Register Already an agent ? Login

រដ្ឋ មានគម្រោងយកភូមិបន្ទាយឆ្មារត្បូង ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ផ្ទៃដីជិត ២ពាន់ហិកតា អភិវឌ្ឍជាភូមិគំរូគន្លឹះ

បន្ទាយមានជ័យ៖ រាជរដ្ឋាភិបាល តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ មានគម្រោងយកភូមិបន្ទាយឆ្មារត្បូង ស្ថិតនៅក្នុងឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ផ្ទៃដីសរុប ១ ៩៣១,២២ហិកតា អភិវឌ្ឍជាភូមិគំរូគន្លឹះ។

លោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ រួមដំណើរដោយ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ បានដឹកនាំមន្ដ្រីជំនាញក្រសួងនិងមន្ទីរ ចុះពិនិត្យស្ថានភាពភូមិបន្ទាយឆ្មារត្បូង ដែលគ្រោងអភិវឌ្ឍជាភូមិគំរូគន្លឹះ កាលពីរសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥។

បើតាម ចុះពិនិត្យស្ថានភាព របស់រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងនោះ ផ្ទៃដីសហគមន៍ ៣ហិកតា ផ្ទៃដីធ្វើកសិកម្ម ១ ៥៦៧,២២ហិកតា និងផ្ទៃដីលំនៅដ្ឋាន ៣៦១ហិកតា ដែលមានខ្នងផ្ទះចំនួន ៥៦៨ខ្នង សើ្មនឹង ៥៨៨គ្រួសារ ព្រមទាំងមានហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ខ្វាត់ខ្វែង មានមត្ដេយ្យសហគមន៍ មានសក្ដានុពលខាងផ្នែកកសិកម្ម និងមានដំណាំត្រសក់ផ្អែម និងឳឡឹក ពិសេសមានសក្ដានុពលខ្លាំងខាងវិស័យទេសចរណ៍បែបវប្បធម៌ ដែលរួមមានប្រាសាទបន្ទាយឆ្មារ និងប្រាសាទបុរាណនានាក្នុងឃុំនោះផងដែ។

លោក ឆាយ ឫទ្ធិសែន បានលើកឡើងអំពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់ សម្ដេចធិបតីនាយករដ្ឋមន្ដ្រី ក្នុងការអភិវឌ្ឍប្រទេសជាតិ និងការវិនិយោគសាធារណៈ ដើម្បីឱ្យប្រជាពលរដ្ឋអាចទទួលបានសេវាល្អប្រសើរ និងទូលំទូលាយ។

លោក បានលើកឡើងបន្តថា យុទ្ធសាស្ដ្ររបស់ក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ប្រកបដោយភាពធន់ លើកកម្ពស់សុខភាព អនាម័យ និងបរិស្ថានរស់នៅរបស់សហគមន៍ជនបទប្រកបដោយនិរន្តរភាព អភិវឌ្ឍសហគមន៍ឌីជីថល និងចលនាភូមិគំរូ ធ្វើពិពិធកម្មសេដ្ឋកិច្ចជនបទ និងនវានុវត្តន៍ការងារ និងពង្រឹងស្ថាប័នតាមរយៈការរៀបចំគោលនយោបាយហិរញ្ញវត្ថុ ឌីជីថល និងសហប្រតិបត្តិការ ក្នុងគោលដៅកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន និងអភិវឌ្ឍតំបន់ជនបទឱ្យមានភាពស៊ីវិល័យ ផាសុកភាព និងមានកិត្យានុភាពល្អប្រសើរ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)