Register Already an agent ? Login

ទីភ្នាក់ងារហិរញ្ញវត្ថុសម្រាប់ការនាំចេញអូស្ត្រាលី ផ្សព្វផ្សាយបរិយាកាសវិនិយោគនៅកម្ពុជា ទៅធុរកិច្ចមានបំណងពង្រីកវិសាលភាព

ភ្នំពេញ៖ ប្រធានផ្នែកទទួលបន្ទុកកិច្ចការពាក់ព័ន្ធនឹងប្រទេសកម្ពុជា ឡាវ ថៃ និងវៀតណាមនៃទីភ្នាក់ងារហិរញ្ញវត្ថុសម្រាប់ការនាំចេញរបស់ប្រទេសអូស្ត្រាលី នឹងនាំព័ត៌មានអំពីវឌ្ឍនភាពថ្មីនៃបរិយាកាសវិនិយោគនៅកម្ពុជា ផ្សព្វផ្សាយទៅកាន់សហគមន៍ធុរកិច្ចអូស្ត្រាលីដែលមានបំណងចង់ពង្រីកវិសាលភាពនៃការវិនិយោគរបស់ខ្លួន។

លោក សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ លោក Charith Amarasinghe ប្រធានផ្នែកទទួលបន្ទុកកិច្ចការពាក់ព័ន្ធនឹងប្រទេសកម្ពុជា ឡាវ ថៃ និងវៀតណាមនៃទីភ្នាក់ងារហិរញ្ញវត្ថុសម្រាប់ការនាំចេញរបស់ប្រទេសអូស្ត្រាលី កាលពីថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥។

តាមការបញ្ជាក់ លោក Charith ជំនួបនេះ ក្នុងគោលបំណងបញ្ជ្រាបការឈ្វេងយល់អំពីបច្ចុប្បន្នភាពថ្មីនៃបរិយាកាសវិនិយោគនៅកម្ពុជា។

អគ្គលេខាធិការរង បានថ្លែងអំណរគុណ ចំពោះភាគីមិត្តដែលបានចំណាយពេលវេលាមកកាន់កម្ពុជាដោយផ្ទាល់ដើម្បីសិក្សាអំពីតថភាពជាក់ស្តែងនៃការអភិវឌ្ឍសង្គម សេដ្ឋកិច្ច។ លោក បានលើកឡើង អំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការធានាឱ្យបាននូវស្ថិរភាពនយោបាយ លំនឹងម៉ាក្រូសេដ្ឋកិច្ចប្រកបដោយភាពធន់ ការអភិវឌ្ឍកម្លាំងពលកម្មជំនាញ និងការបង្កើនប្រសិទ្ធភាពនៃប្រព័ន្ធភស្តុភារកម្មតាមរយៈការដាក់ចេញនូវផែនការមេគ្រប់ជ្រុងជ្រោយស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជា២០២៣-២០៣៣។

លោក Charith បានសម្តែងនូវសេចក្តីសោមនស្សរីករាយដែលបានមកកាន់កម្ពុជាជាលើកដំបូងក្នុងអាជីពការងាររបស់ខ្លួន ហើយបានទទួលជួបសិក្សាស្វែងយល់អំពីវឌ្ឍនភាពថ្មីនៃបរិយាកាសវិនិយោគនៅកម្ពុជា ជាពិសេសចំណុចគន្លឹះសំខាន់ៗដែលមានចែងក្នុងបទប្បញ្ញត្តិស្តីពីវិនិយោគ។

នាឱកាសនោះ លោក សួន សុផល បានជម្រាបជូនភាគីមិត្តអំពីសក្តានុពល កាលានុវត្តភាព និងបច្ចុប្បន្នភាពនៃបទប្បញ្ញត្តិ និងគោលនយោបាយស្តីពីវិនិយោគក្នុងស្រុកដែលមានភាពបើកចំហ អាចប៉ាន់ប្រមាណទុកជាមុនបាន និងភាពអំណោយផលសម្រាប់ការវិនិយោគដោយគ្មានការរើសអើង។

ជាការឆ្លើយតប លោកប្រធាន ក៏បានបង្ហាញនូវសុទិដ្ឋិនិយមថា ព័ត៌មានដែលទទួលបាននាឱកាសនេះនឹងត្រូវបានប្រើប្រាស់ជាឧត្តមប្រយោជន៍សម្រាប់ផ្សព្វផ្សាយទៅកាន់សហគមន៍ធុរកិច្ចអូស្ត្រាលីដែលមានបំណងចង់ពង្រីកវិសាលភាពនៃការវិនិយោគរបស់ខ្លួនមកកាន់តំបន់អាស៊ីអាគ្នេយ៍នាពេលអនាគត។

លោក បានគូសបញ្ជាក់ថា នឹងរង់ចាំស្វាគមន៍ជានិច្ចក្នុងការផ្តល់កិច្ចសម្រួលដល់ការទទួលបាននូវការគាំទ្រផ្នែកហិរញ្ញវត្ថុជូនសហគ្រាសធន់តូច មធ្យម និងសហគ្រាសគ្រាក់ៗរបស់អូស្ត្រាលីដែលគ្រោងនឹងមកបណ្តាក់ទុនវិនិយោគនៅកម្ពុជា។​

គួរបញ្ជាក់ផងដែរថា ទីភ្នាក់ងារហិរញ្ញវត្ថុសម្រាប់ការនាំចេញរបស់ប្រទេសអូស្ត្រាលីគឺជាស្ថាប័នរដ្ឋដែលទទួលបន្ទុកក្នុងការជួយជ្រោមជ្រែងផ្នែកហិរញ្ញវត្ថុក្រោមរូបភាពកម្ចី មូលបត្របំណុល និងការធានា ជូនសហគ្រាសអូស្ត្រាលីដែលមានបំណងធ្វើប្រតិបត្តិការធុរកិច្ចរបស់ខ្លួននៅក្រៅប្រទេស៕

ដោយ៖ មឿន ឌីណា (Moeun Dyna)