កណ្ដាល៖ គម្រោងអភិវឌ្ឍន៍ទីក្រុងមេគង្គឃី លើផ្ទៃដីទំហំប្រមាណ ២១០ហិកតា ស្ថិតក្នុងក្រុងអរិយក្សត្រ ជាប់ដងទន្លេមេគង្គត្រើយខាងកើត ទល់មុខគម្រោងអភិវឌ្ឍន៍កោះនរា ជាការអភិវឌ្ឍរួមគ្នារវាងក្រុមហ៊ុន TP Moral Group (TPMG) និងក្រុមហ៊ុន Khun Sea Group បានបើកការដ្ឋានសាងសង់ ក្រោមអធិបតីភាព សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា នាព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤។
គម្រោងនេះ ក្រុមហ៊ុននឹងរៀបចំសាងសង់ ផ្នែកសំខាន់ៗ រួមមាន៖ ផ្នែកអគារពាណិជ្ជកម្មលក្ខណទំនើប, ផ្សារទំនើបតាមដងទន្លេ, មជ្ឈមណ្ឌលអប់រំ, សណ្ឋាគារស្តង់ដាអន្តរជាតិ, មជ្ឈមណ្ឌលទេសចរណ៍ និងវប្បធម៌ ព្រមទាំងផ្នែកហេដ្ឋារចនាសម្ព័ន្ធសាធារណៈជាច្រើនទៀត។
គម្រោងអភិវឌ្ឍន៍នេះ ត្រូវបានរំពឹងថា នឹងរួមចំណែកយ៉ាងសំខាន់ធ្វើឱ្យក្រុងអរិយក្សត្រ ខេត្តកណ្តាលក្លាយខ្លួនជាទីក្រុងឆ្លាតវៃ សម្រាប់ពេលបច្ចុប្បន្ន និងទៅថ្ងៃអនាគត និងជាបណ្ដុំសកម្មភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការស្នាក់នៅយ៉ាងសម្បូរបែប ជាមួយទីប្រជុំជន ដែលមានសណ្តាប់ធ្នាប់ល្អសោភ័ណភាពល្អ បរិយាកាសបរិសុទ្ធ និងទន្លេព័ទ្ធជុំវិញ។
ការវិនិយោគសាងសង់គម្រោងទីក្រុងដ៏ធំនេះ គឺជាការវិនិយោគដ៏ត្រឹមត្រូវមួយ ដែលបានបង្ហាញថា វិស័យអចលនទ្រព្យនៅកម្ពុជា បាននិងកំពុងងើបឡើងវិញជាបណ្តើរៗ។ គម្រោងនេះ នឹងរួមចំណែកបំពេញក្តីប្រាថ្នារបស់ប្រជាជនផង និង ជំរុញកំណើនសេដ្ឋកិច្ចជាតិជារួមផង តាមរយៈការជួយបង្កើនភាពសកម្មនៃវិស័យអចលនទ្រព្យ, វិនិយោគ, ពាណិជ្ជកម្ម, បដិសណ្ឋារកិច្ច, ក៏ដូចជាការជួយផ្សព្វផ្សាយវប្បធម៌ និងទេសចរណ៍របស់កម្ពុជា។
ការអភិវឌ្ឍទីក្រុងរណបថ្មីនៅពេលនេះ គឺជាការចាប់ផ្ដើមអភិវឌ្ឍន៍ដែនដីអរិយក្សត្រ បន្ទាប់ពីរាជធានីភ្នំពេញ ជ្រោយចង្វារ ច្បារអំពៅ ដែលបាននិងកំពុង អភិវឌ្ឍន៍ជុំវិញទន្លេចតុមុខ។ គម្រោងតភ្ជាប់ទីក្រុងភ្នំពេញមកកាន់ក្រុងអរិយក្សត្រនឹងជម្រុញឲ្យមូលដ្ឋាននេះ នឹងផ្ដល់ភាពអំណោយផលដល់ការអភិវឌ្ឍន៍លំនៅឋានថ្មី សម្រាប់ការស្នាក់នៅឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋ។ ជាការថ្លែង លោក គួច ចំរើន អភិបាលខេត្ដកណ្ដាល ក្នុងពិធីខាងលើ។
លោក បានថ្លែងបន្តថា ឈរលើលក្ខណៈអំណោយផលនៅក្រុងអរិយក្សត្រនេះ ការរៀបចំបង្កើតទីក្រុងរណបថ្មីគឺពិតជានឹងផ្ដល់ផលប្រយោជន៍យ៉ាងច្រើន ឆ្លើយតបទៅនឹងតម្រូវការ និងការកើនឡើងចំនួនប្រជាជនផងដែរ។ ទីក្រុងរណបថ្មីនិងទំនើបនេះ នឹងជួយឱ្យក្រុងអរិយក្សត្រខេត្ដកណ្ដាល ក្លាយខ្លួនទៅជាទីក្រុងឆ្លាតវៃ សម្រាប់ពេលបច្ចុប្បន្ននិងទៅអនាគត ហើយនិងជាបណ្ដុំសកម្មភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការស្នាក់នៅ យ៉ាងសម្បូរបែប ជាមួយនឹងទីប្រជុំជនដែលមានបរិយាកាសល្អ។
ក្នុងពិធីខាងលើ សម្តេចធិបតី បានថ្លែងថា ការកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ គឺមិនត្រឹមតែជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាជន និងសេដ្ឋកិច្ចប៉ុណ្ណោះទេ ថែមទាំងជាការជួយជំរុញដល់ការពង្រីក នៃការរីកចម្រើន ដែលត្រូវតភ្ជាប់ពីតំបន់មួយទៅតំបន់មួយទៀត។
ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធមានផ្លូវថ្នល់ ពិសេសស្ពាន គឺជាការតភ្ជាប់ប្រជាជន សេដ្ឋកិច្ច និងតំបន់មួយទៅតំបន់មួយប្រកបដោយចក្ខុវិស័យវែងឆ្ងាយ។ ជាការថ្លែងបន្ត សម្តេចធិបតី បានបន្តទៀតថា ជាឧទាហរណ៍ជាក់ស្តែង យើងបានឃើញហើយថា ទន្លេមេគង្គ មុខបួន ត្រើយខាងលិច សុទ្ធតែអគារ ជ្រោយចង្វារ ព្រែកព្នៅ តែដោយឡែកអរិយក្សត្រមិនទាន់អភិវឌ្ឍច្រើន ក៏ប៉ុន្តែអនាគតគឺនឹងរីកដូចគ្នាទៅនឹងទិសខាងលិចដែរ។
នាឱកាសនោះ សម្តេចធិបតី បានគូសបញ្ជាក់ថា ក្រោយពីស្ពានមិត្តភាពកម្ពុជា-កូរ៉េ សាងសង់រួចសកម្មភាពមនុស្ស សេដ្ឋកិច្ចនៅអរិយក្សត្រ នឹងមានការកើនឡើង និងចរន្តនៃការស្នាក់នៅរបស់ប្រជាជនក៏មានការកើនឡើងផងដែរ ដូចនេះសក្កានុពលនៃការតភ្ជាប់នេះ នឹងនាំការរីកចម្រើនបន្ថែមទៀតនៅផ្នែកខាងកើត និងតំបន់ដែលពាក់ព័ន្ធផងដែរ។
ជាមួយគ្នានេះ សម្តេចនាយករដ្ឋមន្ត្រី ក៏បានណែនាំផងដែរថា ទីក្រុងថ្មី នៅខាងកើតទន្លេ ត្រូវកសាងហេដ្ឋារចនាសម្ព័ន្ធឱ្យបានល្អ ធំទូលាយ ទីធ្លាបម្រើដល់សាធារណៈជន កីឡា សួនច្បារជាដើម។
បន្ថែមពីនេះ សម្តេច បានសង្កត់ធ្ងន់ថា យុទ្ធសាស្ត្រផ្ការីករបស់រាជរដ្ឋាភិបាល គឺជាការដាំគ្រាប់ផ្កានៃការអភិវឌ្ឍ ហើយការអភិវឌ្ឍនៅតំបន់អរិយក្រត្សនេះ សម្រាប់បម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋ និងសេដ្ឋកិច្ចសង្គម ព្រោះថាផ្ការីកនៃសន្តិភាព សុខដុមនីយកម្ម និងភាពរីកចម្រើននៃជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា។
គួរបញ្ជាក់ថា គម្រោងទីក្រុងរណបថ្មីនេះ មានផ្ទៃដីសរុប ២១០ហិកតា ក្នុងនោះផ្ទៃដី ១៤០ហិកតា ទុកសម្រាប់សាងសង់អគារពាណិជ្ជកម្ម ផ្សារទំនើប មណ្ឌលអប់រំ មណ្ឌលទេសចរណ៍ និងសណ្ឋាគារស្ដង់ដារអន្ដរជាតិជាដើម។ ដោយឡែកផ្ទៃដីចំនួន ៧០ហិកតាទៀត អភិវឌ្ឍន៍សេដ្ឋារចនាសម្ព័ន្ធផ្សេងៗដូជា ផ្លូវបើកបរយានជំនិះ ផ្លូវថ្មើរជើង សួនច្បារសាធារណៈ កន្លែងហាត់ប្រាណ និងរៀបចំតំបន់សួនច្បារបៃតងតាមដងទន្លេដ៏ធំទូលាយ ដែលមានទទឹងរហូតដល់ទៅ ៥០ម៉ែត្រ និងប្រវែង ៦គីឡូម៉ែត្រផងដែរ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)