ភ្នំពេញ៖ គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរដល់ក្រុមហ៊ុនធំៗចំនួន២ បង្កើតរោងចក្រផលិតក្រដាស និងកាបូប នៅខេត្តកំពង់ឆ្នាំង និងកំពត បង្កើតការងារជាង ៣៨០០កន្លែង ដល់មនុស្សក្នុងតំបន់។ បើតាម ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាថ្ងៃទី១ ខែមករា ឆ្នបាំ២០២១។
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបន្តឱ្យដឹងថា ក្រុមហ៊ុនធំៗទាំងពី ដែលបានអនុម័តឱ្យបង្កើតរោងនៅខេត្តផ្សេងគ្នាគឺ៖
១.ក្រុមហ៊ុន SHUN XIN LUGGAGE INDUSTRY (CAMBODIA) CO., LTD គម្រោងបង្កើតរោងចក្ររោងចក្រផលិតកាបូប និងកាបូបក្លាសេគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៥ ភូមិស្ពានពោធិ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង មានទុនវិនិយោគប្រមាណ ៣,៦លានដុល្លារ អាចបង្កើតការងារបានចំនួន ១.៦១៨កន្លែង។
២.ក្រុមហ៊ុន SHUNYING PULP AND PAPER COMPANY LIMITED គម្រោងបង្កើតរោងចក្រផលិតក្រដាស ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិចង្ហោន ឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពត មានទុនវិនិយោគប្រមាណ ៥០៤លានដុល្លារ អាចបង្កើតការងារបានចំនួន ២.២៦១កន្លែង។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាល ថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីពី វឌ្ឍនភាពមូលដ្ឋានឃុំ សង្កាត់និងទិសដៅការងារបន្តខេត្តត្បូងឃុំ កាលពីព្រឹកថ្ងៃទី១៩ ខែមករានេះ ថា ក្នុងឆ្នាំ២០២០ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគសរុបចំនួន ២៣៨គម្រោង ឬស្មើនឹង ទុនវិនិយោគសរុបជាង ៨ពាន់លានដុល្លារ។ ក្នុងនោះមាន ១៩៥ជាគម្រោងថ្មី និង ៤៣ទៀត ជាគម្រោងពង្រីកផលិតកម្ម ដែលគម្រោងទាំងអស់នេះអាចជួយបង្កើតការងារបាន ១៥១ពាន់កន្លែង។
ក្នុងអំឡុង ១០ខែ នៃឆ្នាំ២០២០ រដ្ឋាភិបាលអនុម័តសំណើសុំការសាងសង់សរុបជាង ៤ពាន់គម្រោង ឬស្មើនឹង ទំហំវិនិយោគជាង ៦ ៤០០លានដុល្លារ។ បើតាមការបន្តរបស់ លោក ផៃ ស៊ីផាន បន្តទៀតថា លើសពីនេះ ក្នុងឆ្នាំ២០២០ ដែលជាឆ្នាំរងសម្ពាធខ្លាំងពីវិបត្តិកូវីដ-១៩ សង្កេតឃើញថាកម្ពុជា មានរោងចក្រធុនធំបង្កើតថ្មីសរុបចំនួន ២២១រោងចក្រ។ លោក បន្ថែមថា ចំណែករោងចក្របិតទ្វារមានត្រឹមប្រមាណ ១០០រោងចក្រ ប៉ុណ្ណោះ ចំណេកចំនួនរោងចក្របើកថ្មី មានទ្វេដងនៃរោងចក្របិទទ្វារ ដែលសឱ្យឃើញថាសេដ្ឋកិច្ចនៅរឹងមាំទោះមានវិបត្តិកូវីដ-១៩ក៏ដោយ៕
ដោយ៖ Moeun Dyna