាមេរិក បានបន្តដោយរម្លឹកថា នៅឆ្នាំនេះ USAID មានអាយុ ៦០ឆ្នាំ​ហើយ! ក្នុងពេលដែល​យើងអបអរដំណាក់កាលនេះ យើងធ្វើការឆ្លុះបញ្ចាំងលើការប្តេជ្ញាចិត្ត​របស់យើង ចំពោះការអភិវឌ្ឍដែលមានការចូលរួមទាំងអស់គ្នា និងកាតព្វកិច្ច​របស់យើងក្នុងការមិនចោលក្រុមណាមួយ​ នៅក្នុងការងារអភិវឌ្ឍន៍​របស់យើង។

លោកស្រី Nancy J. Eslick តំណាង​ទីភ្នាក់ងារ USAID ប្រចាំ​កម្ពុជា​បាន​ប្រាប់​ ភ្នំពេញ​ប៉ុស្តិ៍​ នៅ​ថ្ងៃទី៤ វិច្ឆិកា​នេះ ថា ឈានដល់​ខេត្ត​ទាំង​២៥ របស់​កម្ពុជា USAID បាន​ធ្វើការ​ជាមួយ​ដៃគូ​កម្ពុជា និង​អន្តរជាតិដើម្បី​អនុវត្ត​កម្មវិធី​ដែល​ផ្តល់​អត្ថប្រយោជន៍​ដល់​ប្រជាជន​កម្ពុជា​ទាំងអស់​។

ការងារ​របស់ខ្លួន គឺ​ផ្តោតលើ​ការពង្រឹង​បណ្តា​អង្គការ​សង្គម​ស៊ីវិល និង​ការការពារ​សិទ្ធិមនុស្ស ការកែលម្អ​សុខភាព និង​អាហារូបត្ថម្ភ​ដោយ​គាំទ្រ​ការអប់រំ និង​ការអភិវឌ្ឍ​កុមារ​ព្រមទាំង​ការបង្កើន​ផលិតកម្ម​កសិកម្ម សន្តិសុខ​ស្បៀង​ក្នុង​ការជួយ​ការអភិរក្ស​ព្រៃឈើ ដើម្បី​កាត់បន្ថយ​ផលប៉ះពាល់​នៃ​គ្រោះធម្មជាតិ​។ បើតាមការបន្តរបស់ លោកស្រី Nancy J. Eslick បានបន្តទៀតថា បើទោះជា​ក្នុង​ពេល​បច្ចុប្បន្ន​ពិភពលោក​មានការ​ប្រឈម​ថ្មី​នៃ​ជំងឺ​កូវីដ​-១៩ ក៏​រដ្ឋាភិបាលអាមេរិក តាមរយៈ USAID នៅ​បន្ត​ជួយ​ដល់​កម្ពុជា​តាមរយៈ​កម្មវិធី​នានា​ដែល​ខ្លួន​បានដាក់​ចេញ​។

លោកស្រី Nancy បានបន្ថែមថា ​ចក្ខុវិស័យ​របស់​យើង​នៅក្នុង​ប្រទេស​កម្ពុជា គឺ​ចង់ឃើញ​ប្រទេស​មួយ​នេះ​កាន់តែ​រីកចម្រើន ផ្នែក​ប្រជាធិបតេយ្យ និង​ឯករាជ្យ ដែល​រាល់​សំឡេង​ទាំងអស់​ត្រូវ​បាន​ស្តាប់ឮ និង​គោរព ហើយ​អធិបតេយ្យភាព​របស់​កម្ពុជា​ត្រូវបាន​ការពារ​​។

គួរម្លឹកថា នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ១៩៦១ លោកប្រធានាធិបតី John F. Kennedy បានបង្កើតទីភ្នាក់ងារជំនួយអាមេរិក (USAID) ដែលផ្តោត​លើការអភិវឌ្ឍន៍​សេដ្ឋកិច្ច និងសង្គមរយៈពេលវែង។ អស់រយៈកាល ៦ទសវត្សរ៍​មកហើយដែលទីភ្នាក់ងារ USAID បានសហការជាដៃគូជាមួយបណ្តាប្រទេសនៅទូទាំងសាកលលោក ដោយធ្វើការជាមួយបុគ្គល សហគមន៍ និងបណ្តាប្រទេសនានា ដើម្បី​លើកកម្ពស់ជីវិតរស់នៅ។

កាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២១ USAID Cambodia បានអបអរខួប ៦០ឆ្នាំ នៃទីភ្នាក់ងារជំនួយអាមេរិក (USAID) កាលពី ៦០ឆ្នាំ​មុន អតីតប្រធានាធិបតី Kennedy បានបង្កើតទីភ្នាក់ងារជំនួយអាមេរិក USAID ដើម្បីកែលម្អការសម្របសម្រួលការងារផ្តល់ជំនួយអន្តរជាតិ និងជំនួយមនុស្សធម៌​របស់សហរដ្ឋអាមេរិក។ តាំងពីពេលនោះមក USAID បានបង្កើនការផ្តល់ជំនួយ និងកិច្ចសហការគ្នាជាដៃគូជាមួយប្រទេសចំនួនជាង ១០០ ​នៅទូទាំងសាកលលោក៕

ដោយ៖ មឿន ឌីណា (Moeun Dyna)