ភ្នំពេញ៖ ដើម្បីពង្រឹងសមត្ថភាព កសិពាណិជ្ជកម្មក្នុងខេត្តចំនួន៦ នៅកម្ពុជា ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តលើការផ្តល់ប្រាក់កម្ចីចំនួន ៧០លាន ក្នុងការកែច្នៃផលិតផលកសិកម្មសំខាន់ៗឱ្យមានសុវត្ថិភាពដូចជា ដំឡូងមី ស្វាយចន្ទី ស្វាយ បន្លែ និងមាន់ស្រែជាដើម។
លោក តាកេស៊ី យូអេដា ( Takeshi Ueda) សេដ្ឋវិទូជាន់ខ្ពស់ផ្នែកធនធានធម្មជាតិនិងកសិកម្មបានថ្លែងថា កសិកម្មអាចចូលរួមចំណែកដល់កំណើន និងការធ្វើពិពិធកម្មសេដ្ឋកិច្ចនៅកម្ពុជា ប្រសិនបើសហគ្រាសកសិកម្មធុនតូចនិងមធ្យម អាចបង្កើនសមត្ថភាពរបស់ពួកគេ ក្នុងការកែច្នៃផលិតផលកសិកម្ម ដែលមានតម្លៃខ្ពស់ ហើយដាក់លក់លើទីផ្សារក្នុងនិងក្រៅប្រទេស។
ការវិនិយោគឯកជនលើវិស័យកសិកម្ម រួមជាមួយការទទួលបានឥណទាន ព្រមទាំងផលិតផលកសិកម្មសម្រាប់កែច្នៃប្រកបដោយគុណភាពខ្ពស់ នឹងជួយកសិពាណិជ្ជកម្មរបស់កម្ពុជា បញ្ចេញសក្តានុពលរបស់ខ្លួន បង្កើតការងារ និង លើកកម្ពស់ជីវភាព ប្រជាពលរដ្ឋនៅទីជនបទ។ បើតាមការថ្លែងបន្តរបស់ សេដ្ឋវិទូជាន់ខ្ពស់។
ADB បានថ្លែងឱ្យដឹងថា គម្រោងពង្រឹងការប្រកួតប្រជែងខ្សែសង្វាក់តម្លៃ និងសមត្ថភាពក្នុងវិស័យកសិកម្ម មានគោលបំណងផ្តល់អត្ថប្រយោជន៍ដល់សហករណ៍កសិកម្មចំនួន២៣០ និងសហគ្រាសកសិកម្មចំនួន ៥០ នៅក្នុងខេត្តកំពង់កំពង់ចាម កំពង់ធំ ឧត្តរមានជ័យ ព្រះវិហារ សៀមរាប និងខេត្តត្បូងឃ្មុំផងដែរ។
គម្រោងនេះ នឹងគាំទ្រដល់ការស្រាវជ្រាវ និងការអភិវឌ្ឍគ្រាប់ពូជ និងពូជបក្សីចញ្ចឹមដោយជួយសហករ កសិកម្មទទួលបានគ្រាប់ពូជផ្តល់ទិន្នផលខ្ពស់ធន់នឹងគ្រោះរាំងស្ងួត ធន់នឹងជំងឺ ក៏ដូចជាការគាំទ្រសម្ភារដាំដុះផ្សេងទៀត។ ជាការថ្លែងបន្តរបស់ ADB ថា លើសពីនេះទៀត គម្រោងនេះនឹងជួយកែលម្អផ្លូវជនបទប្រវែង ១១០គីឡូម៉ែត្រ និងជួយភ្ជាប់កសិផលទៅទីផ្សារក្នុងតំបន់គោលដៅនៃគម្រោង ដែលនឹងសាកល្បងនូវយន្តការហិរញ្ញប្បទានបៃតង ដែលគាំទ្រដោយប្រាក់កម្ចីចំនួន ៥លានដុល្លារ ពីមូលនិធិហេដ្ឋារចនាសម្ព័ន្ធអាស៊ាន (ASEAN Infrastructure Fund)ជាដើម។
ពលរដ្ឋកម្ពុជាដែលរស់នៅតាមតំបន់ជនបទមានប្រមាណ ៧៦ភាគរយ ក្នុងនោះរួមចំណែកនៅក្នុងវិស័យកសិកម្មប្រមាណ ២០,៧ភាគរយ ស្មើនឹងប្រមាណ ៣១,២ភាគរយ នៃផលិតផលក្នុងស្រុកសរុប(GDP)ក្នុងឆ្នាំ២០១៩។ តាមការបញ្ជក់ របស់ ADB ដោយលើកទឡ្ហីកណ៍ថា ឧស្សាហកម្មនេះបានកើនឡើងជាមធ្យម ១,៧ភាគរយ ជារៀងរាល់ឆ្នាំ ពីឆ្នាំ២០១០ ដល់ឆ្នាំ២០១៩។
ADB បានបញ្ជាក់ទៀតថា «ផលិតផលកសិកម្មកែច្នៃ
បច្ចុប្បន្ន មានចំនួនត្រឹមតែ ៤.០ភាគរយ នៃ GDP ដោយសារតែកង្វះផលិតផលចម្រុះដែលផ្តល់តម្លៃបន្ថែម»៕
ដោយ៖ Moeun Dyna