ភ្នំពេញ៖ លោក ជាវ តាយ បានដឹកនាំកិច្ចប្រជុំគណៈកម្មការរៀបចំគម្រោងខេត្ត ដើម្បីពិនិត្យនិងអនុម័តគម្រោងខេត្តឆ្នាំ២០២០ ចំនួន ៣គម្រោង ដែលនឹងអនុវត្តនៅដំណាចឆ្នាំ២០២០ ដែលផ្តោតទៅលើ ការស្ថាបនានិងជួសជុលពង្រីកហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធផ្លូវថ្នល់បេតុង សួនសាធារណៈ ការកែលម្អដាក់ប្រព័ន្ធលូតាមដងផ្លូវ ក្នុងសង្កាត់មួយចំនួននៃក្រុងកំពត និងនៅក្នុងឃុំទូកមាស ស្រុកបន្ទាយមាស ខេត្តកំពត។
កិច្ចប្រជុំអនុម័តគម្រោងចំនួន៣ ខាងលើធ្វើឡើងកាលពីសរៀលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ លោក ជាវ តាយ បានថ្លែងឱ្យដឹងថា គម្រោងអភិវឌ្ឍចំនួន៣ ត្រូវចំណាយថវិកា ប្រមាណ ១៣ពាន់លានរៀល ដែលសិក្សារៀបចំគម្រោងដោយក្រុមការងារមន្ត្រីជំនាញបច្ចេកទេស គណៈកម្មការរៀបចំគម្រោង របស់រដ្ឋបាលខេត្តកំពត ដើម្បីអនុវត្តឱ្យបានឆាប់រហ័សនៅមុនដំណាច់ឆ្នាំ២០២០។
លោក អភិបាលខេត្ត បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំរបស់មន្ត្រីជំនាញបច្ចេកទេស ក្នុងការសិក្សា ដើម្បីបានជាលទ្ធផលនៃគម្រោង សម្រាប់ការអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តឱ្យមានការរីកចម្រើនកាន់តែប្រសើរឡើងបន្ថែមទៀត ដើម្បីសំដៅឆ្លើយតបនឹងតម្រូវការប្រើប្រាស់របស់ប្រជាពលរដ្ឋ ក៏ដូចសាធារណជនទូទៅផងដែរ។
ក្រោយពីគម្រោងនេះ បានអនុម័តក្នុងកិច្ចប្រជុំនេះរួចហើយ ត្រូវបន្តនីតិវិធីឱ្យបានត្រឹមត្រូវល្អ ដោយផ្អែកតាមគោលការណ៍ណែនាំ របស់ក្រសួងមហាផ្ទៃ ដើម្បីធ្វើយ៉ាងណាជំរុញការអនុវត្តឱ្យបានលឿនឆាប់រហ័ស ក្នុងការអភិវឌ្ឍគម្រោងទាំងនេះ បញ្ចប់នៅចុងឆ្នាំ២០២០ ឱ្យទទួលបានលទ្ធផលជោគជ័យ និងមានគុណភាពប្រសិទ្ធភាព។ ជាការថ្លែងបន្តរបស់ លោក ជាវ តាយ ដែលបានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំ និងមន្រ្តីជំនាញពាក់ព័ន្ធទាំងអស់។
សូមបញ្ជាក់ថា គម្រោងទាំង៣ ត្រូវបានជ្រើសរើសចេញពីកម្មវិធីវិនិយោគបីឆ្នាំរំកិល របស់ខេត្ត ហើយថវិកាដែលបានវិភាជន៍ សម្រាប់គម្រោងនេះត្រូវបានរៀបចំក្នុងគម្រោងថវិកាប្រចាំឆ្នាំរបស់ខេត្ត ដោយប្រើប្រាស់ថវិកាឥណទាន បំពេញបន្ថែមចុងឆ្នាំ៕
ដោយ៖ Moeun Dyna