ភ្នំពេញ៖ សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (International Financial Cooperation - IFC) បង្ហាញចំណាប់អារម្មណ៍លើវិស័យហេដ្ឋារចនាសម្ព័ន្ធនិងភស្តុភាកម្មនៅកម្ពុជា ខណៈ រាជរដ្ឋាភិបាលបានអនុម័តនូវផែនការមេគ្រប់ជ្រុងជ្រោយស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយនិងភស្តុភាកម្មកម្ពុជាឆ្នាំ២០២៣-២០៣៣ មានគម្រោងចំនួន១៧៤ ត្រូវការថវិកាវិនិយោគប្រមាណជាង ៣៧ពាន់លានដុល្លារ។
លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតជូនលោក Riccardo Puliti អនុប្រធានសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (International Financial Cooperation - IFC) នៃធនាគារពិភពលោក ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក អមដោយនាយកធនាគារពិភពលោកប្រចាំកម្ពុជា និងលោក លោកស្រី ដែលជាតំណាង IFC ប្រចាំនៅកម្ពុជា វៀណាម និងសឹង្ហបូរី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
បើតាមជំនួបនេះ នារសៀលទី១៦ ខែធ្នូ ឆ្នាំ២០២៤ បានសម្តែងនូវការស្វាគមន៍ និងសេចក្តីរីករាយ ដែលបានទទួលជួបពិភាក្សាជាមួយលោក Riccardo Puliti និងសហការី បានបញ្ជាក់ថា ក្រោមការដឹកនាំឈ្លាសវៃ របស់សម្តេចតេជោ អតីតនាយករដ្ឋមន្រ្តី និងសម្តេធិបតីនាយករដ្ឋមន្រ្តីកម្ពុជា រក្សាបាននូវសុខសន្ដិភាព ស្ថិរភាពនយោបាយ ម៉ាក្រូសេដ្ឋកិច្ច និងសណ្ដាប់ធ្នាប់សង្គម ដែលជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។
ក្នុងឱកាសនៃទស្សនកិច្ចមកកម្ពុជាលើកទី១នេះ លោក Riccardo Puliti បានសម្ដែងនូវសោមនស្សរីករាយដែលបានទទួលឱកាសក្នុងការចូលជួពសម្តែងការគួរសម និងជួបពិភាក្សាការងារជាមួយ លោក ស៊ុន ចាន់ថុល និងបានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនរបស់ប្រទេសកម្ពុជា។
លោក បានជម្រាបជូន អនុប្រធានទី១ ថា IFC ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកបាននិងកំពុងតួនាទីយ៉ាងសំខាន់ក្នុងការពិនិត្យមើល និងផ្តល់ការប្រឹក្សាប្រតិបត្តិការវិនិយោគលើគ្រប់វិស័យនៅក្នុងតំបន់និងជួយធនាគារពិភពលោកអភិវឌ្ឍវិស័យឯកជនប្រកបដោយចីរភាព។
លោក Riccardo Puliti បានបន្ថែមថា IFC បាននិងកំពុងធ្វើកិច្ចសហការល្អជាមួយកម្ពុជា ហើយបង្ហាញពីបំណងពង្រឹងនិងពង្រីកបន្ថែមនូវកិច្ចសហការនេះ និងស្វែងយល់បន្ថែមអំពីសក្តានុពលរបស់កម្ពុជា ពិសេស អំពីគោលនយោបាយ និងវិស័យអាទិភាពសំខាន់ៗមួយចំនួនរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីឈានទៅសម្រេចគោលដៅរបស់កម្ពុជាជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ពិសេស តើ IFC អាចចូលសហការជាមួយ រាជរដ្ឋាភិបាលកម្ពុជាលើផ្នែកអ្វីខ្លះ?
ជាការឆ្លើយតប លោក ស៊ុន ចាន់ថុល បានជម្រាបថា ដើម្បីសម្រេចចក្ខុវិស័យខាងលើ រាជរដ្ឋាភិបាលកម្ពុជាបានយកវិស័យឯកជនជាដៃគូ និងជាក្បាលម៉ាស៊ីនសម្រាប់ជម្រុញកំណើនសេដ្ឋកិច្ច និងលើកកម្ពស់បរិកាសវិនិយោគឱ្យកាន់តែល្អប្រសើរ ដើម្បីទាក់ទាញវិនិយោគផ្ទាល់ពីបរទេស។
ជាមួយនឹងការអនុម័តច្បាប់វិនិយោគថ្មីនៅឆ្នាំ២០២១ អ្នកវិនិយោគបរទេសអាចដាក់ទុនវិនិយោគលើគ្រប់វិស័យ និងធ្វើជាម្ចាស់អាជីវកម្ម១០០% មិនមានការរើសអើង និងផ្តល់នូវការលើកទឹកចិត្តយ៉ាងច្រើន ហើយច្បាប់វិនិយោគកម្ពុជាបានផ្តល់អាទិភាពលើវិស័យអាទិភាពមួយចំនួន ដូចជា ឧស្សាហកម្មដែលមានបច្ចេកវិទ្យាខ្ពស់ អេឡិចត្រូនិច យានយន្ត កសិកម្ម កសិឧស្សាហកម្ម ឧស្សាហកម្មកែច្នៃកសិកផល ឧស្សាហកម្មឌីជីថល ហេដ្ឋារចនាសម្ព័ន្ធ ឡូជីស្ទិក និងទេសចរណ៍ ជាដើម។ ជាការបញ្ជាក់ លោក ស៊ុន ចាន់ថុល។
ឧបនាយករដ្ឋមន្រ្តី បានជម្រាបអំពីគោលនយោបាយរបស់រាជរដ្ឋាភិបាលលើវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងភស្តុភារកម្ម ដែលជាវិស័យដ៏សំខាន់ ដើម្បីចូលរួមឈានទៅសម្រេចគោលដៅខាងលើ ដោយរាជរដ្ឋាភិបាលបានអនុម័តនូវផែនការមេគ្រប់ជ្រុងជ្រោយស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយនិងភស្តុភាកម្មកម្ពុជាឆ្នាំ២០២៣-២០៣៣ ដែលមានគម្រោងចំនួន ១៧៤ ដែលត្រូវការថវិកាវិនិយោគប្រមាណជាង ៣៧ពាន់លានដុល្លារ។
ឧបនាយករដ្ឋមន្រ្តី បានបន្តទៀតថា ក្នុងនោះរួមមាន គម្រោងផ្លូវថ្នល់ ផ្លូវល្បឿនលឿន ផ្លូវដែក ផ្លូវទឹក កំពង់ផែ ផ្លូវអាកាស និងមជ្ឍមណ្ឌលភស្តុភាកម្ម ផងដែរ ដែល IFC អាចចូលរួមជួយអភិវឌ្ឍ ដោយពិនិត្យជ្រើសរើសយកគម្រោងអាទិភាពបំផុតចំនួន៥ មកពិនិត្យ និងវិនិយោគ។ ជាមួយគ្នានេះ លោក ក៏បានជម្រាបអំពីគម្រោងព្រែកជីកហ្វូណនតេជោ និងវឌ្ឍនភាពនៃគម្រោងនេះ ដែលជាគម្រោងប្រវត្តិសាស្រ្តនិងមានអត្ថប្រយោជន៍ខ្ពស់ ដោយជួយកាត់បន្ថយចំណាយដឹកជញ្ជូន ការខូចផ្លូវថ្នល់ និងស្ទះចរាចរណ៍ និងជួយទ្រទ្រង់ដល់វិស័យផ្សេងៗ ទៀតជាច្រើនផងដែរ។
ចំពោះវិស័យថាមពលស្អាត អនុប្រធានទី១ បានគូសបញ្ជាក់ថា ការប្រើប្រាស់ថាមពលស្អាតនៅកម្ពុជាសម្រេចបានប្រមាណ៦០% នាពេលបច្ចុប្បន្ន ដែលមានអត្រាខ្ពស់នៅក្នុងតំបន់អាស៊ានបន្ទាប់ពីប្រទេសឡាវ និងវៀតណាម ហើយនឹងបន្តជំរុញឱ្យឈានទៅដល់៧០% ត្រឹមឆ្នាំ២០៣០ និងអព្យាក្រឹត្យកាបូននៅឆ្នាំ២០៥០ ដែលកម្ពុជាត្រូវការដៃគូអភិវឌ្ឍន៍ធ្វើកិច្ចសហការអភិវឌ្ឍន៍លើវិស័យនេះផងដែរ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)