ភ្នំពេញ៖ គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២០ កម្ពុជានាំចេញទំនិញសម្រេចបានទំហំទឹកប្រាក់ ២២ពាន់លានដុល្លារ កើនឡើង ១៨ភាគរយ បើទោះបីប្រឈមនឹងការរីករាលដាលជំងឺកូវីដ-១៩។ បើតាមការថ្លែងរបស់ សម្ដេច នាយរដ្ឋមន្រ្តី ហ៊ុន សែន។
នៅក្នុងពិធីសំណេះសំណាល និងពិនិត្យលទ្ធផលការងាររបស់ «មេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន» នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកានេះ សម្ដេច នាយករដ្ឋមន្រ្តីបានថ្លែងបន្តថា ចំណូលថវិកាចរន្តឆ្នាំ២០២០ មានប្រមាណ ៤.៥០០លានដុល្លារ។ ចំណូលចរន្តនេះ បានមកពីចំណូលពន្ធដារប្រមាណ ២.៥០០លានដុល្លារ និងចំណូលពន្ធគយ ប្រមាណ ២.១០០លានដុល្លារ។
ប្រមុខរាជរដ្ឋាភិបាលបានថ្លែងបន្តទៀតថា ចំណូលចរន្តឆ្នាំ២០២០ អាចទៅកៀក ៥.០០០លានដុល្លារ នៃចំណូលថវិកាចរន្ត ទោះបីចំណូលឆ្នាំនេះ មិនគ្រប់តាមផែនការដោយសារការរីករាលជំងឺកូវីដ-១៩។ សម្តេច បញ្ជាក់ «រាជរដ្ឋាភិបាលមានសល់សាច់ប្រាក់សន្សំជាង ៣.០០០លានដុល្លារ សម្រាប់ចំណាយចាំបាច់នានា»។
រាជរដ្ឋាបាលកម្ពូជា បានថ្លែងដោយរំពឹងថា សេដ្ឋកិច្ចកម្ពុជានឹងមានសន្ទុះឡើងវិញ នៅឆ្នាំ២០២១ ខណៈឆ្នាំ២០២០នេះ សេដ្ឋកិច្ចរបស់កម្ពុជាធ្លាក់ចុះ ដល់ចំណុចអវិជ្ជមាន ដោយសារវិបត្តិកូវីដ-១៩។
នៅក្នុងពិធីដដែល សម្ដេច នាយករដ្ឋមន្រ្តី បានបន្ថែមថា នៅឆ្នាំ២០២១ កំណើនសេដ្ឋកិច្ចនឹងងើបឡើងវិញ។ ឆ្នាំនេះបើជាចំណូលមានការបាត់បង់ ក៏ប៉ុន្តែមកដល់ពេលនេះ ចំណូលដែលយើងទទួលបាន គឺមានប្រមាណជាង ៤.៥០០លានដុល្លាររួចស្រេចទៅហើយ។ សម្ដេច ថា ក្នុងនោះចំណូលបានមកពីពន្ធដារប្រមាណ ២.៥០០លានដុល្លារ ចំណែកបានមកពីគយបានប្រមាណ ២.១០០លាដុល្លារ។
រាជរដ្ឋាភិបាល បានព្យាការសេដ្ឋកិច្ចកម្ពុជា ធ្លាក់ចុះមកត្រឹម -១.៩ភាគរយ ខណធនាគារពិភពលោក (World Bank) ព្យាករពីសេដ្ឋកិច្ចរបស់កម្ពុជា មានភាពអវិជ្ជមាន -២ភាគរយ និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ក៏បានព្យាករកំណើនសេដ្ឋកិច្ចកម្ពុជា ធ្លាក់ចុះក្នុងរង្វង់ -៤ភាគរយ។
ឆ្នាំ២០២០ សេដ្ឋកិច្ចកម្ពុជាធ្លាក់ចុះក្រោមសូន្យ ប៉ុន្តែនៅឆ្នាំ២០២១ ស្ថាប័នអន្តរជាតិទាំង២នេះ បានព្យាករកំណើនសេដ្ឋកិច្ចកម្ពុជា ងើបឡើងវិញ World Bank ថាសេដ្ឋកិច្ចកម្ពុជា នឹងងើបឡើងក្នុងអត្រា ៤.៣ភាគរយ និង ADB ថាសេដ្ឋកិច្ចកម្ពុជានឹងកើនឡើង ៥.៩ភាគរយវិញ៕
ដោយ៖ Moeun Dyna