![](https://s9.kh1.co/7f/7fb8e90420295bf51bbb1e9ded6f018e6b0339be.png)
ភ្នំពេញ៖ យោងតាមសេចក្តីសម្រេចលេខ០៤៥ សសរ ចុះថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដាក់ឱ្យប្រើប្រាស់ប្លង់គោលប្រើប្រាស់ដីក្រុងព្រះសីហនុ ដែលមានចក្ខុវិស័យដល់ឆ្នាំ២០៣៨ ដើម្បីជាទិសដីសម្រាប់ការគ្រប់គ្រង អភិរក្ស និងអភិវឌ្ឍក្រុងព្រះសីហនុ ប្រកបដោយប្រសិទ្ធភាព។
បើតាមប្លង់គោលនេះ បានបង្ហាញអោយដឹងថា វិសាលភាពនៃសិក្សាប្លង់គោលប្រើប្រាស់ដី ក្រុងព្រះសីហនុមានផ្ទៃដី ៨៣គីឡូម៉ែត្រក្រឡា គ្របដណ្តប់លើស្រុកព្រៃនប់ មានផ្ទៃដី ១០០.៨២គីឡូក្រឡា និងគ្របណ្ដប់លើ ស្រុកស្ទឹងហាវមានផ្ទៃដី៩៥.១២គីឡូម៉ែត្រក្រឡា។ ប្លង់គោលនេះ នឹងជួយលើកកម្ពស់ការប្រើប្រាស់ដីក្នុងក្រុងឱ្យមានប្រសិទ្ធិភាព និងលើកកម្ពស់វិស័យទេសចរណ៍ ឧស្សាហកម្ម ភស្តុភាកម្ម និងពាណិជ្ជកម្មជាតិ និងអន្តរជាតិផងដែរ។
![](https://s9.kh1.co/68/68e80d1bbd1cb1cd527fd3062e1df5729b749a88.jpg)
ប្លង់គោលប្រើប្រាស់ដីធ្លីនេះ ត្រូវបានរៀបចំឡើងដោយប្រមូលសិក្សា និងវិភាគទិន្នន័យរូបវន្ត ទិន្នន័យសេដ្ឋកិច្ច ទិន្នន័យសង្គម និងទិន្នន័យបរិស្ថាន ទិន្នន័យប្រជាសាស្រ្ត និងការស្រង់មតិ សមស្របតាមគោលនយោបាយជាតិស្តីពី ការរៀបចំដែនដីនៃព្រះរាជាណាចក្រកម្ពុជា គោលនយោបាយដីធ្លី សៀវភៅដីធ្លី អនុក្រឹតស្តីពីនគរូបនីយកម្ម រាជធានីភ្នំពេញ ក្រុង និងទីប្រជុំជន និងសេចក្តីសម្រេចស្តីពីនីតិលម្អិត នៃការរៀបចំប្លង់គោលប្រើប្រាស់ដី និងផែនការប្រើប្រាសដីថ្នាក់ក្រុង ស្រុក ខណ្ឌ។
![](https://s9.kh1.co/c8/c81c8f744f786785a3b63abd13f0f36d3de5249a.jpg)
ប្លង់គោលនេះ បានដាក់ចេញនូវផែនការអទិភាពជាច្រើនទៀត ទាក់ទាន់នឹងការអភិវឌ្ឍក្រុង រួមមាន៖
-ការអភិរក្ស និងការអភិវឌ្ឍតំបន់នគរូបនីយកម្ម -ការគ្រប់គ្រង និងប្រើប្រាស់ដីប្រកបដោយចីរភាព -ការអភិវឌ្ឍហេដ្ឋារចនសម្ព័ន្ធ -ការអភិវឌ្ឍសេដ្ឋកិច្ច -ការអភិវឌ្ឍសង្គមកិច្ច -ការការពារបរិស្ថាន និងការគ្រប់គ្រងសំណល់ -ការបង្ការទប់ស្កាត់គ្រោះមហន្តរាយ។
![](https://s9.kh1.co/dd/dd5004c1196309a1288450a7f86b4556bd43552f.jpg)
សូចនាករសំខាន់ៗ សម្រាប់អភិវឌ្ឍក្រុងព្រះសីហនុ និងតំបន់ជុំវិញដែលបានព្យាករ និងគ្រោងសម្រេចបានត្រឹមឆ្នាំ ២០៣៨រួមមាន៖
ប្រជាជន សម្រាប់ក្រុងព្រះសីហនុ និងតំបន់ជុំវិញនៅឆ្នាំ២០១៩ មានចំនួន ១៧៨,២៩១១នាក់ នឹងកើនឡើងដលចំនួនកើនឡើង ២៣២,១២១នាក់ នៅឆ្នាំ២០៣៨។ ភ្ញៀវទេសចរអន្តរជាតិនៅឆ្នាំ២០១៨ មានចំនួន ៤៨១,០០០នាក់ នឹងកើនឡើងទៅដល់ ២,៥លាន នាក់នៅឆ្នាំ២០៣៨។ ភ្ញៀវទេសចរជាតិនៅឆ្នាំ២០១៨ មានចំនួនប្រមាណ ១លាននាក់ នឹងកើនឡើងដល់ចំនួនប្រមាណ ៥លាននាក់នៅឆ្នាំ ២០៣៨។ ហេដ្ឋារចនាសម្ពន្ធក្នុងក្រុងព្រះសីហនុ និងតំបន់ជុំវិញ។
![](https://s9.kh1.co/54/5418cbf8ec36e72cb27fa88726ecb7d1b37c85c5.jpg)
បើតាមការបញ្ជាក់នៅក្នុងប្លង់គោលនេះ ឆ្នាំ២០៣៨ ផ្លូវក្រាលកៅស៊ូបេតុឆ្នាំ២០១៨ មានចំនួន ២០.៥ភាគរយនឹងកើនឡើងដល់ ១០០ភាគរយ។ ការផ្គត់ផ្គង់ទឹកស្អាតនៅឆ្នាំ២០១៨ មានចំនួន ៣២ភាគរយ នឹងកើនឡើងដល់ ១០០ ភាគរយ។ ភស្តុភារម្មឆ្នាំ២០១៨ មានចំនួន ៤,៩លានតោន នឹងកើនឡើងដល់ចំនួន ៣៧លានតោន។
![](https://s9.kh1.co/b4/b48f551464331467f0ae7c3afada671f140decd5.jpg)
តំបន់លំនៅដ្ឋាននៅឆ្នាំ២០១៩ មានផ្ទៃដី ១៦៣១ហិចតា នឹងកើនឡើងដល់ ៦០២ហិកតា។ តំបន់ឧស្សាហកកម្មនៅឆ្នាំ ២០១៩ មានផ្ទៃដី ៨២៩ហិចតា នឹងកើនឡើងដល់ផ្ទៃដី ១៦០២ហិចតា។ តំបន់លម្ហសាធារណៈ និងផ្ទៃបៃតងសម្រាប់មនុស្សម្នាក់នៅឆ្នាំ២០១៩ មានផ្ទៃដី ០.៥១គីឡូម៉ែត្រក្រឡា សម្រាប់មនុស្សម្នាក់នឹងកើនឡើងដល់ផ្ទៃដី ១០ម៉ែត្រក្រឡា៕
ដោយ៖ មឿន ឌីណា (Moeun Dyna)