ភ្នំពេញ៖ សណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ (Hyatt Regency Phnom Penh) លំដាប់ផ្កាយ៥ ក្នុងទុនវិនិយោគ ជិត ១៨០លានដុល្លារ ក្រុមហ៊ុន ជីប ម៉ុង គ្រុប គ្រោងនឹងបើកទទួលភ្ញៀវ ក្នុងពេលឆាប់ៗខាងមុខនេះ។ បើតាមទំព័រហ្វេសប៊ុក ក្រុមហ៊ុន ជីប ម៉ុង គ្រុប កាលពីថ្ងៃទី២៧ ខែវិច្ឆិកា នេះ។
ក្នុងពេលឆាប់ៗនេះ ក្រុមហ៊ុន ជីប ម៉ុង នឹងដាក់ដំណើរការសណ្ឋាគារផ្កាយប្រាំ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ ដ៏ស្កឹមស្កៃដែលស្ថិតនៅចំបេះដូងរាជធានីភ្នំពេញ ដើម្បីចូលរួមចំណែកបម្រើវិស័យទេសចរណ៍ បដិសណ្ឋារកិច្ច ក៏ដូចជាធុរកិច្ចផងដែរ។
ថ្នាក់ដឹកនាំជាន់ខ្ពស់ក្រុមហ៊ុន ជីប ម៉ុង ក្រោមការដឹកនាំរបស់ លោកជំទាវអ្នកឧកញ៉ា ភាព ហៀក អ្នកឧកញ៉ា លាង ឃុន និងអ្នកឧកញ៉ា លាង ម៉េង ដែលជាម្ចាស់សណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ កាលពីថ្ងៃទី២៦ ខែវិច្ឆិកា បានរៀបចំពិធីក្រុងពាលីដើម្បីបួងសួងសុំសេចក្តីសុខ និងភាពរីកចម្រើនឲ្យកើតមានដល់ពេលដែលសណ្ឋាគារត្រូវបានបើកដំណើរការជាផ្លូវការ។
ចាប់ពីពេលនេះ អតិថិជនឬភ្ញៀវអាចកក់បន្ទប់ស្នាក់នៅក្នុងសណ្ឋាគារលំដាប់ពិភពលោក ផ្កាយ៥ ដ៏ថ្មីសន្លាងនេះបានហើយ ពោលគឺសម្រាប់ការស្នាក់នៅពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ ដែលមាន ២៤៧បន្ទប់៕
ដោយ៖ Moeun Dyna