ភ្នំពេញ៖ ប្រទេសដែលបានបញ្ជាទិញអង្ករពីកម្ពុជាក្នុងរយៈពេល ១១ខែកន្លងទៅនេះ មានចំនួន ៦០ប្រទេស៖ នៅក្នុងសហភាពអ៊ឺរ៉ុបមានប្រទេសចំនួន ២៤ ក្នុងចំណោម ២៨ប្រទេស, ប្រទេសចិន (រួមទាំង កោះហុងកុង, ម៉ាក់កាវ និងតៃវ៉ាន់), ប្រទេសសមាជិកអាស៊ានចំនួន៦ ហើយនិងនៅទ្វិបដ៏ទៃទៀតចំនួន ២៩ប្រទេស ។ ទន្ទឹមនឹងនេះក៏មានក្រុមហ៊ុនចំនួន១០ ក្នុងចំណោម ៧២ក្រុមហ៊ុន ដែលបាននាំចេញអង្ករច្រើនជាងគេ។ បើតាមគណីហ្វេសប៊ុកផ្លូវការ លោក រដ្ឋមន្រ្តីក្រសួងកសិកម្ម វេង សាខុន។
លោក រដ្ឋមន្រ្តីក្រសួងកសិកម្ម បានបន្តឱ្យដឹងថា លទ្ធផលនៃការនាំចេញអង្ករដែលបានឆ្លងកាត់ការត្រួតពិនិត្យភូតគាមអនាម័យ ក្នុងរយៈពេល ១១ខែ នៅឆ្នាំ២០២០ សម្រេចបាន ៦០១ ០៤៥តោន ដែលក្នុងនេះមាន៖ អង្ករក្រអូបគ្រប់ប្រភេទមានចំនួន ៤៨១ ១២៣តោន, អង្ករសចម្រុះគ្រប់ប្រភេទមានចំនួន ១១៣ ៧០៣តោន និងអង្ករចំហ៊ុយមានចំនួន ៦ ១៥១តោន។
«ការនាំចេញអង្កររយៈ១១ខែ នៅឆ្នាំ២០២០នេះ គឺមានការកើនឡើងប្រមាណ ៨៦ ៨៩៦ តោន ស្មើនឹង +១៦,៩០% ដែលធៀបទៅនឹងរយៈពេល១១ខែ នៅឆ្នាំ២០១៩ មានតែចំនួន ៥១៤ ១៤៩ តោន ប៉ុណ្ណោះ»។ បើតាមការបញ្ជាក់របស់ លោក រដ្ឋមន្រ្តី បានបន្ថែមថា ដោយឡែក សម្រាប់ខែវិឆ្ឆិកា ឆ្នាំ២០២០ នេះសម្រេចការនាំចេញអង្ករបានចំនួន ៦៤ ៧៤០តោន មានការកើនឡើងចំនួន ៨ ៥៣១តោន ស្មើនឹង ១៥,១៨ភាគរយ ធៀបទៅនឹងបរិមាណនាំចេញនៅខែវិឆ្ឆិកា ឆ្នាំ២០១៩។
លោក វេង សាខុន បានឱ្យដឹងទៀតថា ការនាំចេញអង្ករកម្ពុជាក្នុងរយៈពេល ១១ខែដើមឆ្នាំដូចគ្នាប្រៀបធៀបទៅនឹងឆ្នាំ២០១៩ មានកំណើននៅគ្រប់គោលដៅនាំចេញទាំងអស់។
លោក បញ្ជាក់ឱ្យដឹងទៀតថា ដោយឡែកប្រទេសចិនឈរនៅលំដាប់ទី១ មានបរិមាណសរុបចំនួន ២៣៤ ៩៤០ តោន ស្មើនឹង៣៩,០៩ភាគរយ, ទី២ ការនាំចេញទៅសហភាពអ៊ឺរ៉ុបមានចំនួន ២៤ប្រទេស មានបរិមាណសរុបចំនួន ១៨៨ ៤៣៦ ស្មើនឹង ៣១,៣៥ភាគរយ, ទី៣ បណ្តាប្រទេសសមាជិកអាស៊ានមានបរិមាណសរុបចំនួន ៧៨ ២០៨តោន ស្មើនឹង ១៣,០១ភាគរយ, និងទី៤ គោលដៅដ៏ទៃទៀតចំនួន ២៩ប្រទេស មានបរិមាណសរុបចំនួន ៩៩ ៤៦១តោន ស្មើនឹង ១៦,៥៥ភាគរយ។
រដ្ឋមន្រ្តីក្រសួងកសិកម្មបានបន្ថែមទៀតថា ការនាំចេញស្រូវនៅតាមបណ្តាច្រកនៃខេត្តជាប់ព្រំដែន កម្ពុជា-វៀតណាម មកទល់ថ្ងៃទី៣០ ខែវិឆ្ឆិកា ឆ្នាំ២០២០ មានបរិមាណសរុបចំនួន ១ ៧៧៧ ១០៧តោន។ បរិមាណនាំចេញសម្រាប់មួយថ្ងៃ នៅថ្ងៃទី៣០ ខែវិឆ្ឆិកា ឆ្នាំ២០២០ មានចំនួន ២៦ ៦១៩តោន៕
ដោយ៖ Moeun Dyna