ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងការបរទេសហុងគ្រី នៅក្នុងកិច្ចសន្ទនាតាមទូរសព្ទជា លោក ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា បានសម្ដែងការសោកស្ដាយយ៉ាងខ្លាំង និងសូមផ្ងើនូវការសុំទោសរបស់ លោក ចំពោះការលំបាកដែលបានកើតឡើង ក្នុងព្រឹត្តិការណ៍ ៣វិច្ឆិកា ឆ្នាំ២០២០។ បើតាមទំព័រហ្វសប៊ុក លោក ប្រាក់ សុខុន ដែលបានរៀបរាប់ពីស្ថានភាពរបស់ លោក ក្រោយព្រឹត្តិការណ៍ខាងលើ នាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា នេះ។
សូមអានខ្លឹមសារការសន្ទនារបស់ លោក ទាំងពីរតាមទូរសព្ទដូចតទៅ៖ ពេលខ្ញុំសន្ទនាតាមទូរសព្ទជាមួយ លោករដ្ឋមន្ត្រី Szijjártó ក្រោយពីគាត់ត្រឡប់ដល់ស្រុកគាត់វិញនោះ លោកបានសម្ដែងការសោកស្តាយយ៉ាងខ្លាំង និងសូមផ្ញើនូវការសុំទោសរបស់លោកចំពោះការលំបាកដែលបង្កឡើងដោយរូបលោក។
លោកបញ្ជាក់អះអាងសារជាថ្មីថា ពេលលោកបានធ្វើតេស្តមុនលោកចេញដំណើរមកកម្ពុជា លទ្ធផលពេលនោះគឺអវិជ្ជមាន។ ប្រពន្ធ និងកូនលោកក៏ដូចជាសមាជិកគណៈប្រតិភូរបស់លោកទាំងអស់គ្នា លើកលែងតែឯកអគ្គរដ្ឋទូតម្នាក់ សុទ្ធតែអវិជ្ជមានកូវីដ-១៩ ទាំងអស់ រហូតដល់ថ្ងៃនេះ។
នេះជាការរៀបរាប់ របស់ លោក ប្រាក់ សុខុន ក្រោយព្រឹត្តិការណ៍ ៣វិច្ឆិកា ថ្ងៃទី១២ ខែវិច្ឆិកា នេះគឺចូលដល់ថ្ងៃទី១០ហើយ បើរាប់ពីថ្ងៃដែលខ្ញុំបានទទួលជួបប្រាស្រ័យការងារជាមួយ លោករដ្ឋមន្ត្រីការបរទេសហុងគ្រី Péter Szijjártó ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា។ ជារៀងរាល់ថ្ងៃ មានអ្នកសួរសុខទុក្ខខ្ញុំជាហូរហែថា តើខ្ញុំយ៉ាងម៉េចហើយ? មានបញ្ហាអីទេ? មានប្រែប្រួលក្នុងខ្លួនដែរឬអត់? [.............]
អ្នកខ្លះក៏ភិតភ័យខ្លាចខ្ញុំទទួលការចម្លងមេរោគពីលោករដ្ឋមន្រ្តីការបរទេសហុងគ្រី ដែលអាចនាំឱ្យរាលដាលដល់អ្នកផ្សេងទៀត ពិសេសក្រោយពេលមន្ត្រីនគរបាលយើងម្នាក់ដែលបំរើការជាអង្គរក្សជូនលោករដ្ឋមន្ត្រី ព្រមទាំងទូតហុងគ្រី និងមន្ត្រីជាន់ខ្ពស់របស់យើង២នាក់ទៀត រកឃើញថាមានមេរោគ Covid-19 ។ [..............]
លោក បញ្ជាក់ ក្រុមគ្រួសារខ្ញុំ អ្នកធ្វើការនៅក្នុងផ្ទះ ព្រមទាំងក្រុមគ្រួសាររបស់ពួកគាត់ និងរូបខ្ញុំផ្ទាល់ បានធ្វើតេស្តចំនួន២ដងហើយ ទទួលបានលទ្ធផលអវិជ្ជមានទាំងអស់គ្នា ព្រមទាំងមានសុខភាពល្អជាធម្មតា។
លោក ប្រាក់ សុខុន បានលើកឡើងថា លោក Péter Szijjártó ត្រូវបានផ្សព្វផ្សាយយ៉ាងល្បីល្បាញក្នុងបណ្តាញសង្គមនៅកម្ពុជា។ មានការធ្វើអត្ថាធិប្បាយបែបចំរុះស្តីពីដំណើរទស្សនកិច្ចរបស់គាត់មកភ្នំពេញ។ យ៉ាងណាក៏ដោយ គេមិនត្រូវភ្លេចទេថា លោក Szijjártó ជារដ្ឋមន្ត្រីការបរទេសនៃប្រទេសជាសមាជិកសហភាពអឺរ៉ុបមួយដែលតែងហ៊ានចេញមុខការពារយុត្តិធម៌ចំពោះកម្ពុជា។ គាត់គឺជាអ្នកក្រោកឡើង បន្លឺសំឡេងប្រឆាំងនឹងការជ្រៀតជ្រែកពីខាងក្រៅចូលកិច្ចការផ្ទៃក្នុងកម្ពុជា។ គាត់គឺជាអ្នកតវ៉ាប្រឆាំងនឹងការព្យួរភាពអនុគ្រោះពន្ធក្រោមក្របខ័ណ្ឌ EBA ២០ភាគរយ ពីកម្ពុជា។
លោក រដ្ឋមន្រ្តីក្រសួងការបរទសកម្ពុជា បានលើកហេតុផលដូច្នេះថា ឧប្បត្តិហេតុនៃការចម្លង Covid-19នេះ មិនអាចធ្វើឱ្យប៉ះពាល់ សាបរលាបបំណងល្អ ថ្លៃថ្នូរ ដិតដានដោយមិត្តភាពជ្រាលជ្រៅនៃដំណើរទស្សនកិច្ចរបស់លោក Szijjártó ដែលបាននាំមកនូវផលចំណេញដល់ទំនាក់ទំនងទ្វេភាគីរបស់យើងនោះទេ៕
ដោយ៖Moeun Dyna