ភ្នំពេញ៖ កម្ពុជា មានប៉ូលសេដ្ឋកិច្ច ៣សំខាន់ សម្រាប់ជំរុញសេដ្ឋកិច្ចជាតិ ទី១.ប៉ូលសេដ្ឋកិច្ចទីក្រុងភ្នំពេញ ទី២.ប៉ូលសេដ្ឋកិច្ចក្រុងព្រះសីហនុ និងទី៣.គឺប៉ូលសេដ្ឋកិច្ច ខេត្តសៀមរាប។ បើតាមការថ្លែងរបស់ សម្ដេច នាយករដ្ឋមន្រ្តី ហ៊ុន សែន នៅក្នុងពិធីបើកការដ្ឋានសាងសង់ និងកែលំអរផ្លូវចំនួន ៣៨ខ្សែ ក្នុងក្រុងសៀមរាប ខេត្តសៀមរាប នាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងបញ្ជាក់ «នេះជាសមិទ្ធផលថ្មីមួយទៀតសម្រាប់បងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តសៀមរាបដែលនៅឆ្នាំក្រោយនេះ និងបានឃើញផ្លូវស្អាត ជាពិសេសខេត្តសៀមរាបនេះ នឹងត្រូវរៀបចំអង្គរសង្ក្រាន្តឡើងវិញបន្ទាប់ពីបញ្ហាកូវីដត្រូវបានបញ្ចប់នោះ»។
សម្ដេច បន្តថា ផ្លូវទាំង ៣៨ខ្សែនេះ ជាការរួមចំណែកយ៉ាងសំខាន់ក្នុងការកែលម្អប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេសកម្ពុជា ជាពិសេសផ្ដោតសំខាន់ទៅលើប៉ូលសេដ្ឋកិច្ចសំខាន់៣ របស់ប្រទេសកម្ពុជា គឺក្រុងសៀមរាបអង្គរ ដែលជាដែនដីទេសចរណ៍ ដ៏មានមានសក្តានុពលរបស់កម្ពុជា។
តាមរយៈគម្រោងសាងសង់ផ្លូវទាំង៣៨ខ្សែនេះ នឹងធ្វើឱ្យទីក្រុងសៀមរាប ប្រែក្លាយរូបរាងជាទីក្រុងទំនើប និងទេសចរណ៍ ដ៏មានសក្តានុពល ដែលត្រូវបានរាជរដ្ឋាភិបាលកម្ពុជា កំណត់ជាតំបន់ស្នូលនៃប៉ូលអភិវឌ្ឍជាតិ ជាគោលដៅទេសចរណ៍ វប្បធម៌ ប្រវត្តិសាស្រ្ត និងធម្មជាតិ ស្របតាមរូបសាស្ត្រទីក្រុង រួមជាមួយការគិតគូរដល់ការពារ និងកែលម្អបរិស្ថាន ផាសុខភាពរបស់ប្រជាពលរដ្ឋ និងការរៀបចំអភិវឌ្ឍទីក្រុងឆ្លាតវៃ (Smart City) ផងដែរ។ បើតាមការថ្លែងបន្តទៀតរបស់ សម្ដេច នាយករដ្ឋមន្រ្តី។
រាជរដ្ឋាភិបាលបានបញ្ជាក់ទៀតថា ក្រោយពីបញ្ចប់ការសាងសង់ទៅ គម្រោងនេះនឹងដើរតួជាហេដ្ឋារចនាសម្ព័ន្ធប្រទាក់ក្រឡាគ្នា តភ្ជាប់ទីប្រជុំជន ទៅជាយក្រុង និងតភ្ជាប់ទៅកាន់តំបន់ទេសចរណ៍សំខាន់ៗ និងបណ្តាញខ្សែផ្លូវជាតិនានា សំដៅកាត់បន្ថយការកកស្ទះចរាចរណ៍ក្នុងទីក្រុង ជំរុញកំណើនដឹកជញ្ជូន ទាក់ទាញវិនិយោគិន ធុរជន និងភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលជាការរួមចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិឱ្យកាន់តែរីកចម្រើន នៅក្រោយវិបត្តិនៃជំងឺកូវីដ-១៩។
នៅក្នុងពិធីខាងលើ សម្ដេច ថ្លែងបន្ថែមថា ផ្លូវទាំង ៣៨ខ្សែនេះ មានប្រវែងសរុប ១០៨.៧៤គីឡូម៉ែត្រ ដោយគ្រោងប្រើប្រាស់ថវិកាជាតិសរុបប្រមាណ ១៤០លានដុល្លារ និងថវិកាជាង ៩លានដុល្លារ ទៀត សម្រាប់ការងារចាំបាច់ក្នុងការរៀបចំស្ថាបនាប្រព័ន្ធបង្ហូរទឹកភ្លៀង និងទឹកកខ្វក់ ដែលនៅក្រៅគម្រោងសាងសង់ខ្សែផ្លូវទាំង៣៨នេះ៕
ដោយ៖ Moeun Dyna