ភ្នំពេញ៖ នៅក្នុងពិធីបើកការដ្ឋានសាងសង់ និងកែលំអរផ្លូវចំនួន៣៨ខ្សែ ក្នុងក្រុងសៀមរាប ខេត្តសៀមរាប នាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ សម្ដេច នាយករដ្ឋមន្រ្តី ហ៊ុន សែន បានហៅការចម្លងជំងឺកូវីដ-១៩ មកប្រពន្ធអគ្គនាយកពន្ធនាគារជា «ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា»។
រាជរដ្ឋាភិបាល បានថ្លែងថា ឥឡូវនេះ ដើម្បីចៀសវាងនូវបញ្ហាដែលនិយមហៅថា ឈ្មោះ លោក ឆែម សាវុធ ឬហៅ ថា អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារ គឺយើងត្រូវប្រើប្រាស់ប្រសិទ្ធនាមព្រឹត្តិការណ៍នេះ ជា «ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា» វិញ។ សម្ដេច ថា នេះជាលើកដំបូងហើយដែលយើងចាប់ផ្តើមឆ្លងចូលសហគមន៍ ជាព្រឹត្តិការណ៍ រកមិនទាន់ឃើញក្បាលកន្ទុយ ថាតើវាផ្តើមចេញមកពីទីណា ហើយវាកំពុងបង្កប់ខ្លួននៅទីណាទៀត។ ចំណុចនេះគឺជា យើងមានការបារម្ភធំបំផុត ហើយព្រឹត្តិការណ៍ នេះទាមទារឱ្យយើងត្រូវធ្វើប្រតិបត្តិការយ៉ាងលឿន។
សម្ដេច នាយរដ្ឋមន្រ្តី បានថ្លែងបន្តថា សម្រាប់ទូទាំងប្រទេសបានធ្វើតេស្តសំណាកជាង ៣៣០០សំណាក មកពី៧ខេត្ត រកឃើញថាវិជ្ជមានចំនួន ១៤ករណី។ ក្នុងករណី ដែលបញ្ជួនពីសៀមរាបត្រូវបានបញ្ជាក់ថា «វិជ្ជមាន» ការឆ្លងក្នុងសហគមន៍បានកើនឡើងដល់ ១៥ករណី ក្នុងរយៈពេលតែ ២ថ្ងៃប៉ុណ្ណោះ។
សម្តេច បានអំពាវនាវឱ្យប្រជាពលរដ្ឋកម្ពុជា ទាំងអស់ត្រូវសាមគ្គីភាពគ្នា ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវី-១៩ ទាំងអស់គ្នា ហើយពេលនេះគឺជាពេល ដែលមិនមែនជាពេលដែលត្រូវចោទដាក់គ្នាទៅវិញទៅមកនោះទេ គឺមានតែការចូលរួមទប់ស្កាត់បង្ការការពារទាំងអស់គ្នាទេ។
សម្តេច ហ៊ុន សែន បានមានប្រសាសន៍ថា កន្លងទៅនេះ កម្ពុជាយើងបានឆ្លងកាត់សមរភូមិ៣ ក្នុងការទប់ស្កាត់នៃជំងឺកូវី-១៩នេះ ដែលសមរភូមិទី១ គឺការទប់ស្កាត់ការនាំចូលជំងឺពីក្រៅ សមរភូមិទី២ គឺការបង្ការការពារការចូលសហគមន៍ និងសមរភូមិទី៣ គឺការព្យាបាលអ្នកដែលកើតឱ្យជាសះស្បើយ ដូច្នេះយើងត្រូវអនុវត្តតាមសមរភូមិនេះជាបន្តបន្ទាប់ទៀត។
ទាក់ទងទៅនឹងការចូលរួមទប់ស្កាត់បង្ការការពារការចម្លងជំងឺកូវីដ-១៩នេះ សម្តេច បានដាក់ចេញនូវចំណុចសំខាន់ៗមួយចំនួនដូចជា៖ ត្រូវមានវិធានការការពារខ្លួនជានិច្ច ដោយត្រូវគិតថា ខ្លួនឯងមានកូវីដ-១៩ ប្រសើរជាងគិតថាគ្មាន សុខចិត្តធ្វើតេស្ត ឬធ្វើចត្ថាឡីស័ក១៤ថ្ងៃ ប្រសើរជាងមិនបានធ្វើ។ ត្រូវរៀបចំមជ្ឈមណ្ឌលចត្តាឡីស័កសំរាប់អ្នកដែលគ្មានលទ្ធភាពទៅរកចត្តាឡីស័កនៅតាមផ្ទះ ហើយទីកន្លែងដែលត្រូវធ្វើចត្តាឡីស័កនោះ គឺជាទីកន្លែងដែលផ្ដល់ឱកាសឱ្យក្រុមគ្រូពេទ្យទៅយកសំណាក ដើម្បីយកសំណាកនោះមកធ្វើតេស្តឱ្យបានត្រឹមត្រូវ។
ជាមួយគ្នានោះ ដើម្បីការពារជំងឺកូវីដ-១៩នោះ សម្តេច នាយករដ្ឋមន្ត្រី បានជំរុញឱ្យប្រជាពលរដ្ឋ ត្រូវតាំងខ្លួនជាអ្នកចុះចាញ់ និងជាអ្នកខ្លាចកូវីដ-១៩ តែមិនត្រូវភ័យតក់ស្លុតទេ ដោយភ្លេចការបង្ការការពារនោះទេ គឺយើងត្រូវការពារជាប់ជានិច្ច ជាពិសេសអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល៕
ដោយ៖ Moeun Dyna