ភ្នំពេញ៖ ក្រុមហ៊ុន NAGA CORP បានបោះទុន ៣៥០លានដុល្លារ គ្រោងសាងសង់រមណីយដ្ឋាន ឈ្មោះថា «Angkor Lake of Wonder» នៅលើផ្ទៃដី ៧៥ហិកតា នៅខេត្តសៀមរាប។ បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុនNAGA កាលពីថ្ងៃទី១៥ ខែវិច្ឆិកា នេះ បានបញ្ជាក់ថា គម្រោងវិនិយោគដ៏ធំមួយនេះ មិនមែនការបង្កើតកន្លែងលេងល្បែងស៊ីសងប្រភេទណាមួយឡើយ។
នៅក្នុងសេចក្ដីប្រកាសព័ត៌មានបានឱ្យដឹងបន្តថា តាមគម្រោង នឹងសាងសង់សណ្ឋាគារមួយដែលមានរចនាប័ទ្មបែបវប្បធម៌ និងប្រពៃណីខ្មែរ នៅចំកណ្តាល។ លើសពីនេះ នឹងមានបង្កើតឧទ្យានទឹក, បង្កើត Siem Reap China Town, បង្កើតឧទ្យានប្រវត្តិសាស្ត្រ និងវប្បធម៌ខ្មែរបែប 4D, 5D, Augmented Reality (AR) និង Virtual Reality (VR) រួមទាំងបង្កើតសួនវប្បធម៌ជាដើម។ គម្រោងវិនិយោគដ៏ធំមួយនេះ នឹងបញ្ចប់ការសាងសង់ទាំងស្រុងនៅក្នុងឆ្នាំ២០២៥។
គម្រោងនេះ ស្ថិតនៅខាងត្បូងក្រៅតំបន់ហាមឃាត់នៃតំបន់ប្រាសាទអង្គរវត្ត ចម្ងាយ ៥០០ម៉ែត្រពីឧទ្យានអង្គរ។ បើតាមការបន្តទៀតនៅក្នុងសេចក្ដីប្រកាសព័ត៌មាន បន្ថែមថា ចំពោះទីតាំងនេះផងដែរ រដ្ឋាភិបាលកម្ពុជាបានសម្រេចជួលឱ្យក្រុមហ៊ុនដែលមានទីស្នាក់ការកណ្តាលនៅហុងកុង ក្នុងរយៈពេល៥០ឆ្នាំ គិតចាប់ពីខែមករា ឆ្នាំ២០២០ ដល់ ឆ្នាំ២០៧០ ក្នុងតម្លៃជួល ០,៦ដុល្លារ ក្នុងមួយម៉ែត្រការ៉េជារៀងរាល់ឆ្នាំ ហើយតម្លៃនេះនឹងកើនឡើង ៥ភាគរយ នៅរាល់ ៥ឆ្នាំម្តង។
គម្រោងអភិវឌ្ឍថ្មីមួយនេះ នឹងជួយទាក់ទាញភ្ញៀវទេសចរមកខេត្តសៀមបានកាន់តែច្រើន ក្នុងគោលដៅលើកកកម្ពស់វិស័យទេសចរណ៍នៅកម្ពុជា។ បើតាមការបន្ថែមទៀត របស់ក្រុមហ៊ុនណាហ្គា បានអះអាងថា តាមគម្រោងអភិវឌ្ឍនេះក្រុមហ៊ុននឹងបង្កើតយុទ្ធសាស្ត្រនៃការធ្វើការងារជាមួយទីភ្នាក់ទេសចរនៅប្រទេសចិន និងប្រទេសនានាទៀត តាមប្រព័ន្ធអ៉ីនធឺណែត ដើម្បីនាំភ្ញៀវទេសចរមកកាន់ខេត្តសៀមរាប និងរាជធានីភ្នំពេញ។
គួរម្លឹកថា នេះជាគម្រោងវិនិយោគដ៏ធំមួយទៀតរបស់ក្រុមហ៊ុនណាហ្គាខបបន្ទាប់ពីខ្លួនបានប្រកាសពីគម្រោងកាស៊ីណូណាហ្គាទី៣ នៅភ្នំពេញកាលពីឆ្នាំ២០១៩ ជាមួយនឹងទំហំទឹកប្រាក់វិនិយោគ រហូតដល់ជិត ៤ពាន់លានដុល្លារ៕
ដោយ៖ Moeun Dyna