កំពត៖ នៅឆ្នាំ២០២០ មានផលិតករសរុបចំនួន ៤៥៥គ្រួសារ បានដាំម្រេចលើផ្ទៃដីដាំ ២៩០ហិចតា ប្រមូលទិន្នផលបានចំនួន ៨២,៧៨តោន ដែលមានទីផ្សារនាំចេញទៅប្រទេសនៅទ្វីបអាស៊ី និងអឺរ៉ុប ដោយម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ «ម្រេចកំពត»។ បើតាមការថ្លែងឱ្យដឹងពី លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម។
«ម្រេចកំពត» ត្រូវបានទទួលការចុះបញ្ជីជាបន្តបន្ទាប់នៅក្នុងតំបន់ និងសកលលោក ហើយទទួលបានការការពារនៅប្រទេស ថៃ វៀតណាម និងសហភាពអឺរ៉ុប។ ជាការថ្លែងបន្តរបស់ លោក រដ្ឋមន្រ្តី បានឱ្យដឹងទៀតថា ថ្មីៗនេះក្រសួងពាណិជ្ជកម្ម បានជួយសម្របសម្រួលដាក់ពាក្យស្នើសុំចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ «ម្រេចកំពត» ជាអន្តរជាតិ នៅបណ្តាប្រទេសចំនួន៥០ ក្រោមច្បាប់ស្តីពីទីក្រុងហ្សឺណែវ នៃកិច្ចព្រមព្រៀងទីក្រុងលីស្បោន ស្តីពីប្រភពដើមទំនិញ និងម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ។
លោក ប៉ាន សូរស័ក្តិ ដែលបានអញ្ជើញចូលរួមជាអធិបតីភាពក្នុងពិធីប្រគល់ និងទទួលឧបករណ៍វេចខ្ចប់ និងការបញ្ជាទិញ «ម្រេចកំពត» របស់សាធារណរដ្ឋឆែក និងក្រុមហ៊ុន EU Land and Pepper Investment ដែលបានររៀបចំឡើងនៅទីស្នាក់ការសមាគមលើកកម្ពស់ម្រេចកំពត នៅខេត្តកំពត កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ បានថ្លែងរម្លឹកឱ្យដឹងថា ការជ្រើសរើស និងចុះបញ្ជី «ម្រេចកំពត» ជាម៉ាកសម្គាល់ភូមិសាស្រ្តទំនិញដំបូងគេបង្អស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា កាលពីឆ្នាំ២០១០ ដែលចាប់ផ្តើមដំបូង មានផលិតករចំនួន ១១៨គ្រួសារ ក្រុមហ៊ុនចំនួន ១២ និងផ្ទៃដីដាំដុះចំនួន ១០ហិចតា ដែលអាចប្រមូលទិន្នផលបានតែ ១០តោនប៉ុណ្ណោះ។
នាឱកាសនោះ លោក រដ្ឋមន្រ្តីបានលើកអំពីបញ្ហាប្រឈមធ្ងន់ធ្ងរ ដែលបង្កឡើងដោយជំងឺកូវីដ-១៩ ដែលបានបន្តគំរាមកំហែងដល់សេដ្ឋកិច្ច និងសង្គមជាសកល។ លោក ថា ក្រោមការដឹកនាំក្រោមរបស់ សម្តេច នាយករដ្ឋមន្រ្តីកម្ពុជា អាចគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ-១៩ ប្រកបដោយប្រសិទ្ធភាពខ្ពស់ ជាក់ស្ដែងការត្រួតពិនិត្យ និងគ្រប់គ្រងព្រឹត្តិការណ៍៣ វិច្ឆិកា កាលពីកន្លងទៅ។
នៅក្នុងពិធីនោះ លោក លោក ជាវ តាយ អភិបាលខេត្តកំពត បានថ្លែងថា កត្តាភូមិសាស្ត្របានផ្ដល់ឱ្យខេត្តកំពត មានផលិតផលសក្តានុពលជាច្រើនរួមមាន ស្រូវ ធុរេន ស្វាយ ចេកអំបូងលឿង អំបិល ផ្កាអំបិល ផលិតផលសមុទ្រស្រស់ និងស៊ីម៉ង់ត៍ ផលិតផលទាំងអស់សុទ្ធតែជាមាន សក្តានុពលសម្រាប់ការនាំចេញ។ លោកថា ដោយឡែកដំណាំម្រេច មានសមាគមម្រេចដែលមានសមាជិកចំនួន៤៥០គ្រួសារ និងមានផ្ទៃដីដាំដុះសរុប ២៩០ហិចតា គ្របដណ្ដប់លើស្រុក៤ របស់ខេត្តកំពត។
លោក អភិបាលខេត្តកំពត់បានថ្លែងបន្តថា បច្ចុប្បន្ន មានក្រុមហ៊ុនទាំងក្នុងស្រុក និងក្រៅស្រុក ចំនួន៣៨ក្រុមហ៊ុនកំពុងដំណើរការទិញលក់ម្រេចសម្រាប់ផ្គត់ផ្គង់ក្នុងស្រុក និងក្រៅស្រុក ចំពោះការប្រគល់ និងទទួលម៉ាស៊ីនវេចខ្ចប់ «ម្រេចកំពត» និងការបញ្ជាទិញទំនិញសម្គាល់ភូមិសាស្ត្រ «ម្រេចកំពត» ពីផលិតករលក្ខណៈគ្រួសារខ្នាតតូច របស់ស្ថានទូតសាធារណរដ្ឋឆែក និងក្រុមហ៊ុន EU land and Pepper ពិតជាបានលើកទឹកចិត្តទៅកសិករដាំម្រេចលក្ខណៈគ្រួសារខ្នាតតូចរបស់សមាគមម្រេចកំពត។
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានថ្លែងអំណរគុណចំពោះ ស្ថានទូតសាធារណរដ្ឋឆែក និងក្រុមហ៊ុន EU land and Pepper ដែលឧបត្តម្ភម៉ាស៊ីនវេចខ្ចប់ «ម្រេចកំពត» និងការបញ្ជាទិញទំនិញសម្គាល់ភូមិសាស្ត្រ«“ម្រេចកំពត» ពីផលិតករលក្ខណៈគ្រួសារខ្នាតតូច នូវឆ្នាំដំបូងចំនួន ១០តោន និងឆ្នាំបន្ទាប់ចំនួន ២០តោន៕
ដោយ៖ Moeun Dyna