ភ្នំពេញ៖ ប្រធានធនាគារពិភពលោកបានព្រមានថា ជំងឺរាតត្បាតកូវីដ-១៩ អាចនឹងរុញច្រាន ប្រជាជនរហូតដល់ ១៥០លាននាក់ ឱ្យធ្លាក់ចូលក្នុងភាពក្រីក្រធ្ងន់ធ្ងរនៅក្នុងឆ្នាំដំបូង ហើយបានអំពាវនាវឱ្យជួយកាត់បន្ថយបំណុល និងដោះស្រាយបញ្ហាបំណុល ដើម្បីកុំឱ្យវិបត្តិបំណុលធំកើតឡើងម្តងទៀត។ បើតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងកសរបរទេស និងសហប្រតិបត្តិការអន្តរជាតិ ស្ដីពីលទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើកទី១៥ តាមប្រព័ន្ធវីដេអូ ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០។
សេចក្ដីប្រកាសព័ត៌មានក្រសួង ចេញផ្សាយថ្ងៃទី១៥ ខែវិច្ឆិកានេះ បានបន្តថា អគ្គលេខាធិការអង្គការសហប្រជាជាតិ បានអំពាវនាវឱ្យប្រទេសនានាបង្កើនកញ្ចប់ជំរុញកំណើនឱ្យបានយ៉ាងហោចណាស់ ១០ភាគរយ នៃផលិតផលក្នុងស្រុកដុលរបស់ពិភពលោក និងបានសង្កត់ធ្ងន់ពីភាពចាំបាច់ដើម្បីជួយប្រទេសនានាក្នុងការផ្តល់ហិរញ្ញប្បទានដល់ការស្តារឡើងវិញពីជំងឺកូវីដ-១៩ និងការវិនិយោគរយៈពេលវែងដើម្បីសម្រេចគោលដៅអភិវឌ្ឍប្រកបដោយចីរភាព។
ក្រសួងបានបន្តទៀតថា ថ្នាក់ដឹកនាំបានសង្កត់ធ្ងន់លើសារៈសំខាន់នៃមជ្ឈភាពរបស់អាស៊ាន និងបានចូលរួមប្តេជ្ញា ក្នុងការគាំទ្រដល់វិធីសាស្រ្តរួមក្នុងការដោះស្រាយផលប៉ះពាល់សេដ្ឋកិច្ច និងការស្តារឡើងវិញនៅដំណាក់កាលក្រោយកូវីដ-១៩។ ជាមួយគ្នា ថ្នាក់ដឹកនាំបានឯកភាពក្នុងការជំរុញកិច្ចសហប្រតិបត្តិការពហុភាគី ដើម្បីធានាឱ្យមានវ៉ាក់សាំងដែលមានតម្លៃសមរម្យសម្រាប់មនុស្សគ្រប់រូប, គាំពារសណ្តាប់ធ្នាប់អន្តរជាតិឈរលើវិធានច្បាប់, ជំរុញការជឿជាក់ និងទំនុកចិត្តទៅវិញទៅមក, និងកិច្ចសហប្រតិបត្តិការជាក់ស្តែងផ្អែកលើមូលដ្ឋាននៃផលប្រយោជន៍រួម និងការគោរពគ្នាទៅវិញទៅមក ដើម្បីដោះស្រាយបញ្ហាប្រឈមរួម។
នៅក្នុងសេចក្ដីប្រកាសព័ត៌មានក្រសួងបានឱ្យដឹងថា ប្រទេសដែលចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ីបូព៌ា បានគាំទ្រដល់ការលើកកម្ពស់ការសំយោគ និងការបំពេញបន្ថែមឱ្យគ្នាទៅវិញទៅមករវាងគំនិតផ្តួចផ្តើមនៃកិច្ចប្រជុំកំពូលអាស៊ីបូព៌ា និងគំនិតផ្តួចផ្តើមនានាដែលដឹកនាំដោយអាស៊ានដែលនឹងគាំទ្រដល់សន្តិភាព សន្តិសុខ និងកំណើនប្រកបដោយបរិយាប័ន្ន តាមរយៈគំរោង និងសកម្មភាពនានាក្រោមទស្សនវិស័យអាស៊ានស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក។
សេចក្ដីប្រកាសព័ត៌មាននេះ បានបន្តថា ថ្នាក់ដឹកនាំកិច្ចប្រជុំកំពូលអាស៊ីបូព៌ា ក៏បានពិភាក្សាអំពីបញ្ហាប្រឈមផ្សេងទៀតដែលត្រូវការវិធីសាស្រ្តរួម និងគ្រប់ជ្រុងជ្រោយ ដើម្បីឆ្លើយតបទៅនឹងបញ្ហាដូចជាការប្រែប្រួលអាកាសធាតុ និងការការពារបរិស្ថាន, ការគ្រប់គ្រងគ្រោះមហន្តរាយ, សន្តិសុខដែនសមុទ្រ, និងឧក្រិដ្ឋកម្មឆ្លងដែន ដូចជាបញ្ហាសន្តិសុខតាមអ៊ីនធឺនិត និងអំពើភេរវកម្ម។
បើតាមសេចក្ដីប្រកាសព័ត៌មានដដែល បានបញ្ជាក់ឱ្យដឹងថា កម្ពុជាបានអំពាវនាវឱ្យប្រទេសដែលចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ីបូព៌ា ផ្តោតការយកចិត្តទុកដាក់ជាពិសេសទៅលើបញ្ហាគ្រោះអាសន្នសុខភាពសកលលោក និងកិច្ចសហប្រតិបត្តិការលើការស្តារសេដ្ឋកិច្ចឡើងវិញ នៅក្នុងការបន្តអនុវត្តផែនការសកម្មភាពទីក្រុងម៉ានីល។ ទន្ទឹមនឹងនេះ កិច្ចប្រជុំកំពូលអាស៊ីបូព៌ា គួរយកចិត្តទុកដាក់បង្កើននូវការលើកកំពស់ជំនាញនៃកម្លាំងពលកម្ម ដើម្បីរក្សាភាពប្រកួតប្រជែងសេដ្ឋកិច្ច នៅក្នុងប្រក្រតីភាពតាមគន្លងថ្មី (new normal) ក្រោយវិបត្តិកូវីដ-១៩។
កម្ពុជា ក៏បានសម្តែងការគាំទ្រចំពោះ «សេចក្តីប្រកាសរបស់ថ្នាក់ដឹកនាំនៃកិច្ចប្រជុំកំពូលអាស៊ីបូព៌ា ស្តីពីស្ត្រី សន្តិភាព និងសន្តិសុខ» និងបានប្តេជ្ញាធ្វើការជាមួយបណ្តាប្រទេសនៃកិច្ចប្រជុំកំពូលអាស៊ីបូព៌ាទាំងអស់ ដើម្បីកំណត់វិស័យនៃកិច្ចសហប្រតិបត្តិការ ក្នុងការលើកកម្ពស់ការចូលរួមដ៏មានអត្ថន័យរបស់ស្ត្រីនៅគ្រប់កម្រិតនៃការបង្ការជម្លោះ ប្រតិបត្តិការរក្សាសន្តិភាព និងកិច្ចខិតខំប្រឹងប្រែងកសាងសន្តិភាព។
ពាក់ព័ន្ធនឹងបញ្ហាសន្តិសុខក្នុងតំបន់ កម្ពុជាបានបញ្ជាក់ជាថ្មីនូវការប្រកាន់ខ្ជាប់នូវរដ្ឋធម្មនុញ្ញរបស់ខ្លួនដែលបានហាមឃាត់ជាដាច់ខាតនូវវត្តមានមូលដ្ឋានយោធាបរទេស នៅលើទឹកដីកម្ពុជា ដែលជាការឆ្លើយតបទៅនឹងសហរដ្ឋអាមេរិក ដែលបានសម្តែងការព្រួយបារម្ភថា ប្រទេសកម្ពុជាមានផែនការធ្វើជាម្ចាស់ផ្ទះសំរាប់កងទ័ពជើងទឹកបរទេស និងបុគ្គលិករបស់ពួកគេ នៅក្នុងមូលដ្ឋានកងទ័ពជើងទឹករាម៕
ដោយ៖ Moeun Dyna