ភ្នំពេញ៖ គម្រោងស្ថាបនាផ្លូវក្រវ៉ាត់ក្រុងទី៣នេះ តភ្ជាប់ពីផ្លូវជាតិលេខ៦ កាត់តាមមហាវិថីឈ្នះឈ្នះ និងស្ពានព្រែកព្នៅ ហើយឆ្លងកាត់ពីផ្លូវជាតិលេខ៤ ដែលមានចំណុចចាប់ផ្តើមពីគីឡូម៉ែត ១៤+១០៥ មកផ្លូវជាតិលេខ៣ ហើយភ្ជាប់មកផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២១ ឆ្លងកាត់ទន្លេបាសាក់ហើយតភ្ជាប់ទៅនឹងផ្លូវជាតិលេខ១ ដែលមានចំណុចចុងបញ្ចប់នៅគីឡូម៉ែត្រ ២៤ + ៨៤០ របស់ខេត្តកណ្តាល សម្រេចបាន ៤១ភាគរយ គិតត្រឹមខែវិច្ឆិកានេះ។
លោក ហ៊ាង សុទ្ធាយុត្តិ អ្នកនាំពាក្យក្រសួងដឹកជញ្ជូន បានថ្លែងឱ្យដឹងថា គម្រោងស្ថាបនាផ្លូវក្រវ៉ាត់ក្រុងទី៣ មិនមានការជួបឧបសគ្គអ្វីឡើយ ទោះបីស្ថិតក្នុងវិបត្តិជំងឺកូវីដ-១៩ក្ដី និងគ្រោះជំនន់ទឹកភ្លៀងកន្លងមកបណ្ដាលឱ្យលិច ផ្នែកមួយចំនួននៅភ្នំក៏ដោយ។
លោក បានថ្លែងបន្តថា បើទោះបីជារដ្ឋាបាលកាត់ចំណាយរបស់រដ្ឋក៏ពិតមែន ក៏ប៉ុន្តែមិនបានធ្វើឱ្យគម្រោងស្ថាបនេះផ្លូវនេះប៉ះពាល់ឡើយ ព្រោះគម្រោងនេះត្រូវបានរៀបចំទុកជាយូរមកហើយ ដូចច្នេះមិនធ្វើឱ្យមានការប៉ះពាល់ការសាងសង់នោះទេ បើមានការប៉ះពាល់តែគម្រោងថ្មីៗ និងគម្រោងដែលមិនទាន់អនុវត្តតែប៉ុណ្ណោះ។
សូមរម្លឹកថា គម្រោងស្ថាបនាផ្លូវក្រវ៉ាត់ក្រុងទី៣ បានបើកការដ្ឋានសាងសង់កាលពីថ្ងៃ១៤ ខែមករា ឆ្នាំ២០១៩ ចំណាយថវិកាសរុបប្រមាណ ២៧៣លានដុល្លា ដែលជាហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលចិន និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា។ តាមផែនការផ្លូវក្រវ៉ាត់ក្រុងនេះ នឹងបញ្ចប់នៅខែធ្នូ ឆ្នាំ២០២១ ដែលចំណាយពេលសាងសង់រយៈពេល ៤២ខែ។
សម្ដេច នាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលបានថ្លែងក្នុងពិធីសម្ពោធបើកកាដ្ឋានសាងស់ផ្លូវកន្លងមក បញ្ជាក់ថា ផ្លូវក្រវ៉ាត់ក្រុងទី៣ នឹងជួយកាត់បន្ថយក្នុងការកកស្ទះចរាចរណ៍ក្នុងរាជធានីភ្នំពេញ ហើយផ្លូវដ៏ធំនេះនឹងជួយតភ្ជាប់ផ្ទៃក្នុងកម្ពុជាទៅនឹងសមាហរណកម្មតំបន់ ពិសេសតភ្ជាប់ផ្លូវអាស៊ានហាយវ៉េ និងផ្លូវរបៀងសេដ្ឋកិច្ចសំខាន់ៗ របស់ប្រទេសមហាអនុតំបន់មេគ្គ និងការជុំរុពាណិជ្ជកម្មអន្តរជាតិ៕
ដោយ៖ Moeun Dyna