ភ្នំពេញ៖ របាយការណ៍ របស់គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រ ស្តីពីការស្ថាបនាផ្លូវ ៣៤ខ្សែ ក្នុងក្រុងព្រះសីហនុ គិតត្រឹមថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ លទ្ធផលការងារចាក់បេតុងផ្លូវ សម្រេចបាន ១០០ភាគរយ , ការងារដាក់លូ តាមផ្លូវ ១០០ភាគរយ, ការងាររៀបចំ ប្រព័ន្ធលូរណប ៩២,៨១ភាគរយ , ការងាររៀបខឿនក្រានីត ៩០,២៧ភាគរយ, ការងាររៀបចំកម្រាលក្រានីត ៧៥,០៥ភាគរយ, ការងារដំឡើងបង្គោលភ្លើង តាមដងផ្លូវ ៩៨,០៥ភាគរយ, ការងារបំពាក់អំពូលភ្លើង តាមដងផ្លូវ ៩១,២៥ភាគរយ និងការងារដាំដើមឈើ ៦០,០៩ភាគរយ។
លោក គួច ចំរើន អភិបាលខេត្ត បានថ្លែងឱ្យដឹងថា ការងារចាក់កៅស៊ូ នឹងចាប់ផ្តើមអនុវត្តនៅពេលអស់ទឹកភ្លៀង ពេលនេះ ក្រុមហ៊ុននីមួយៗ ដែលទទួលខុសត្រូវ ក្នុងការសាងសង់ផ្លូវ ក្នុងព្រះសីហនុ កំពុងតែមមាញឹកបង្ហើយការងាររបស់ខ្លួនឱ្យបានស្អាត មុននឹងពេលវេលាអ៊ុតកៅស៊ូមកដល់។
លោក បញ្ជាក់ឱ្យដឹងថា «ការងារអ៊ុតកៅស៊ូ លើផ្លូវទាំង ៣៤ខ្សែ គ្រោងធ្វើឱ្យរួចរាល់នៅមុនពេលបុណ្យចូលឆ្នាំ ប្រពៃណីជាតិខ្មែរ មកដល់ខាងមុខនេះ ទាំងការដាក់ស្លាក សញ្ញាគំនូសចរាចរ ចិញ្ចើមផ្លូវ សម្រាប់ថ្មើជើង ភ្លើងបំភ្លឺ និងសួនច្បារ»។ លោក ថា ផ្លូវទាំង ៣៤ខ្សែនេះ នៅក្នុងគម្រោងចាក់ បេតុងកម្រាស់ ០,២៥ ម៉ែត្រ និងអ៊ុតបេទីម បន្ថែមពីលើកម្រាស់ ០,០៧ ម៉ែត្រ។
បើតាម លោក ឃាង ភារម្យ អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ បានថ្លែងថា ទោះបីមានឧបសគ្គដោយ សារជំងឺកូវីដ-១៩ យ៉ាងណាក៏ដោយ ក៏សកម្មភាពក្រុមការងារស្ថាបនា នៅតែបន្តដោយមិនមានការឈប់សម្រាកសកម្មភាពនោះឡើយ ហើយនៅក្នុងរង្វង់ខែ១២ ឆ្នាំ២០២០នេះ នឹងរៀបចំចាក់កៅស៊ូគ្រប់ផ្លូវទាំង ៣៤ខ្សែនឹងឱ្យហើយរួចរាល់។
សូមរម្លឹកថា គម្រោងសាងសង់ផ្លូវ ៣៤ខ្សែក្នុងក្រុងព្រះសីហនុ បានបើកការដ្ឋាន ក្រោមអធិបតីភាពរបស់ សម្តេច នាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩ មានប្រវែងសរុបជាង ៨០គីឡូម៉ែត្រ សាងសង់ ដោយក្រុមហ៊ុនចំនួន ៨៕
ដោយ៖ Moeun Dyna