Register Already an agent ? Login

រដ្ឋាភិបាលអូស្ត្រាលី គាំទ្រការអភិវឌ្ឍទីក្រុងឆ្លាតវៃ នៅក្រុងព្រះសីហនុ តាមរយៈកម្មវិធី 3i ថវិកាជាង ៣៣លានដុល្លារ

ព្រះសីហនុ៖ រដ្ឋាភិបាលអូស្ត្រាលី តាមរយៈស្ថានទូតរបស់ខ្លួនប្រចាំកម្ពុជា បានគាំទ្រការអភិវឌ្ឍទីក្រុងឆ្លាតវៃ នៅក្រុងព្រះសីហនុ នៃកម្មវិធីវិនិយោគក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ (3i) ជាមួយថវិកា ៤៩លានដុល្លារអូស្ត្រាលី (៣៦,៥លានដុល្លារអាមេរិក)។ បើតាមសិក្ខាសាលាតាម ប្រព័ន្ធវីដេអូ Zoom Meeting «ស្តីពីការជ្រើសរើសគម្រោងអាទិភាព សម្រាប់ហេដ្ឋារចនាសម្ព័ន្ធទីក្រុងឆ្លាតវៃក្រុងព្រះសីហនុ» កាលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១។

លោក គង់ វិតាណៈ អភិបាលរងខេត្តព្រះសីហនុ បានថ្លែងថា ការបើកសិក្ខាសាលានេះ ដោយផ្តោតលើការជ្រើសរើស និងផ្តល់អាទិភាព ដល់គំនិតផ្តួចផ្តើមសម្រាប់ហេដ្ឋារចនាសម្ព័ន្ធទីក្រុងឆ្លាតវៃ ដើម្បីត្រួសត្រាយនៅក្នុងទីក្រុងព្រះសីហនុ ដែលជាផ្នែកមួយនៃការគាំទ្ររបស់យើងតាមរយៈកម្មវិធី 3i។

ការជ្រើសរើសគម្រោងទីក្រុងឆ្លាតវៃ គឺជាជំហានដ៏សំខាន់មួយ នៅក្នុងកិច្ចសហប្រតិបត្តិការទីក្រុងឆ្លាតវៃរបស់យើង ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងរបស់អូស្រ្តាលីក្នុងការគាំទ្រដល់ប្រទេសកម្ពុជា ក្នុងការឆ្លើយតបប្រកបដោយប្រសិទ្ធភាព លើជំងឺរាតត្បាតជាសកលនេះ។ បើតាមការថ្លែងរបស់ ​លោក Anthony Samson លេខាទី២ នៅស្ថានទូតអូស្រ្តាលី នៅក្នុងសិក្ខាសាលាខាងលើ។

បើតាមស្ថានទូតអូស្រ្តាលី បានលើកឡើងថា ដូចដែល លោក ឯកអគ្គរដ្ឋទូតរបស់យើងបានលើកឡើង ក្នុងជំនួបជាមួយ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ កន្លងមកថា ការប្រកាន់យកនូវវិធីសាស្ត្រដ៏ឆ្លាតវៃក្នុងការអភិវឌ្ឍទីក្រុង ធ្វើឱ្យការផ្តល់សេវាប្រកបដោយនិរន្តរភាព និងប្រសិទ្ធភាពលើការចំណាយ បានកាន់តែប្រសើរឡើង។

សូមបញ្ជាក់ថា អង្គប្រជុំបានពិភាក្សាលើបញ្ហាជាអាទិភាពចំនួន១២ សម្រាប់ការរៀបចំយុទ្ធសាស្រ្តនេះ រួមមាន៖

១.ការគ្រប់គ្រងចំណតរថយន្ត, ២.ការផ្តល់សញ្ញាអាសន្ន និងគ្រោះមហន្តរាយ, ៣.ការគ្រប់គ្រងកាកសំណល់, ៤សន្តិសុខ និងសុវត្ថិភាព, ៥.ការផ្តល់អាជ្ញាបណ្ណតាមប្រព័ន្ធអេឡិចត្រូនិក, ៦.វេទិកាអេឡិចត្រូនិក សម្រាប់ការអភិវឌ្ឍជំនាញ, ៧.ការប្រើប្រាស់ទឹកស្អាត។

៨.ការបំលាស់ទី និងចរាចរណ៍ឆ្លាតវៃ, ៩.ព័ត៌មានទេសចរណ៍, ១០.ការតាមដាន និងត្រួតពិនិត្យនាវាចរណ៍, ១១.វិស័យសុខាភិបាល, ១២.ប្រព័ន្ធតាមដានគុណភាពខ្យល់៕

ដោយ៖ មឿន ឌីណា (Moeun Dyna)